ប្រកួតកីឡាបាញ់កាំភ្លើងជើងឯក Bayon Level II,IPSC 2019 មិត្តភាពកម្ពុជា-ចិន បញ្ចប់ដោយជោគជ័យ

មាស សុផាណារ៉ុង June 3, 2019


 

ភ្នំពេញ៖ លោកនាយឧត្តមសេនីយ៍ មៀច សុផាន់ណា ប្រធានសហព័ន្ធកីឡាបាញ់កាំភ្លើងកម្ពុជា និងឯកឧត្តម ស សុខា រដ្ឋលេខាធិការនៃក្រសួងអប់រំ យុវជន និងកីឡា នាថ្ងៃទី០១ ខែមិថុនា ឆ្នាំ២០១៩ កន្លងទៅបានអញ្ជើញចូលរួមពិធីបើកការប្រកួតកីឡាបាញ់កាំភ្លើងជើងឯក Bayon Level II,IPSC 2019 មិត្តភាពកម្ពុជា-ចិន នៅបញ្ជាការដ្ឋានកងពលតូចទ័ពពិសេសឆ័ត្រយោង៩១១។

លោកនាយឧត្តមសេនីយ៍ មៀចសុផាន់ណា បានមានប្រសាសន៍ថាសម្រាប់ការប្រកួតកីឡាបាញ់កាំភ្លើងជើងឯក Bayon Leve lII,IPSC 2019 មិត្តភាពកម្ពុជា-ចិន លើកនេះមានកីឡាករ កីឡាការិនី បាញ់កាំភ្លើងចំនួន ៣ប្រទេស រួមមាន កម្ពុជា, ចិន និងឡាវ ហើយនេះជាកិត្តិយសចំពោះសហព័ន្ធដែលបានរៀបចំការប្រកួតមានលក្ខណៈអន្តរជាតិ។

លោកប្រធាសហព័ន្ធចាត់ទុកថា នេះជាសកម្មភាពនៃការប្រមូលអ្នកស្នេហាកីឡាបាញ់កាំភ្លើងនេះឲ្យមកចូលរួម ហើយជាកីឡាមួយប្រភេទដែលមានលក្ខណៈទូលំទូលាយ ពិសេសដោយសារតែអាវុធប្រើប្រាស់ត្រូវការអនុញ្ញាតពីរាជរដ្ឋាភិបាល។

លោបានបន្តថាគិតមកដល់ពេលនេះ មិនទាន់មានសមាជិកប្រតិបត្តិសហព័ន្ធកីឡាបាញ់កាំភ្លើងកម្ពុជា មានរឿងអាស្រូវណាមួយពាក់ព័ន្ធការប្រើប្រាស់អាវុធទេ ដូច្នេះសូមឲ្យយើងរក្សាកេរ្តិ៍ឈ្មោះនៃប្រើប្រាស់អាវុធរបស់យើងឲ្យស្របច្បាប់និងត្រូវច្បាប់ព្រមទាំងប្រើប្រាស់ប្រយោជន៍ និងកីឡា។ ជាងនេះទៅទៀតកម្ពុជា មានសមត្ថភាពរៀបចំការប្រកួតគ្រប់ប្រភេទទាំងអស់ តាមលទ្ធិភាពដែលអាចធ្វើទៅបាន។

លោកប្រធានសហព័ន្ធ បានបន្ថែមថាយើងត្រៀមកីឡាករ កីឡាការិនី របស់យើងទៅចូលរួមប្រកួតបែបលក្ខណៈអន្តរជាតិនានាទៅតាមបណ្តាលប្រទេស ហើយកីឡាករ-កីឡាការិនី ទាំងអស់ដែលមានទេពកោសល្យ ថ្វីដៃពិតប្រាកដនឹងមានឱកាសបង្ហាញសមត្ថភាពរបស់ខ្លួន ពិសេសយើងបានត្រៀមខ្លួនធ្វើជាម្ចាស់ការប្រកួតកីឡា SEA GAMES ឆ្នាំ២០២៣ លើកទី៣២៕

 

រូបភាព៖ Cambodia Shooting Federation

អត្ថបទ៖ វ៉ាន្នី

មតិយោបល់