កីឡាសិស្សថ្នាក់ជាតិ៖ គួរឲ្យភ្ញាក់ផ្អើលដែលកីឡាករតេក្វាន់ដូ WT មកពីតាមខេត្តដណ្ដើមបានមេដាយមុនគេ!

នូ មករា June 17, 2019


ភ្នំពេញ៖ កីឡាករវ័យក្មេង ឈន គឹមហាក់ ផ្នែកតេក្វាន់ដូ WT (World Taekwondo​ ដែលជាតេក្វាន់ដូស្ទីលរបស់កូរេខាងត្បូង) មកពីខេត្តរតនគិរីបានដណ្តើមមេដាយមាសលើវិញសាសម្តែងមេគុនឯកត្តជនបុរសនាព្រឹកថ្ងៃទី១៦ ខែមិថុនា ឆ្នាំ២០១៩ នៃព្រឹត្តិការណ៍ការប្រកួតកីឡាសិស្សថ្នាក់ជាតិ (National School Games) ឆ្នាំ២០១៩ នៅរាជធានីភ្នំពេញដោយរៀបចំដោយនាយកដ្ឋានអប់រំកាយ និងកីឡាសិស្ស-និស្សិត។ សូមបញ្ជាក់ថា វិញ្ញាសាសម្តែងខុសពីវិញ្ញាសាប្រយុទ្ធដោយអត្តពលិកត្រូវចាំដោយស្ទាត់ជំនាញលើមេគុនទាំងអស់ដែលគេតម្រូវឲ្យសម្តែងនោះ។ សម្រាប់វិញសាសម្តែងមេគុនឯកត្តជនបុរសនេះដែរជាលទ្ធផលកីឡាករវ័យក្មេង ឈន គឹមហាក់ មកពីខេត្តរតនគិរីដណ្តើមបានមេដាយមាស ចំណែកឯកីឡាករ សុខ សញ្ចនា មកពីខេត្តមណ្ឌលគិរីដណ្តើមបានមេដាយប្រាក់ និងកីឡាករ សែម សុខហៀង មកពីភ្នំពេញឈ្នះមេដាយសំរឹទ្ធ។

រីឯវិញ្ញាសាសម្តែងមេគុនឯកត្តជននារីជាលទ្ធផលគឺកីឡាការិនី ហែម សុធីរា មកពីខេត្តតាកែវទទួលបានមេដាយមាស កីឡាការិនី ព្រំ គឺមឡាង មកពីខេត្តបាត់ដំបងឈ្នះមេដាយប្រាក់ និងកីឡាការិនី ស៊ីម វឌ្ឃនា មកពីភ្នំពេញដណ្តើមបានមេដាយសំរឹទ្ធ។ ដោយឡែកវិញញ្ញាសាសម្តែងមេគុនឯកត្តជនបុរសនារីគឺមន្ទីរអប់រំកាយ និងកីឡាខេត្តកំពត ដណ្តើមបានមេដាយមាស មន្ទីរអប់រំកាយនិងកីឡាខេត្តតាកែវដណ្តើមបានមេដាយប្រាក់និងមន្ទីរអប់រំកាយនិងកីឡារាជធានីភ្នំពេញឈ្នះមេដាយសំរឹទ្ធ។

សម្រាប់ការប្រកួតដែលធ្វើនៅនៅអគារប៊ូយ៉ុងខ្មែរនៃពហុកីឡដ្ឋានជាតិអូឡាំពិកនេះមាន១០រាជធានី-ខេត្តចូលរួមដូចជា៖ រាជធានីភ្នំពេញ ខេត្តកណ្តាល ខេត្តតាកែវ ខេត្តកំពត ខេត្តកំពង់ចាម ខេត្តព្រៃវែង ខេត្តបាត់ដំបង ខេត្តសៀមរាប ខេត្តមណ្ឌលគិរី និងខេត្តរតនគិរិដែលមានកីឡាករកីឡាការិនីចំនួន ៩២នាក់ក្នុងនោះកីឡាការិនី ៤១នាក់។ គួរបញ្ជាក់ដែរថា វិញ្ញាសាមេគុនបែងចែកទៅតាមប្រភេទអាយុគឺឯកត្តជនបុរស (អាយុ ១៣-១៨ឆ្នាំ) វិញ្ញាសាមេគុន ឯកត្តជននារី (អាយុ ១៣-១៨ឆ្នាំ) វិញ្ញាសាមេគុន ជាគូបុរស-នារី (អាយុ ១៣-១៨ឆ្នាំ)។

ចំពោះវិញ្ញាសាប្រយុទ្ធឯកត្តជនបុរស(អាយុ១៣១៨ឆ្នាំ)ចាប់ពីទម្ងន់៥៩-៦៣គីឡូក្រាមនិងវិញ្ញាសាប្រយុទ្ធ ឯកត្តជននារី (អាយុ ១៣-១៨ឆ្នាំ)ចាប់ពីទម្ងន់ ៥៣-៥៧គីឡូក្រាម។ នៅក្នុងការប្រកួតកីឡាសិស្សថ្នាក់ជាតិ (National School Games) លើកទី១ឆ្នាំនេះ ក្រសួងអប់រំបានសម្រេចដាក់ ១១ប្រភេទកីឡារួមមាន៖ កីឡាបាល់ទាត់កីឡាបាល់ទះ កីឡាបាល់បោះកីឡា អត្តពលកម្មកីឡាប៉េតង់ កីឡាវាយកូនឃ្លីលើតុ កីឡាហែលទឹក កីឡាវាយសី កីឡាការ៉ាត់តេ កីឡាតេក្វាន់ដូWT និងកីឡាតេក្វាន់ដូITFដែលសរុបមាន៩៥វិញ្ញាសា៕
អត្ថបទ៖ វ៉ាន្នី

មតិយោបល់