រត់ប្រណាំងភ្នំពេញពាក់កណ្ដាលម៉ារ៉ាតុងអន្តរជាតិ លើកទី៩ មានអ្នកចូលរួមជាង ៦ពាន់នាក់

មាស សុផាណារ៉ុង June 16, 2019


 

ភ្នំពេញ៖ ព្រឹត្តិការណ៍រត់ប្រណាំងភ្នំពេញពាក់កណ្ដាលម៉ារ៉ាតុងអន្តរជាតិ លើកទី៩ ដើម្បីអបអរព្រះរាជពិធី ចម្រើនព្រះជន្មសម្តេចព្រះមហាក្សត្រី នរោត្តម មុនិនាថ សីហនុ ព្រះវររាជមាតាជាតិខ្មែ នៅមុខព្រះបរមរាជវាំង នាព្រឹកថ្ងៃទី១៦ ខែមិថុនា មានអ្នកចូលរួមចំនួន ៦,២៩៨នាក់ ឯកឧត្តម ថោង ខុន ប្រមុខកីឡាអូឡាំពិកកម្ពុជា បានអញ្ជើញចូលរួមក្នុងពិធីបាញ់កាំភ្លើងនៃការចេញដំណើររត់នៅមុខ ព្រះបរមរាជវាំង តែម្ដង។

តាមការឲ្យដឹងក្នុងចំណោមអ្នកចូលរួមចំនួន ៦,២៩៨នាក់ ក្នុងនោះមានជនជាតិបរទេស ចូលរួមចំនួន ៥២៤នាក់ មកពី ៣៥ប្រទេស ក្នុងនោះជនជាតិចិន នៅលំដាប់ទី១ ជប៉ុនលំដាប់ទី២ និងហ្វីលីពីនលំដាប់ទី៣ ខណៈកម្ពុជា ដែលចូលរួមមានចំនួន ៥,០៧៤នាក់ កំណើន ២០% បើប្រៀបធៀបនឹងឆ្នាំ២០១៨។ ព្រឹត្តិការណ៍នេះមានរត់ ២១គីឡូម៉ែត្រ, រត់១០គីឡូម៉ែត្រ, និងរត់៣គីឡូម៉ែត្រ ជាលក្ខណៈគ្រួសារ

ចំពោះលទ្ធផលវិញ្ញាសារត់ពាក់កណ្ដាលម៉ារ៉ាតុង (២១គីឡូម៉ែត្រ) នារី ចំណាត់ថ្នាក់លេខ១ បានទៅកីឡាការិនីជប៉ុន លេខ២ អ៊ុយក្រែន និងលេខ៣ ហ្វីលីពីន៖

  • ចំណាត់ថ្នាក់លេខ១ កីឡាការិនីជប៉ុន Sasaki Natsuko រត់ក្នុងថិរវេលា ១ម៉ោង ៤១នាទី ៤៧វិនាទី
  • ចំណាត់ថ្នាក់លេខ២ កីឡាការិនីអ៊ុយក្រែន Giallombardo Harriet រត់ក្នុងថិរវេលា ១ម៉ោង ៥១នាទី ២៥វិនាទី
  • ចំណាត់ថ្នាក់លេខ៣ កីឡាការិនីហ្វីលីពីន Buhawe Christine Joy រត់ក្នុងថិរវេលា ២ម៉ោង ០០នាទី ៣១វិនាទី

រត់២១គីឡូម៉ែត្របុរសចំណាត់ថ្នាក់លេខ១បានទៅកីឡាករជប៉ុន លេខ២ កម្ពុជា ( សញ្ជាតិដើមជប៉ុន ) និងលេខ៣ ជប៉ុន៖

  • ចំណាត់ថ្នាក់លេខ១ កីឡាករជប៉ុន Makino Saeki រត់ក្នុងថិរវេលា ១ម៉ោង ១០នាទី ២៧វិនាទី
  • ចំណាត់ថ្នាក់លេខ២ កីឡាករកម្ពុជា ( សញ្ជាតិដើមជប៉ុន ) Takizaki Kuniaki រត់ក្នុងថិរវេលា ១ម៉ោង ១៦នាទី ២៦វិនាទី
  • ចំណាត់ថ្នាក់លេខ៣ កីឡាករជប៉ុន Yamuchi Daisuke រត់ក្នុងថិរវេលា ១ម៉ោង ១៩នាទី ០៣វិនាទី

រត់១០គីឡូម៉ែត្របុរស លេខ១បានទៅកីឡាករ វ៉ាន់ ភារ៉ា រត់ក្នុងថិរវេលា ៣៧នាទី ២៥វិនាទី, លេខ២កីឡាករ ឈុន ប៊ុនថន រត់ក្នុងថិរវេលា ៣៩នាទី ១៩វិនាទី និងលេខ៣កីឡាករ ជា សម្ផស្ស រត់ក្នុងថិរវេលា ៣៩នាទី ៣៨វិនាទី សុទ្ធសឹងតែជាកីឡាករកម្ពុជាទាំងអស់។ រត់១០គីឡូម៉ែត្រនារីចំណាត់ថ្នាក់លេខ១ កីឡាការិនីកម្ពុជា ហេង ម៉ីជូ លេខ២កីឡាការិនីញូហ្ស៊េឡិន និងចំណាត់ថ្នាក់លេខ៣ កីឡាការិនីជប៉ុន Fukuoka Fumie។

ចំពោះរត់កំសាន្ដ៣គីឡូម៉ែត្រជាលក្ខណៈគ្រួសារបុរសលេខ១ កីឡាករ សាត ឧត្តម រត់ក្នុងថិរវេលា ១០នាទី ០៣វិនាទី៤៣, លេខ២កីឡាករ ណោង រុំ រត់ក្នុងថិរវេលា ១០នាទី ២២វិនាទី៩៣ និងលេខ៣កីឡាករ ព្រំ ធីរ៉ា រត់ក្នុងថិរវេលា ១០នាទី ២៦វិនាទី៨០ ខណៈរត់៣គីឡូម៉ែត្រជាលក្ខណៈគ្រួសារនារីលេខ១ កីឡាការិនី ទូច រក្សា រត់ក្នុងថិរវេលា ១២នាទី ៤១វិនាទី៩៦ លេខ២ កីឡាការិនី សៅ ឡៃហ៊ាង រត់ក្នុងថិរវេលា ១៣នាទី ១១វិនាទី៤៧ និងលេខ៣កីឡាការិនី ផល រចនា រត់ក្នុងថិរវេលា ១៣នាទី ៥០វិនាទី៩៣។

 

ព្រឹត្តិការណ៍នេះ មិនត្រឹមតែជាការប្រកួតរត់ប្រណាំងផង និងរត់បែបកម្សាន្តផងនោះទេ វាក៏ជាព្រឹតិ្តការណ៍ដែល ផ្សព្វផ្សាយការធ្វើម្ចាស់ផ្ទះព្រឹត្តិការណ៍កីឡាអាស៊ីអាគ្នេយ៍ SEA-Games 2023 ផ្សព្វផ្សាយការរត់ ដើម្បីទីក្រុងស្អាត-បៃតង និងប្រមូលថវិកាសប្បុរសជនជួយដល់មន្ទីរពេទ្យគន្ធបុប្ផា ផងដែរ៕

 

អត្ថបទ៖ វ៉ាន្នី

មតិយោបល់