១០,០០០ដុល្លាររបស់អូឡាំពិកកម្ពុជាត្រូវបានប្រគល់ជូនមន្ទីរពេទ្យកុមារគន្ធបុប្ផា

នូ មករា June 5, 2019


ភ្នំពេញ៖ លោកវ៉ាត់ ចំរើន អគ្គលេខាធិការនៃគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជាបាននាំយកថវិកាចំនួន ១០,០០០ដុល្លារដែលទទួលបានពីទិវារត់ប្រណាំងភ្នំពេញពាក់កណ្តាលម៉ារ៉ាតុងអន្តរជាតិ លើកទី៨ ឆ្នាំ២០១៨កន្លងទៅ ប្រគល់ជូនមន្ទីរពេទ្យគន្ធបុប្ផានារសៀលថ្ងៃទី៤ ខែមិថុនា ម្សិលមិញនេះ។​ សូមបញ្ជាក់ថា ព្រឹត្តិការណ៍រត់ប្រណាំងភ្នំពេញពាក់កណ្តាលម៉ារ៉ាតុងអន្តរជាតិ លើកទី៨ ឆ្នាំ២០១៨ កន្លងទៅមានអ្នកចូលរួមរត់ប្រមាណជាង ៥.០០០នាក់ដែលមកពី៣៦ប្រទេស។ សម្រាប់ឆ្នាំ២០១៩នេះវិញមានអ្នកចុះឈ្មោះចូលរួមរត់បានប្រមាណជា ៥.០០០នាក់ដែរហើយ។

លោកវ៉ាត់ ចំរើន បានមានប្រសាសន៍ថា គណៈកម្មាធិការជាតិអូឡាំពិកកម្ពុជាតែងតែរៀបចំព្រឹត្តិការណ៍រត់មហាជនដើម្បីស្វែងរកថវិកាជួយដល់មន្ទីរពេទ្យគន្ធបុប្ផាសម្រាប់គោលដៅមនុស្សធម៌ដល់អង្គការនានានិងមន្ទីរពេទ្យកុមារអង្គរ។ លោកក៏បានប្រកាសដែរថានឹងបង្កើតនូវព្រឹត្តិការណ៍កីឡាដទៃទៀតដើម្បីស្វែងរកថវិកាសម្រាប់គោលដៅមនុស្សធម៌នៅទូទាំងប្រទេសកម្ពុជា។

ជាមួយគ្នានេះ លោក Denis Laurent ដែលជានាយកប្រតិបត្តិមន្ទីរពេទ្យគន្ធបុប្ផាបានឲ្យដឹងដែរថាក្នុងមួយថ្ងៃៗមន្ទីរពេទ្យបានទទួលព្យាបាលកុមារមកពីគ្រប់ច្រកល្ហកក្នុងប្រទេសកម្ពុជាពី ២.៥០០នាក់ទៅ ៣.០០០នាក់ និងទទួលកុមារឲ្យចូលមកសម្រាកព្យាបាលពី៥០០ទៅ៦០០នាក់ឯណោះ៕
អត្ថបទ៖ វ៉ាន្នី

មតិយោបល់