ការប្រកួតកីឡាសិស្សថ្នាក់ជាតិ៖ កីឡាតេក្វាន់ដូ ITF បញ្ចប់ការប្រកួតមុនគេ ដោយខេត្តស្ទឹងត្រែង គ្រងតំណែងជើងឯក

មាស សុផាណារ៉ុង June 13, 2019


 

ភ្នំពេញ៖ ការប្រកួតកីឡាសិស្សថ្នាក់ជាតិ លើកទី១ ( The 1st National School Games ) សម្រាប់ប្រភេទកីឡាតេក្វាន់ដូ ITF ( International Taekwondo Federation ) បានបញ្ចប់ការប្រកួតហើយនៅព្រឹកថ្ងៃទី១៣ ខែមិថុនា។

ប្រភេទកីឡានេះមានកីឡាករ-កីឡាការិនី មកពី៨ រាជធានី-ខេត្ត ចូលរួមដែលមានអត្តពលិកចំនួន៨១រូប ក្នុងនោះមាន៤០រូប ជាកីឡាការិនី ជាមួយនឹងវិញ្ញាសាដែលដាក់ឲ្យប្រកួតមានចំនួន១២។ លោក កែវ រ៉េមី ប្រធានសហព័ន្ធកីឡាតេក្វាន់ដូ ITF កម្ពុជា និងលោក ដួង មាសចំរើន ប្រធាននាយកដ្ឋានសិស្ស-និស្សិត នាព្រឹកថ្ងៃទី១៣ ខែមិថុនា ឆ្នាំ២០១៩ បានអញ្ជើញចូលរួមពិធីប្រគល់មេដាយ និងជ័យលាភីដល់កីឡាករ-កីឡាការិនី នៅអាគារប៊ូយ៉ុងខ្មែរ ក្នុងពហុកីឡដ្ឋានជាតិ។

ក្នុងការប្រកួតនេះមន្ទីរអប់រំ យុវជន និងកីឡា ខេត្តស្ទឹងត្រែង ដណ្តើមបានមេដាយច្រើនជាងគេ ពោលគឺចំនួន៩គ្រឿងឈរកំពូលតារាង ដោយក្នុងនោះមេដាយមាសចំនួន៤គ្រឿង មេដាយប្រាក់ចំនួន៤គ្រឿង និងមេដាយសំរឹទ្ធចំនួន១គ្រឿង។

សរុបចំណាត់ថ្នាក់ជាបន្តបន្ទាប់ ជាមួយមេដាយមានដូចតទៅ៖

  • មន្ទីរអប់រំ យុវជន និងកីឡា ខេត្តកំពង់ស្ពឺ ទទួលបានមេដាយចំនួន១០គ្រឿង: មេដាយមាស៣ ប្រាក់៤ និងសំរឹទ្ធ៣
  • មន្ទីរអប់រំ យុវជន និងកីឡា ខេត្តប៉ៃលិន ទទួលបានមេដាយចំនួន៥គ្រឿង: មាស៣ មេដាយប្រាក់១ និងសំរឹទ្ធ
  • មន្ទីរអប់រំ យុវជន និងកីឡា ខេត្តបន្ទាយមានជ័យ ទទួលបានមេដាយ៥គ្រឿង: មាស១ ប្រាក់១ និងសំរឹទ្ធ៣
  • មន្ទីរអប់រំ យុវជន និងកីឡា ខេត្តតាកែវ ទទួលបានមេដាយចំនួន៥គ្រឿង: មាស១ និងសំរឹទ្ធ៤
  • មន្ទីរអប់រំ យុវជន និងកីឡា ខេត្តត្បូងឃ្មុំ ទទួលបានមេដាយចំនួន៥គ្រឿង: ប្រាក់១ និងសំរឹទ្ធ៤
  • មន្ទីរអប់រំ យុវជន និងកីឡា រាជធានីភ្នំពេញ ទទួលបានមេដាយចំនួន២គ្រឿង: ប្រាក់១គ្រឿង និងសំរឹទ្ធ១
  • មន្ទីរអប់រំ យុវជន និងកីឡា ខេត្តកណ្តាល ទទួលបានមេដាយសំរឹទ្ធចំនួន ៣គ្រឿង

គួរដឹងដែរថា ការប្រកួតកីឡាសិស្សថ្នាក់ជាតិ លើកទី១ នេះមានមេដាយសរុបចំនួន៦៧៩គ្រឿង ក្នុងនោះមេដាយមាស២១៩គ្រឿង មេដាយប្រាក់២១៩គ្រឿង និងមេដាយសំរឹទ្ធចំនួន២៤១គ្រឿង។ ប្រភេទកីឡាចំនួន១១ ដែលមានចំនួន៩៥វិញ្ញាសា ត្រូវបានដាក់ឲ្យប្រកួត។ កីឡាករ-កីឡាការិនី ដែលចូលរួម ប្រកួតមានចំនួន ៣,៣៩០នាក់ ដោយមិនរាប់បញ្ចូលនូវនាយបេសកកម្ម មន្ត្រីដឹកនាំ និងគ្រូបង្វឹក៕

 

រូបភាព៖ អគ្គនាយកដ្ឋានកីឡា

អត្ថបទ៖ វ៉ាន្នី

មតិយោបល់