អគ្គលេខាធិការសហព័ន្ធកីឡាទូកកានូនិងរ៉ូអ៊ីងកម្ពុជា ប្រកាសផ្តល់ការលើកទឹកចិត្តដ៏ពិសេសបើកីឡាករឈ្នះមេដាយសុីហ្គេមឆ្នាំនេះ!

នូ មករា June 12, 2019


ភ្នំពេញ៖ លោកឧត្តមសេនីយ៍ឯក ជា ប៊ុនហេង ប្រធានអង្គភាពកីឡានគរបាលជាតិកម្ពុជានិងជាអគ្គលេខាធិការសហព័ន្ធកីឡាទូកកានូនិងរ៉ូអ៊ីងកម្ពុជាបានអះអាងថា ប្រសិនបើកីឡាករទូកដណ្ដើមបានមេដាយពីស៊ីហ្គេមលើកទី៣០ នៅប្រទេសហ្វីលីពីននាចុងឆ្នាំនេះលោកធានាថានឹងសុំទៅសម្ដេចក្រឡាហោម​ ស​ ខេង ដើម្បីសុំក្របខណ្ឌនគរបាលឲ្យតែម្តង។ លោកបានអះអាងបែបនេះនាព្រឹកថ្ងៃទី១២ ខែមិថុនានេះក្នុងឱកាសនាំយកថវិកាចំនួន ២០លានរៀលរបស់សម្ដេចក្រឡាហោមផ្ដល់ជាការលើកទឹកចិត្តដល់កីឡាករទូកដែលដណ្ដើមបានមេដាយមេដាយប្រាក់ និងសំរឹទ្ធពីការប្រកួតកីឡាទូកប្រពៃណីខ្នាតអន្តរជាតិ “ទូកនាគ” អន្តរជាតិចិន-អាស៊ានលើកទី១៥ នាពេលកន្លងមក។

លោកឧត្តមសេនីយ៍ឯកមានប្រសាសន៍ថា សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រីនិងជាប្រធានសហព័ន្ធកីឡាទូកកានូនិងរ៉ូអ៉ីងកម្ពុជាបានឧបត្ថម្ភថវិកាលើកទឹកចិត្តចំនួន ២០លានរៀលនិងលោក ប៉ាន សូរស័ក្តិ រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្មនិងជាអនុប្រធានសហព័ន្ធកីឡាទូកកានូនិងរ៉ូអ៉ីងកម្ពុជាក៏បានឧបត្ថម្ភថវិកាលើកទឹកចិត្តចំនួន១០លានរៀលដល់ប្រតិភូ គ្រូបង្វឹក កីឡាករទូកប្រពៃណីជម្រើសជាតិកម្ពុជា ដែលដណ្តេមបានមេដាយចំនួន០២គ្រឿងនៅចិនពោលគឺមេដាយប្រាក់ ១គ្រឿង និងមេដាយសំរឹទ្ធ ១គ្រឿងពីព្រឹត្តិការណ៍ប្រកួតកីឡាទូកប្រពៃណីខ្នាតអន្តរជាតិ “ទូកនាគ” អន្តរជាតិចិន-អាស៊ានលើកទី ១៥ “ The 15th China-ASEAN ( Nanning) International Dragon Boat ” ដែលប្រព្រឹត្តទៅថ្ងៃទី០៧ ខែមិថុនា ឆ្នាំ២០១៩ នៅទីក្រុងណាននីង។

 

លោកបានបន្តថា តាំងពីសហព័ន្ធទូកធ្វើការកែទម្រង់មកសមត្ថភាពរបស់កីឡាករមានការរីកចម្រើននេះក៏ដោយសារតែមានការលើកទឹកចិត្តពីប្រធានសហព័ន្ធ និងអង្គភាពកីឡានគរបាលជាតិកម្ពុជា ដោយលោកបានបញ្ជាក់ថា ចង់ឲ្យកីឡាខ្លាំងត្រូវតែមានការលើកទឹកចិត្តនិងកុំចង់ស៊ីដាច់លុយកីឡាករឲ្យសោះព្រោះការស៊ីដាច់លុយកីឡាករមានន័យថាអារកខ្យងយកឈាមហើយ!។ គួររំលឹកថា ក្នុងការប្រកួតខាងលើនេះបានទទួលការអនុញ្ញាតពីសម្តេចក្រឡាហោម ស ខេង ប្រធានសហព័ន្ធកីឡាទូកានូ និងរ៉ូអ៉ីងកម្ពុជា និងក្រសួងអប់រំយុវជននិងកីឡា ដោយបានបញ្ជូនក្រុមប្រតិភូកីឡាទូកប្រពៃណីខ្នាតអន្តរជាតិចំនួន១៦រូបចូលរួម។ ជាលទ្ធផលកម្ពុជាឈ្នះមេដាយប្រាក់លើវិញ្ញាសាចម្ងាយ៥០០ម៉ែត្រចំណុះ១២នាក់ និងមេដាយសំរឹទ្ធទទួលបានលើវិញ្ញាសាចម្ងាយ ២០០ ម៉ែត្រ ចំណុះ ១២នាក់៕
អត្ថបទ៖ វ៉ាន្នី

មតិយោបល់