កម្ពុជា ទទួលធ្វើជាម្ចាស់ផ្ទះបើកកិច្ចប្រជុំក្រុមប្រឹក្សាកីឡាសាកលវិទ្យាល័យអាស៊ាន

មាស សុផាណារ៉ុង June 11, 2019


 

ភ្នំពេញ៖ ឯកឧត្តម ស សុខា រដ្ឋលេខាធិការនៃក្រសួងអប់រំ យុវជន និងកីឡា និងជាប្រធានសហព័ន្ធកីឡាសិស្ស-និស្សិតកម្ពុជា និងលោក Muhd Rushdan bin Mohd Jailani ជាប្រធានក្រុមប្រឹក្សាកីឡាសាកលវិទ្យាល័យអាស៊ាន និងប្រទេសជាសមាជិកកីឡាសាកលវិទ្យាល័យអាស៊ានទាំង១១ នឹងអញ្ជើញចូលរួមពិធីបើកកិច្ចប្រជុំក្រុមប្រឹក្សាកីឡាសាកលវិទ្យាល័យអាស៊ាន ( AUSC ) លើកទី២៤ សណ្ឋាគារ Green Palace ថ្ងៃទី១១ ខែមិថុនា ឆ្នាំ២០១៩។

ឯកឧត្តម ស សុខា បានមានប្រសាសន៍ក្នុងឱកាសពិធីបើកកិច្ចប្រជុំថា៖ «ថ្ងៃនេះក្នុងនាមក្រសួងអប់រំ យុវជន និងកីឡា សហព័ន្ធកីឡាសិស្ស-និស្សិតកម្ពុជា និងក្នុងនាមខ្លួនខ្ញុំផ្ទាល់ខ្ញុំមានក្តីសោមនស្សរីករាយ ក្រៃលេងបំផុតដែលបានចូលរួមជាអធិបតី និងបានទទួលធ្វើជាម្ចាស់ផ្ទះនៃកិច្ចប្រជុំក្រុមប្រឹក្សាកីឡាសាកលវិទ្យាល័យ លើកទី២៤ ( 24th AUSC Meeting ) នៅរាជធានីភ្នំពេញ ប្រទេសកម្ពុជា នាឱកាសនេះ។»

លោកបានបន្តថា៖ «ក្នុងនាមឯកឧត្តមបណ្ឌិតសភាចារ្យរដ្ឋមន្ត្រី ក្រសួងអប់រំ យុវជន និងកីឡា ស្វាគមន៍យ៉ាងកក់ក្តៅបំផុតចំពោះវត្តមានប្រធាន អនុប្រធាន សមាជិកក្រុមប្រឹក្សាកីឡាសាកលវិទ្យាល័យអាស៊ាន និងប្រធានប្រតិភូតំណាងប្រទេសក្នុងតំបន់អាស៊ាន ដែលមានវត្តមានចូលរួមក្នុងកិច្ចប្រជុំថ្ងៃនេះ។ ការប្រជុំក្រុមប្រឹក្សាកីឡាសាកលវិទ្យាល័យអាស៊ាន លើកទី២៤ នេះ គឺដើម្បីប្រជុំតាមដានក៏ដូចជាប្រជុំ ដើម្បីបូកសរុបលទ្ធផលការងារប្រចាំឆ្នាំជូនក្រុមប្រឹក្សាកីឡាសាកលវិទ្យាល័យក៏ដូចជាពង្រឹងការទំនាក់ទំនងរវាងសមាជិក នៃប្រទេសក្នុងតំបន់អាស៊ាន។»

លោករដ្ឋលេខាធិការ បានបន្ថែមទៀតថានេះជាមោទនភាពដ៏ធំធេងណាស់ដោយអាស្រ័យលើកំណើនសេដ្ឋកិច្ចរីកចម្រើនដ៏រឹងមាំ និងក្រោមម្លប់នៃសន្តិភាពពេញលេញ ដែលដឹកនាំ យកចិត្តទុកដាក់ និងទទួលខុសត្រូវខ្ពស់ ពីប្រមុខរាជរដ្ឋាភិបាលកម្ពុជា ដែលមាន សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ដែលជាប្រមុខដឹកនាំប្រកបដោយគតិបណ្ឌិត ធ្វើឲ្យព្រះរាជាណាចក្រកម្ពុជា មានការរីកចម្រើនលើគ្រប់វិស័យ៕

 

រូបភាព៖ អគ្គនាយកដ្ឋានកីឡា

អត្ថបទ៖ វ៉ាន្នី

មតិយោបល់