កីឡាការិនីប្រណាំងរថយន្តឆ្លងកាត់ឧបសគ្គដំបូងគេនៅកម្ពុជា អំពាវនាវឲ្យស្រ្តីចូលរួមលេងកីឡាមួយនេះអោយបានច្រើន

មាស សុផាណារ៉ុង May 29, 2019


 

ភ្នំពេញ៖ កីឡាការិនីប្រណាំងរថយន្តឆ្លងកាត់ឧបសគ្គកម្ពុជា ដំបូងគេគឺកីឡាការិនី សេង សុជាតា និងជំនួយការបើកបរបានអំពាវនាវឲ្យស្រ្តីចូលរួមលេងកីឡាមួយនេះអោយបានច្រើន។

កីឡាការិនី សេង សុជាតា រួមជាមួយកីឡាការិនីជាជំនួយការបើកបររបស់នាងបានថ្លែងបែបនេះបន្ទាប់ពីបាន បញ្ចប់ព្រឹត្តការណ៍ប្រណាំងយានយន្តឆ្លងកាត់ឧបសគ្គ Khmer Rally Raid ឆ្នាំ២០១៩ ក្រោមប្រធានបទ «រួមគ្នាថែរក្សាបរិស្ថាន និងធនធានធម្មជាតិ» ដែលរៀបចំដោយក្រុមហ៊ុន Kara សហការជាមួយនឹងក្រសួងបរិស្ថាន និងសហព័ន្ធកីឡាយានយន្តកម្ពុជា ដែលបានធ្វើការប្រណាំងរយៈពេល៣ថ្ងៃ ឆ្លងកាត់ខេត្តចំនួន៣ គឺខេត្តកំពង់ធំ ខេត្តព្រះវិហារ និងខេត្តសៀមរាប លើចំងាយផ្លូវសរុប ៦២៤គីឡូម៉ែត្រ មកនោះ។

កីឡាការិនីរូបនេះនិយាយថាកីឡាប្រណាំងយានយន្ដទាមទារឲ្យអ្នកបើកបរត្រូវមានលក្ខណៈពិសេសដូចជាការគ្រប់គ្រងយានយន្ដ ប្រព័ន្ឌម៉ាស៊ីន សីលធម៌នៃការប្រើប្រាស់ល្បឿន ការគ្រប់គ្រងល្បឿន ភាពវាងវៃក្នុងការមើលផែនទីផ្លូវប្រណាំង ពិសេសគឺការគោរពគូប្រកួត។

សេង សុជាតា បន្តថាការប្រណាំងបែបធម្មជាតិនេះធ្វើអោយនាងសប្បាយរីករាយពីព្រោះថាជាកន្លែងមិនធ្លាប់បានទៅ ម្យ៉ាងទៀតព្រឹត្តការណ៍នេះក៏បានទាក់ទាញនឹងបង្ហាញភ្ញៀវទេសចរពីតំបន់អភិរក្សធនធានធម្មជាតិដ៏សំបូរបែបដែលកម្ពុជាមានទៅកាន់ពិភពលោកទៀតផង។

ឯកឧត្តម នេត្រ ភក្រ្តា រដ្ឋលេខាធិការក្រសួងបរិស្ថាន បានបង្ហាញការជឿជាក់ថា ព្រឹត្តិការណ៍នេះក៏ជាផ្នែកមួយសម្រាប់ទាញការចាប់អារម្មណ៍របស់សាធារណៈជនឱ្យចូលរួមថែរក្សាការពារបរិស្ថាន និងធនធានធម្មជាតិពិសេសការទប់ស្កាត់ការកាប់បំផ្លាញធនធានធម្មជាតិផងដែរ។ លោកបន្តថា ក្រសួងបរិស្ថានបន្តការគាំទ្រព្រឹត្តការណ៍ប្រណាំងបែបធម្មជាតិនេះ នៅឆ្នាំក្រោយៗទៀត៕

 

រូបភាព៖ ផ្ដល់ឲ្យ

អត្ថបទៈ វ៉ាន្នី

មតិយោបល់