ការប្រកួតកីឡាសិស្សថ្នាក់ជាតិ៖ ខេត្តកំពង់ស្ពឺ កំពុងនាំមុខមេដាយជាបណ្ដោះអាសន្ន

មាស សុផាណារ៉ុង June 13, 2019


 

ភ្នំពេញ៖ ការប្រកួតកីឡាសិស្ស លើកទី១ (The 1st National School Games) កំពុងតែដំណើរការទៅបានយ៉ាងល្អហើយមកទល់ពេលនេះប្រភេទកីឡាខ្លះបានបញ្ចប់ទៅហើយ។

ជាបណ្ដោះអាសន្នគិតត្រឹមថ្ងៃទី១២ ខែមិថុនា ក្នុងចំណោមរាជធានី-ខេត្ត ទាំង២៥ ដែលចូលរួមនោះមាន៨ រាជធានី-ខេត្ត ហើយដែលដណ្ដើមបានមេដាយក្នុងនោះ ខេត្តកំពង់ស្ពឺ ដណ្ដើមបានមេដាយច្រើនជាងគេ។

តាមតារាងមេដាយដែលបញ្ចេញឲ្យដឹងពីនាយកដ្ឋានអប់រំកាយ និងកីឡាសិស្ស-និស្សិត នោះខេត្តកំពង់ស្ពឺ រកបានមេដាយចំនួន៩គ្រឿង គឺមេដាយមាស៣គ្រឿង ប្រាក់៣គ្រឿង និងសំរិទ្ធ៣គ្រឿង។ ខេត្តស្ទឹងត្រែង ដែលឈរនៅលំដាប់ទី២ នោះដណ្ដើមបានមេដាយសរុបចំនួន៦គ្រឿង គឺមេដាយមាស៣គ្រឿង ប្រាក់២គ្រឿង និងសំរិទ្ធ១គ្រឿង, ខេត្តប៉ៃលិន ឈរនៅលំដាប់ថ្នាក់ទី៣ ដណ្ដើមបានមេដាយ៤គ្រឿង គឺមាស២គ្រឿង ប្រាក់១គ្រឿង និងសំរិទ្ធ ១គ្រឿង, ខេត្តបន្ទាយមានជ័យ ដណ្ដើមបានមេដាយ៥គ្រឿង គឺមាស១គ្រឿង ប្រាក់១គ្រឿង និងសំរិទ្ធ៣គ្រឿង, ខេត្តត្បូងឃ្មំ ដណ្ដើមបានមេដាយ៥គ្រឿង គឺប្រាក់១គ្រឿង និងសំរិទ្ធ៤គ្រឿង, រាជធានីភ្នំពេញ ដណ្ដើមបានមេដាយ៣គ្រឿងគឺមេដាយប្រាក់១គ្រឿង សំរិទ្ធ២គ្រឿង, ខេត្តតាកែវដណ្ដើមបាន មេដាយសំរិទ្ធ៤គ្រឿង និងខេត្តកណ្ដាលដណ្ដើមបានមេដាយសំរិទ្ធ៣គ្រឿង។

ការប្រកួតកីឡាសិស្សថ្នាក់ជាតិ លើកទី១ នេះមានមេដាយសរុបចំនួន៦៧៩គ្រឿង ក្នុងនោះមេដាយមាស២១៩គ្រឿង មេដាយប្រាក់២១៩គ្រឿង និងមេដាយសំរិទ្ធចំនួន២៤១គ្រឿង។ ប្រភេទកីឡាចំនួន១១ ដែលមានចំនួន៩៥វិញ្ញាសា ត្រូវបានដាក់ឲ្យប្រកួត។ កីឡាករ-កីឡាការិនី ដែលចូលរួម ប្រកួតមានចំនួន៣.៣៩០នាក់ ដោយមិនរាប់បញ្ចូលនូវនាយបេសកកម្ម មន្ត្រីដឹកនាំ និងគ្រូបង្វឹក៕

 

រូបភាព៖ អគ្គនាយកដ្ឋានកីឡា

អត្ថបទ៖ វ៉ាន្នី

មតិយោបល់