អត្តពលកម្ម ប្រកាសដាក់ ២០វិញ្ញាសា ឲ្យប្រកួតក្នុងព្រឹត្តិការណ៍ National School Games

មាស សុផាណារ៉ុង June 3, 2019


 

ភ្នំពេញ៖ សហព័ន្ធខ្មែរកីឡាអត្តពលកម្មស្ម័គ្រចិត្ត បានប្រកាសឲ្យដឹងថាក្នុងការប្រកួតកីឡាសិស្សថ្នាក់ជាតិលើកទី១ ( The 1st National School Games ) សហព័ន្ធ នឹងដាក់ចំនួន២០វិញ្ញាសាឲ្យប្រកួត។

លោក ហ៊ុន បូរី អគ្គលេខាធិការសហព័ន្ធបានឲ្យដឹងថាតាមពិតប្រភេទកីឡាអត្តពលកម្មមានរហូតដល់ទៅជាង៤០វិញ្ញាសា ឯណោះតែវិញ្ញាសាដទៃទៀតកម្ពុជាមិនមានមនុស្សដើម្បីលេងវិញ្ញាសាខ្លះមិនមានឧបករណ៍ដើម្បីហ្វឹកហាត់។ លោក បូរី បានឲ្យដឹងថាវិញ្ញាសាទាំង២០នោះមាន រត់ ១០០ម៉ែត្រលើផ្ទៃរាបបុរស-នារី, រត់ ២០០ម៉ែត្របុរស-នារី, រត់ ៤០០ម៉ែត្រ បុរស-នារី, រត់ ១.៥០០ ម៉ែត្របុរស-នារី, រត់ ៣គីឡូម៉ែត្របុរស-នារី, ដើរ ៣គីឡូម៉ែត្រនារី ដើរចម្ងាយ៥គីឡូម៉ែត្របុរស, លោតកំពស់បុរស-នារី, លោតចម្ងាយបុរស-នារី, ចោលដុំដែកបុរស-នារី និងចោលស្នបុរស-នារី។

កីឡាករ-កីឡាការិនី ដែលអាចចូលរួមប្រកួតបានត្រូវតែកំពុងសិក្សានៅសាលាមធ្យមសិក្សា ព្រមទាំងមានឯកសារច្បាស់លាស់ពីសាមីសាលាដែលខ្លួនកំពុងសិក្សា មិនតែប៉ុណ្ណោះពួកគេត្រូវតែមានអាយុក្រោម១៨ឆ្នាំជាដាច់ខាត។

ការប្រកួតនេះសហព័ន្ធ ក៏ដូចជានាយកដ្ឋានអប់រំកាយ និងកីឡាសិស្ស-និស្សិត បានកំណត់ឲ្យមួយអង្គភាពអាចដាក់កីឡាករ ៩រូប និងកីឡាការិនី ៩រូប មកចូលរួមបាន។ កីឡាករ ឬកីឡាការិនីមួយរូបអាចលេងបានតែ ២វិញ្ញាសាប៉ុណ្ណោះ តែប្រសិនបើក្នុងករណីមានបន្ថែមវិញ្ញាសា រត់បណ្ដាក់១០០ម៉ែត្រ ៤ដង នោះពួកគេអាចចូលរួមប្រកួតបាន៕

 

រូបភាព៖ ផ្ដល់ឲ្យ

អត្ថបទ៖ វ៉ាន្នី

មតិយោបល់