កីឡាករកាយសម្ព័ន្ធកម្ពុជា កំពុងមានការរីកចម្រើនខ្លាំង ក្រោយហ្វឹកហាត់នៅចិនទើបតែបាន ២ខែ

មាស សុផាណារ៉ុង June 4, 2019


 

ភ្នំពេញ៖ កីឡាករកាយសម្ព័ន្ធអាកទីស្ទិក (Artistic Gymnastic) វ័យក្មេងកម្ពុជា វ័យ ភក្រ្តា ដែលបានទៅហ្វឹកហាត់នៅប្រទេសចិនទើបតែបានរយៈពេល២ខែ នោះពេលនេះគេមានការរីកចម្រើនខ្លាំង។

ឯកឧត្តម វ៉ាត់ ចំរើន អគ្គលេខាធិការគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា និង លោក ណយ ផាណា អគ្គលេខាធិការសហព័ន្ធកីឡាកាយសម្ព័ន្ធកម្ពុជា ដែលទើបតែត្រឡប់មកពីសាកសួរសុខទុក្ខដល់កីឡាកររូបនោះបានអះអាងថាគេ ពិតជាមានការរីកចម្រើនខ្លាំងមែន។ វ័យ ភក្រ្តា ពេលនេះគេកំពុងតែហ្វឹកហាត់នៅមជ្ឈមណ្ឌលកីឡាខេត្ត Guangdong ប្រទេសចិន គេបានចាកចេញពីស្រុកខ្មែរមកហាត់ នៅប្រទេសចិន តាំងពីថ្ងៃទី២ ខែមេសា មកម្ល៉េះ។

លោកបានបន្តថា កីឡាករទាំងនេះមិនត្រឡប់មកវិញទេ គឺនៅពេលដែលស៊ីហ្គេម លើកទី៣០ នឹងចេញដំណើរពីប្រទេសចិន ឆ្ពោះទៅកាន់ប្រទេសហ្វីលីពីន តែម្ដង។ ថ្មីៗនេះ គណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា បានបញ្ជូនកីឡាករ-កីឡាការិនី បន្ថែមទៀតទៅហ្វឹកហាត់នៅប្រទេសចិន ដែលក្នុងនោះមានកីឡាការិនីចំបាប់ ឌន ស្រស់, ជា កញ្ញា, ឌិត សំណាង, សឿន នឿន, យុន ដាណេ និងកីឡាករកាយសម្ព័ន្ធ អៀ សៀវមីង។

កីឡាករទាំងនេះ ទៅហ្វឹកហាត់ក្រោមការជួយឧបត្ថម្ភរបស់ លោក ថាង ហ្គោដុង (Tang Gordon) អនុប្រធានទី១ នៃគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា និងត្រូវហ្វឹកហាត់នៅប្រទេសចិនរហូតដល់ចុងខែវិច្ឆិកា ទើបចេញដំណើរទៅកាន់ប្រទេសហ្វីលីពីន ដែលជាកន្លែងប្រារព្ធកីឡាស៊ីហ្គេម លើកទី៣០ តែម្ដង។

លោក ណយ ផាណា ទោះបីមិនហ៊ានប្រាថ្នាក្នុងការឈ្នះមេដាយស៊ីហ្គេម ក៏ពិតមែនតែលោកមានជំនឿថាពួកគេនឹងក្លាយជាអត្តពលិកដែលមានសក្ដានុពលជាងមុនជាមិនខាន។ វ័យ ភក្ដ្រា មានវ័យ១៩ឆ្នាំ គេមានស្រុកកំណើត នៅខេត្តតាកែវ ហើយពួកគេចាប់ផ្ដើមហ្វឹកហាត់កីឡាកាយសម្ព័ន្ធអាកទីស្ទិក តាំងពីឆ្នាំ២០១២ មកម្ល៉េះ។ បន្ទាប់ពីក្លាយជាកីឡាករជម្រើសជាតិ គេមកហ្វឹកហាត់ និងសិក្សានៅរាជធានីភ្នំពេញ ហើយពេលនេះគេបានប្រឡងជាប់សញ្ញាប័ត្រមធ្យមសិក្សាទុតិយភូមិ ហើយ។

សូមបញ្ជាក់ថា សហព័ន្ធកីឡាកាយសម្ព័ន្ធកម្ពុជា មានទំនាក់ទំនងល្អជាមួយប្រទេសជប៉ុន, ប្រទេសចិន ហើយប្រទេសទាំង២នេះ តែងតែទទួលយកកីឡាកាយសម្ព័ន្ធកម្ពុជា ឲ្យទៅហ្វឹកហាត់នៅទីនោះ ដោយឡែកប្រទេសរុស្ស៊ី ក៏តែងតែផ្ដល់សម្ភារៈហ្វឹកហាត់ដល់សហព័ន្ធកីឡាកាយសម្ព័ន្ធកម្ពុជាដែរ៕

 

រូបភាព៖ ផ្ដល់ឲ្យ

អត្ថបទ៖ វ៉ាន្នី

មតិយោបល់