កម្ពុជា នឹងរៀបចំព្រឹត្តិការណ៍ប្រណាំងកង់ពិភពលោក នៅតំបន់ឆ្នេរសមុទ្រ លើកទី១

មាស សុផាណារ៉ុង June 8, 2019


 

ភ្នំពេញ៖ កម្ពុជានឹងធ្វើជាម្ចាស់ផ្ទះនៃព្រឹត្តិការណ៍ប្រណាំងកង់ពិភពលោក នៅតំបន់ឆ្នេរសមុទ្រកម្ពុជា លើកទី១ ដែលព្រឹត្តិការណ៍នេះកើតឡើងពីការសហការគ្នារវាង ក្រសួងទេសចរណ៍ គណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា សហព័ន្ធប្រណាំងកង់អន្តរជាតិ និងសហព័ន្ធកីឡាប្រណាំងកង់កម្ពុជា។

ថ្លែងក្នុងសន្និសិទកាសែតនាល្ងាចថ្ងៃទី០៧ ខែមិថុនា ឯកឧត្តម វ៉ាត់ ចំរើន រដ្ឋលេខាធិការក្រសួងទេសចរណ៍ និងជាអគ្គលេខាធិការគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា មានប្រសាសន៍ថា នេះជាព្រឹត្តិការណ៍កីឡា និងកម្រិតខ្ពស់មួយដែលអ្នកចូលរួមសុទ្ធតែជាអ្នកប្រណាំងកង់កម្រិតអាជីពលើពិភពលោក។ កម្ពុជាទោះបីកម្រិតនៅទាបជាងគេក៏កម្ពុជាមានមួយក្រុមចូលរួមដែរ។

ព្រឹត្តិការណ៍នេះក៏ជាឱកាសមួយសម្រាប់អ្នកជិះកង់កម្ពុជាអភិវឌ្ឍន៍ខ្លួនដើម្បីត្រៀមស៊ីហ្គេមឆ្នាំ២០២៣។ ព្រឹត្តិការណ៍នេះនឹងមានអ្នកជិះកង់អាជីពមកពីប្រទេសនានាលើពិភពលោក យ៉ាងហោចណាស់ពី១៩ ទៅ ២០ប្រទេសផងដែរ។ ចំពោះកីឡាករអាចមានពី១០០នាក់ជាង ទៅ៣០០នាក់។ កម្ពុជាមិនទាន់អាចមានលទ្ធភាពទទួលកីឡាករបរទេសឲ្យបានច្រើនលើសនេះបានទេ។

លោក នី ផល្លី អគ្គលេខាធិការរងគណៈកម្មាធិការជាតិគ្រប់គ្រង និងអភិវឌ្ឍន៍តំបន់ឆ្នេរសមុទ្រកម្ពុជា បានធ្វើការបង្ហាញថាការប្រកួតដែលធ្វើលើចម្ងាយផ្លូវ ៤៦៨គីឡូម៉ែត្រ ហើយចែកចេញជា ៣ដំណាក់កាល។ ការប្រណាំងនឹងធ្វើនៅដើមខែមករា ឆ្នាំ២០២០ ពោលគឺ៖

  • ថ្ងៃទី០២ និងទី០៣ ខែមករា ឆ្នាំ២០២០ ជាថ្ងៃជួបជុំហាត់ត្រៀម និងសម។
  • ថ្ងៃទី០៤ ខែមករា គឺជាការប្រណាំងដំណាក់កាលទី១ ដោយចេញដំណើរពីរមណីយដ្ឋានតារាសាគរខេត្តកោះកុង ឆ្លងកាត់រង្វង់មូលវិថី សាយ ភូថង ឆ្ពោះមកកាន់ទីរួមខេត្តកោះកុង ដែលមានចម្ងាយផ្លូវ១៣៩គីឡូម៉ែត្រ។
  • ថ្ងៃទី០៥ ខែមករា គឺជាការប្រណាំងតំណាក់កាលទី២ ចេញដំណើរពីរង្វង់មូលតារាសាគរខេត្តកោះកុង ឆ្លងកាត់មកផ្លូវបំបែកស្រែអំបិលឆ្ពោះទៅរង្វង់មូលវាលរេញ និងបន្តទៅកាន់រមណីយដ្ឋានឋានសួគ៌បូកគោខេត្តកំពត ដែលមានចម្ងាយផ្លូវ១៧៤គីឡូម៉ែត្រ។
  • ថ្ងៃ០៦ ខែមករា ដែលជាការប្រណាំងដំណាក់កាលទី៣ គឺចេញដំណើរពីមុខសាលាខេត្តកែប ឆ្លងកាត់រង្វង់មូល សេះស ឆ្ពោះទៅរង្វង់មូលធុរេន ខេត្តកំពត និងបន្តទៅកាន់រង្វង់មូលវាលរេញ ដោយបញ្ចប់នៅរង្វង់មូលតោ២ ខេត្តព្រះសីហនុ ដែលមានចម្ងាយផ្លូវ១៥៥គីឡូម៉ែត្រ រួមបញ្ចូលទាំងការជិះជុំវិញខេត្តព្រះសីហនុ ចំនួន៣ជុំទៀតផង។

លោក Bruno Bodard អគ្គនាយកក្លឹបឆ្នេរសមុទ្រដែលស្អាតបំផុតលើពិភពលោក ដែលចូលរួមក្នុងសន្និសីទសារព័ត៌មាននេះដែរផងនោះបានបញ្ជាក់ថា កាលពីបុណ្យសមុទ្រលើកទី៧ នៅខេត្តកោះកុង ឆ្នាំ២០១៨ លោកបានជួបសំដែងការគួរសមជាមួយ សម្ដេចតេជោ ហ៊ុន សែន ប្រមុខរាជរដ្ឋាភិបាលកម្ពុជា សម្ដេចតេជោរីករាយគាំទ្រឲ្យកម្ពុជារៀបចំព្រឹត្តិការណ៍ប្រណាំងនេះ។

ការប្រណាំងនេះ គឺជាការប្រណាំងកម្រិតដំបូងដែលកម្ពុជាបានទទួលពិន្ទុពីសហព័ន្ធប្រណាំងកង់អន្តរជាតិ ២,២។ បើកម្ពុជារៀបចំបានល្អប្រណាំងលើកក្រោយនឹងមានកម្រិតធំជាងនេះហើយការប្រណាំង កាន់តែមានច្រើនដំណាក់កាល។

ឯកឧត្តម វ៉ាត់ ចំរើន បានពន្យល់ថា កីឡាករដែលចូលរួមក្នុងព្រឹត្តិការណ៍នេះគឺបានទទួលពិន្ទុសន្សំពីសហព័ន្ធអន្តរជាតិ។ ការបានទទួលពិន្ទុបែបនេះចំណាត់ថ្នាក់ពិភពលោក (World Ranking) នឹងកាន់តែល្អ ហើយពេលដែលពិន្ទុឡើងដល់កម្រិតកំណត់នោះនឹងអាចចូលរួមប្រកួតក្នុងព្រឹត្តិការណ៍ធំៗ ពិសេសប្រកួតកីឡាអូឡាំពិក ដោយមិនចាំបាច់ឆ្លងកាត់ការប្រកួតជម្រុះ។

ឯកឧត្តមអគ្គលេខាធិការបញ្ចាក់ទៀតថា ការប្រណាំងនេះគណៈកម្មការរៀបចំ ត្រូវសហការ ជាមួយស្ថាប័នមានសមត្ថកិច្ចគ្រប់ថ្នាក់ អាជ្ញាធរមូលដ្ឋាន ព្រោះការជិះនេះស្ថិតក្នុងកម្រិតពី៤០ ទៅ៤៥គីឡូម៉ែត្រ ក្នុងមួយម៉ោង៕

 

រូបភាព៖ គណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា – NOCC

អត្ថបទ៖ វ៉ាន្នី 

មតិយោបល់