អត្តពលិក ចំនួន៣,៣៩០នាក់ នឹងចូលរួមការប្រកួតកីឡាសិស្សថ្នាក់ជាតិ លើកទី១

មាស សុផាណារ៉ុង June 6, 2019


 

ភ្នំពេញ៖ ការប្រកួតកីឡាសិស្សថ្នាក់ជាតិ លើកទី១ ( 1st National School Games ) នឹងធ្វើពិធីបើកការប្រកួតជាផ្លូវការនៅថ្ងៃទី១១ ដោយគ្រោងនឹងមានវត្តមានអត្តពលិកចំនួន ៣,៣៩០នាក់ ចូលរួមព្រឹត្តិការណ៍នេះ។

កន្លងមកការប្រកួតកីឡាសិស្ស បែបនេះគឺធ្វើតែ ៤ប្រភេទកីឡាប៉ុណ្ណោះគឺ បាល់ទាត់, បាល់ទះ, បាល់បោះ និងប្រភេទកីឡាអត្តពលកម្ម ប៉ុន្តែសម្រាប់ឆ្នាំ២០១៩នេះ និងឆ្នាំបន្តបន្ទាប់ទៀត គឺការប្រកួតធ្វើឡើងជាពហុប្រភេទកីឡា និងធ្វើតាមរូបភាពជាហ្គេមតែម្ដង។ សម្រាប់ឆ្នាំ២០១៩ ដែលជាឆ្នាំដំបូងនេះត្រូវបានដាក់កីឡាចំនួន១១ប្រភេទឲ្យប្រកួត ដែលរួមមានចំនួន ៩៥វិញ្ញាសា និងមានអត្តពលិកចំនួន ៣.៣៩០នាក់ ចូលរួម។

លោក ឈុន ចាន់ធូ អគ្គនាយករងនៃអគ្គនាយកដ្ឋានកីឡា បានឲ្យដឹងថាការប្រកួតកីឡាសិស្សថ្នាក់ជាតិ លើកទី១ នេះទាំងកីឡាករ- កីឡាការិនី គ្រូបង្វឹក និងនាយបេសកកម្ម មានចំនួនសរុប ៣,៤៤៥នាក់ ក្នុងនោះ ៣,៣៩០នាក់ ជាកីឡាករ-កីឡាការិនី។

កីឡាទាំង ១១ប្រភេទនោះរួមមានកីឡាបាល់ទាត់, កីឡាបាល់ទះ, កីឡាបាល់បោះកីឡា, អត្តពលកម្ម, កីឡាប៉េតង់, កីឡាវាយកូនឃ្លីលើតុ, កីឡាហែលទឹក, កីឡាវាយសី, កីឡាការ៉ាត់តេ, កីឡាតេក្វាន់ដូ WT និងកីឡាតេក្វាន់ដូ ITF ហើយក្នុងអំឡុងពេលប្រកួតនេះ ក្រសួងអប់រំ យុវជន និងកីឡា បានជួលសណ្ឋាគារ និងផ្ទះសំណាក់ ចំនួន ៨២៥បន្ទប់ សម្រាប់ការស្នាក់នៅរបស់ កីឡាករ-កីឡាការិនី គ្រូបង្វឹក និងមន្ត្រីដែលជានាយបេសកកម្ម មកពី២៥ រាជធានី-ខេត្ត ហើយសម្រាប់មួយខេត្ត និងមួយរាជធានី បានទទួលរថយន្តចំណុះ ២៥កៅអីមួយគ្រឿង សម្រាប់សម្រាប់ដឹកកីឡាករ- កីឡាការិនី ទៅប្រកួត និងត្រឡប់មកវិញ។

លោក ព្រំ ប៊ុណ្ណយី ទីប្រឹក្សាក្រសួងអប់រំ យុវជន និងកីឡា មានប្រសាសន៍ថាកីឡាករ-កីឡាការិនី ដែលអាចចូលរួមប្រកួតបានត្រូវតែមានអាយុក្រោម១៨ឆ្នាំ បើលើសពី១៨ឆ្នាំ មានន័យថាពួកគេកំពុងតែសិក្សានៅឧត្តមសិក្សា។

ការប្រកួតនេះមានមេដាយសរុបចំនួន៦៧៩គ្រឿង ដែលក្នុងនោះមេដាយ មាស២១៩គ្រឿង មេដាយប្រាក់ ២១៩គ្រឿង និងមេដាយសំរិទ្ធ ចំនួន២៤១គ្រឿង។ សូមបញ្ជាក់ថា មេដាយសំរិទ្ធ មានចំនួនលើសមេដាយមាស និងប្រាក់ ដោយសារតែប្រភេទកីឡាខ្លះតម្រូវឲ្យមានមេដាយសំរិទ្ធស្ទួន៕

 

អត្ថបទ៖ វ៉ាន្នី

មតិយោបល់