ស សុខា៖ ការប្រកួតកីឡាសិស្សថ្នាក់ជាតិ គឺដើម្បីជ្រើសរើសអត្តពលិកវ័យក្មេងឆ្ពោះ SEA GAMES ឆ្នាំ២០២៣

មាស សុផាណារ៉ុង June 6, 2019


 

ភ្នំពេញ៖ ឯកឧត្តម ស សុខា រដ្ឋលេខាធិការនៃ ក្រសួងអប់រំ យុវជន និងកីឡា និងជាប្រធានសហព័ន្ធសិស្ស-និស្សិតកម្ពុជា នារសៀលថ្ងៃទី០៥ ខែមិថុនា ឆ្នាំ២០១៩ម្សិលមិញនេះ បានអញ្ជើញចូលរួមកិច្ចប្រជុំបច្ចេកទេស និងសន្និសីទសារព័ត៌មានស្តីពីការបើក ព្រឹត្តិការណ៍ការប្រកួតកីឡាសិស្សថ្នាក់ជាតិ ( National School Games ) លើកទី១ ឆ្នាំ២០១៩ នាមជ្ឈមណ្ឌលជាតិហ្វឹកហ្វឺនកីឡា។

ឯកឧត្តម ស សុខា បានមានប្រសាសាសន៍ថា ការប្រកួតនេះក្នុងគោលបំណងអនុវត្តនយោបាយកំណែទម្រង់របស់ ក្រសួងអប់រំ យុវជន និងកីឡា លើរចនាសម្ព័ន្ធប្រកួតដើម្បីត្រៀមឆ្ពោះទៅការប្រកួតកីឡាអាស៊ីអាគ្នេយ៍ ( SEA Gamse ) លើកទី៣២ ឆ្នាំ២០២៣ ឲ្យស្របទៅនឹងរចនាសម្ព័ន្ធការប្រកួតថ្នាក់តំបន់ និងអន្តរជាតិ ដូចជាការប្រកួតកីឡាសិស្សអាស៊ាន កីឡាសាកលវិទ្យាល័យអាស៊ាន និងកីឡាសាកលវិទ្យាល័យពិភពលោក ជាដើម។

ឯកឧត្តមរដ្ឋលេខាធិការបានបន្តថា យើងមានដំណាក់កាលនៃការបណ្តុះបណ្តាលមន្ត្រីរដ្ឋបាល មន្ត្រីបច្ចេកទេស ព្រមទាំងជ្រើសរើស កីឡាករ-កីឡាការិនី ដែលល្អៗជាថ្នាលត្រៀមបម្រុងសម្រាប់ SEA Games ដោយបំផុសសកម្មភាព អប់រំកាយ និងកីឡា កីឡានៅក្នុងគ្រឹះស្ថានសិក្សា និងនៅតាមរាជធានីខេត្ត ព្រមទាំងជួយឲ្យសិស្សមានសុខុមាលភាពល្អ កាយសម្បទាមាំមួន ឆន្ទៈមោះមុត អំណត់ព្យាយាមវិន័យ ស្មារតីក្រុម គំនិតច្នៃប្រឌិត និងតស៊ូស្វិតស្វាញ សំដៅដណ្ដើមបានលទ្ធផលល្អប្រសើរលើការប្រកួត ទទួលបានលទ្ធផលការសិក្សាល្អ និងជីវភាពរស់នៅសុខដុមរមនា។

លោកបន្ថែមទៀតថា លើកទឹកចិត្តដល់អ្នកលេងកីឡា និងអ្នកដែលមានឧបនិស្ស័យដើម្បីជ្រើសរើសបានជាកីឡាករ-កីឡាការិនីថ្នាលល្អៗចូលក្នុងក្រុមជម្រើសជាតិ ចូលរួមក្នុងការហ្វឹកហាត់ត្រៀមលក្ខណៈចូលរួមការប្រកួតនៅលើឆាកជាតិ និងអន្តរជាតិនានា។

បង្កលក្ខណៈឲ្យសិស្សជួបជុំគ្នា ស្គាល់គ្នា ចងមិត្តភាព សាមគ្គីភាព ដើម្បីចេះរួមរស់ជាមួយគ្នានៅក្នុងសង្គមផ្តល់ឱកាសដល់អ្នកលេងកីឡាបានស្គាល់តំបន់ផ្សេងៗ ក៏ដូចជារមនីយដ្ឋានទេសចរណ៏នានា ដើម្បីបណ្តុះគំនិតឲ្យចេះស្រឡាញ់ ចេះថែរក្សាសម្បត្តិវប្បធម៌ជាតិ និងបណ្តុះគំនិតស្នេហាជាតិ។

សូមបញ្ជាក់ផងដែរថា ក្រសួងអប់រំ បានសម្រេចដាក់ ១១ប្រភេទកីឡា ក្នុងព្រឹត្តិការណ៍ការប្រកួតកីឡាសិស្សថ្នាក់ជាតិ នេះរួមមាន៖ កីឡាបាល់ទាត់, កីឡាបាល់ទះ, កីឡាបាល់បោះកីឡា, អត្តពលកម្ម, កីឡាប៉េតង់, កីឡាវាយកូនឃ្លីលើតុ, កីឡាហែលទឹក, កីឡាវាយសី, កីឡាការ៉ាត់តេ, កីឡាតេក្វាន់ដូ WT និងកីឡាតេក្វាន់ដូ ITF ដោយនឹងចាប់ផ្ដើមការប្រកួតពីថ្ងៃទី១០ ដល់ថ្ងៃទី១៩ ខែមិថុនា ឆ្នាំ២០១៩ នៅរាជធានីភ្នំពេញ ហើយការប្រកួតឆ្នាំនេះមាន ២៥រាជធានី-ខេត្ត ចូលរួម៕

 

រូបភាព៖ អគ្គនាយកដ្ឋានកីឡា

អត្ថបទ៖ វ៉ាន្នី

មតិយោបល់