ប្រមុខអត្តពលកម្មកម្ពុជា ចំណាយថវិកាផ្ទាល់ខ្លួនលើកទឹកចិត្តកីឡាការិនី ដែលបានមេដាយសំរឹទ្ធនៅថៃ

មាស សុផាណារ៉ុង May 29, 2019


 

ភ្នំពេញ៖ ថ្មីៗនេះឯកឧត្តម អ៊ុក សិទ្ធិជាតិ ប្រធានសហព័ន្ធខ្មែរអត្តពលកម្មស្ម័គ្រចិត្ត បានជួបសំណេះសំណាល និងផ្តល់ប្រាក់រង្វាន់លើកទឹកចិត្ត ចំនួន២លានរៀល ជូនជ័យលាភីដល់កីឡាការិនីអត្តពលកម្មកម្ពុជា ប៊ូ សំណាង ដែលទទួលបានមេដាយសំរឹទ្ធ ១គ្រឿង ពីព្រឹត្តិការណ៍ការប្រកួត «Thailand Open track and field 2019» លើវិញ្ញាសាររត់ចម្ងាយ ៣,០០០ម៉ែត្រ អាយុក្រោម១៨ឆ្នាំ ( U18 ) នៅប្រទេសថៃ។

ឯកឧត្តម អ៊ុក សិទ្ធិជាតិ បានមានប្រសាសន៍ថាថវិកា ចំនួន២លានរៀល ផ្តល់ជូនដល់កីឡាការិនីអត្តពលកម្មកម្ពុជា ប៊ូ សំណាង ទទួលបានមេដាយសំរឹទ្ធមួយគ្រឿងជាថវិកាផ្ទាល់របស់លោកក្នុងនាមលោកជាប្រធានសហព័ន្ធ។ លោកបានបន្តថា សូមឲ្យកីឡាករ-កីឡាការិនី ដទៃដែលមិនទទួលបានមេដាយត្រូវខិតខំប្រឹងប្រែងហ្វឹកហាត់បន្ថែមទៀត ដើម្បីទទួលគុណផលល្អនាពេលខាងមុខនេះ។

លោក បូរ ពុធរាត្រី ជាអគ្គលេខាធិការរងនៃសហព័ន្ធខ្មែរអត្តពលកម្មស្ម័គ្រចិត្តបានរាយការណ៍ថា សហព័ន្ធបានបញ្ជូនកីឡាករ-កីឡាការិនី ចំនួន៦នាក់ និងគ្រូបង្វឹក២ នាក់ចូលរួមព្រឹត្តិការណ៍ «Thailand Open» នៅទីក្រុងបាងកក ប្រទេសថៃ ដោយការប្រកួតបានប្រព្រឹត្តពីថ្ងៃទី១៦ រហូតដល់ថ្ងៃទី២២ ខែឧសភា កន្លងមក។

សម្រាប់កីឡាករ- កីឡាការិនី ចំនួន៦នាក់រួមមាន កីឡាករ សឹម សាមឌី ប្រកួតលើវិញ្ញាសាចោលដុំដែក, កីឡាករ ទត សាលីន ប្រកួតលើវិញ្ញាសារត់ ចម្ងាយ១០០ និង២០០ម៉ែត្រ, កីឡាករ ផាត សុភុត កីឡាករ យ៉ាតពិទូ ចាន់ទិវា ប្រកួតលើ វិញ្ញាសា២០០ និង៤០០ម៉ែត្រ, កីឡាការិនី ប៊ូ សំណាង និងកីឡាការិនី ថន ថារីរតនា។

ចំពោះកីឡាករ-កីឡាការិនីចំនួន៦នាក់ សុទ្ធសឹងជាកីឡាករ- កីឡាការិនីថ្នាលទាំងអស់របស់សហព័ន្ធដែលជំរុញឲ្យពួកគេចេញប្រកួតដើម្បីស្ទាបស្ទង់សមត្ថភាព និងបច្ចេកទេសក្នុងការហ្វឹកហាត់ កន្លងមក ព្រមទាំងចង់ឲ្យពួកគេបញ្ចេញ សមត្ថភាពទៀតផង៕

 

រូបភាព៖ ផ្ដល់ឲ្យ

អត្ថបទ៖ វ៉ាន្នី

មតិយោបល់