Davis-Cup លើកនេះកម្ពុជា ប្ដេជ្ញាឡើងទៅលេង ក្រុមកំរិតទី៣ វិញឲ្យទាល់តែបាន

មាស សុផាណារ៉ុង May 30, 2019


 

ភ្នំពេញ៖ ប៉ុន្មានឆ្នាំមកហើយដែលក្រុមកីឡាវាយកូនបាល់កម្ពុជា នៅវិលវល់នៅក្នុងក្រុមកម្រិតទី៣ និងក្រុមកម្រិតទី៤ ដែលជាក្រុមនៅចុងក្រោយ ប្រកួតក្នុងព្រឹត្តិការណ៍ Davis-Cup នៃព្រឹត្តិការណ៍ពិភពលោកដ៏ធំមួយ។

កម្ពុជា បានជាប់ជាក្រុមខ្លាំងចូលលេងក្នុងព្រឹត្តិការណ៍ពិភពលោកមួយនេះដំបូងគឺ លេងក្នុងក្រុមកម្រិតទី៤ ដែលជាក្រុមស្ថិតនៅចំណាត់ថ្នាក់ក្រោយគេ ហើយក៏បានឡើងមកលេងនៅក្រុមកម្រិតទី៣ នាឆ្នាំបន្ទាប់ ប៉ុន្តែឆ្នាំបន្ទាប់ទៀតធ្លាក់មកកម្រិតទី៤ វិញ ហើយជាបន្តបន្ទាប់កម្ពុជាឡើងមកលេងនៅក្រុមកម្រិតទី២ មិនទាន់បាននៅឡើយគឺឡើងមកដល់ក្រុម៣ធ្លាក់ទៅក្រុម៤វិញ។

លោក ទេព រិទ្ធីវិទ្ធ អគ្គលេខាធិការនៃសហព័ន្ធកីឡាវាយកូនបាល់កម្ពុជា បានបញ្ជាក់ឲ្យដឹងថាឆ្នាំ២០១៩ នេះព្រឹត្តិការណ៍ Davis-Cup នឹងលេងនៅប្រទេសអូម៉ង់ ហើយនៅក្នុងក្រុមកម្រិតទី៤ មានចំនួន ១៥ប្រទេសចូលរួម។ លោកមានជំនឿចិត្តថាកម្ពុជានឹងមិនបន្តនៅក្នុងក្រុមកម្រិតទី៤ ទៀតឡើយ គឺត្រូវតែឡើងមកក្រុមកម្រិតទី៣ ហើយនឹងត្រូវបន្តឡើងមកលេងនៅក្រុមកម្រិតទី២ ឲ្យទាល់តែបាន។

លោកបានអះអាងថាឆ្នាំនេះកីឡាករ តាន់ នីសាន់ ដែលជាកូនខ្មែររស់នៅប្រទេសបារាំងនឹងត្រឡប់មកកាន់ទីលានវាយកូនបាល់កម្ពុជាវិញ។ កីឡាកររូបនេះធ្លាប់ដណ្ដើមបានមេដាយសំរិទ្ធស៊ីហ្គេម ឲ្យកម្ពុជា។ ជាមួយគ្នានេះ កម្ពុជាមានកីឡាករ ប៊ុន កេន្នី កីឡាករវ័យចំណាស់ ម៉ម ផល្គុណ កីឡាករវ័យក្មេង ឡុង សំនៀង និងកីឡាករ ឱ សារិទ្ធ។

លោកអគ្គលេខាធិការបានបន្តទៀតថាកម្ពុជានៅមានកីឡាករវ័យក្មេងមួយរូបទៀតគឺ ទេព ទីម៉ូធី ដែលជាកូនប្រុសរបស់លោកហើយក៏ជាកីឡាករដែលលោកបណ្ដុះបណ្ដាលដោយផ្ទាល់ដៃ។ សព្វថ្ងៃនេះគេបានទទួលអាហាររូបករណ៍នៅសហរដ្ឋអាមេរិក គេកំពុងតែសិក្សានៅសាកលវិទ្យាល័យ Virginia Wesleyau University និងកំពុងតែសិក្សានៅឆ្នាំទី១ ហើយគេក៏លេងកីឡាវាយកូនបាល់នៅទីនេះជាមួយយុវជនអាមេរិក ដែលមួយចំនួនជាកីឡាករថ្នាល។

ថ្មីៗនេះកីឡាករ ទេព ទីម៉ូធី បានលេងឈ្នះពានរង្វាន់របស់សាកលវិទ្យាល័យដែលមាន ឈ្មោះថា Award To Best Male Athlete។ លោកបានបន្តថាពីពេលនេះទៅទម្រាំដល់ព្រឹត្តិការណ៍ Davis-Cup មកដល់នោះគេលេងបានយ៉ាងហោច ណាស់ក៏ជាង៥០ប្រកួតដែរ។

ជាង៥០ប្រកួតនេះ គឺជាការហ្វឹកហាត់ដ៏សំខាន់រូបគេព្រោះនេះជាលើកដំបូងហើយ ដែលកីឡាកររូបនេះឈានជើងចូលលេងក្នុងព្រឹត្តិការណ៍ Davis-Cup។ ក្រៅពីព្រឹត្តិការណ៍ Davis-Cup កីឡាកររូបនេះ នឹងចូលរួមលេងក្នុងព្រឹត្តិការណ៍អាស៊ីអាគ្នេយ៍ ( ស៊ីហ្គេម ) ជាលើកដំបូងផងដែរ៕

 

រូបភាព៖ Tennis Cambodia

អត្ថបទ៖ វ៉ាន្នី

មតិយោបល់