អត្តពលិកវ័យក្មេង ២០រូប ត្រៀមសម្រាប់ព្រឹត្តិការណ៍ហែលទឹកយុវជនអាស៊ាន ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះ

មាស សុផាណារ៉ុង May 31, 2019


 

ភ្នំពេញ៖ សហព័ន្ធខ្មែរកីឡាហែលទឹក បានសម្រេចរួចហើយក្នុងការដាក់ កីឡាករ-កីឡាការិនី វ័យក្មេងចំនួន២០រូប និងប្រតិភូចំនួន៥រូប សម្រាប់ព្រឹត្តិការណ៍ប្រកួតកីឡាហែលទឹកយុវជនអាស៊ីអាគ្នេយ៍លើកទី៤៣ «43rd Sea Age Groups Swimming Championships» ដែលកម្ពុជា ធ្វើជាម្ចាស់ផ្ទះ នៅមជ្ឈមណ្ឌលហែលទឹកនៃពហុកីឡដ្ឋានមរតកតេជោ ដើម្បីទទួលភ្ញៀវមកពីប្រទេសអាស៊ាន។

នេះជាលើកដំបូងហើយដែលពហុកីឡដ្ឋានជាតិមរតកតេជោបើកទ្វារទទួលធ្វើជាម្ចាស់ផ្ទះសម្រាប់ការប្រកួតកីឡាហែលទឹកកម្រិតអាស៊ាន ក្នុងខណៈដែលពហុកីឡដ្ឋានដ៏អស្ចារ្យមួយនេះ នឹងក្លាយជាកន្លែងប្រារព្ធព្រឹត្តិការណ៍កីឡាអាស៊ីអាគ្នេយ៍ ( ស៊ីហ្គេម ) លើទី៣២ នាឆ្នាំ២០២៣។

លោក នាង សូរិទ្ធិយ៉ា អគ្គលេខាធិការរងសហព័ន្ធខ្មែរកីឡាហែលទឹក បានប្រាប់ឲ្យដឹងថាការប្រកួតដែលចាប់ផ្ដើមពីថ្ងៃទី២៨ ដល់ថ្ងៃទី៣០ ខែមិថុនា នេះកម្ពុជាដាក់កីឡាករ១០រូប និងកីឡាការិនីវ័យក្មេងចំនួន១០រូប ចូលរួមប្រកួត ក្នុងនាមជាម្ចាស់ផ្ទះ។

លោក ហែម គីរី អគ្គលេខាធិការសហព័ន្ធបានឲ្យដឹងថា ប្រកួតកីឡាហែលទឹកយុវជនអាស៊ីអាគ្នេយ៍ លើកទី៤៣ នឹងមានមានគ្រូបង្វឹក គណៈប្រតិភូ គណៈកម្មការបច្ចេកទេស និងកីឡាករ-កីឡាការិនី ហែលទឹកប្រមាណជាង៥០០រូប មកពីបណ្តាប្រទេសអាស៊ានចូលរួម។ នេះក៏ជាឱកាសនៃការបង្ហាញឲ្យភ្ញៀវបានឃើញពីសក្ដានុពលនៃពហុកីឡាដ្ឋានមរតកតេជោ ដែលជាកន្លែងទទួលស៊ីហ្គេម លើកទី៣២ ទៀតផង៕

 

រូបភាព៖ សហព័ន្ធខ្មែរកីឡាហែលទឹក Khmer Swimming Federation

អត្ថបទ៖ វ៉ាន្នី

មតិយោបល់