ហាប់គីដូ តម្លើងខ្សែក្រវាត់ និងវិញ្ញាបនប័ត្រដល់សិស្សចំនួន ២៦រូប

មាស សុផាណារ៉ុង May 27, 2019


 

ភ្នំពេញ៖ សហព័ន្ធខ្មែរកីឡាហាប់គីដូ បានធ្វើការប្រឡងតម្លើងខ្សែក្រវាត់ដល់សិស្សរបស់ខ្លួនចំនួន២៦រូប នាល្ងាចថ្ងៃទី២៦ ខែឧសភា នាពហុកីឡដ្ឋានជាតិ។

ពិធីប្រឡងនេះបានធ្វើឡើងក្រោមការចូលរួមពីសំណាក់ឯកឧត្តមសេនីយ៍ឯក ជា ប៊ុនហេង ប្រធានអង្គភាពកីឡានគរបាលជាតិ លោកឧត្តមសេនីយ៍ ម៉ក់ សំអុល ប្រធានសហព័ន្ធខ្មែរកីឡាហាប់គីដូ និងក្រោមការត្រួតពិនិត្យពីសំណាក់ព្រឹទ្ធាចារ្យហាប់គីដូ និងគ្រូបង្វឹកធំៗរបស់សហព័ន្ធ។

លោក គង់ ចាន់ធីណា ដែលជាអគ្គលេខាធិការសហព័ន្ធបានឲ្យដឹងថា ក្នុងចំណោមកីឡាករ-កីឡាការិនី ទាំង២៦រូបនេះ មាន៨រូបបានទទួលលិខិតបញ្ជាក់ដែលក្នុងនោះមានមួយរូបជាកីឡាការិនី។ ៤រូបបានទទួលវិញ្ញាបនប័ត្រ ក្រៅពីនោះមាន៦រូប ក្នុងនោះមានកីឡាការិនីមួយរូបបានទទួលខ្សែក្រវាត់ខ្មៅកម្រិត១ដាន់ ៥រូបតម្លើងខ្សែក្រវាត់ខ្មៅ២ដាន់ និង៣រូបតម្លើងខ្សែក្រវាត់ខ្មៅ៣ដាន់។


គួរដឹងដែរថា ហាប់គីដូ គឺជាប្រភេទកីឡាប្រយុទ្ធរបស់សាធារណរដ្ឋកូរ៉េ វាមិនមែនជាប្រភេទកីឡាអូឡាំពិកឡើយតែជាប្រភេទកីឡាប្រយុទ្ធដែលធ្វើឲ្យ កីឡាករ-កីឡាការិនី មានសមត្ថភាពខ្ពស់ទៅលើការកាច់បំបាក់ ដោះក្លេរ និងបោកបានទៀតផង។

ប្រភេទកីឡាប្រយុទ្ធមួយនេះមិនទាន់រៀបចំឲ្យមានការប្រកួតជើងឯកជាតិ ឬប្រកួតកម្រិតតំបន់ទ្វីប និងពិភពលោក នៅឡើយទេ ដោយសារតែវាជាប្រភេទកីឡាដែលការប្រយុទ្ធមានចរឹកសាហាវបន្តិច៕

 

រូបភាព៖ គណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា – NOC Cambodia

អត្ថបទ៖ វ៉ាន្នី

មតិយោបល់