ការប្រកួតកីឡាវាយកូនឃ្លីលើតុក្រោមប្រធានបទ «ផ្លូវមួយខ្សែក្រវាត់មួយ» កម្ពុជា-ចិន បញ្ចប់ដោយជោគជ័យ

មាស សុផាណារ៉ុង May 27, 2019


 

ភ្នំពេញ៖ ការប្រកួតកីឡាវាយកូនឃ្លីលើតុ ក្រោមទិសស្លោក «ផ្លូវមួយខ្សែក្រវាត់មួយ» នៃឆ្នាំវប្បធម៌ទេសចរណ៍ កម្ពុជា-ចិន ពានរង្វាន់ «One Park» លើកទី១ ឆ្នាំ២០១៩ ដែលចាប់ផ្ដើមពីថ្ងៃទី០២ មកនោះបានបញ្ចប់ហើយនៅរសៀលថ្ងៃទី២៦ ខែឧសភា។

ឯកឧត្តមបណ្ឌិត ថោង ខុន ប្រធានគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា លោក Wang Wentian ឯកអគ្គរដ្ឋទូតចិនប្រចាំកម្ពុជា លោកឧត្តមសេនីយ៍ឯក ជា ប៊ុនហេង ប្រធានអង្គភាពកីឡានគរបាលជាតិកម្ពុជា បានអញ្ជើញចូលរួមក្នុងពិធីបិទការប្រកួតនេះ។

ការប្រកួតដែលមានតែវិញ្ញាសាវាយក្រុម និងឯកត្តជននេះមានក្រុមចំនួន២០ចូលរួមគឺកម្ពុជា ១០ក្រុម និងចិន១០ក្រុម។ ក្រុមរបស់ចិន ប្រកួតជាមួយក្រុមចិន ដណ្ដើមចំណាត់ថ្នាក់លេខ១ ឯក្រុមកម្ពុជាប្រកួតជាមួយក្រុមកម្ពុជាដើម្បីដណ្ដើមចំណាត់ថ្នាក់ដូចគ្នា។ ចុងក្រោយក្រុមលេខ១ របស់ចិន និងក្រុមលេខ១របស់កម្ពុជា ប្រកួតគ្នាដណ្ដើមពានរង្វាន់ The Best of The Best។

សូមបញ្ជាក់ថាវិញ្ញាសាឯកត្តជនរង្វាន់ចំណាត់ថ្នាក់លេខ១ បាន៧០០ដុល្លារ លេខ២ បាន៥០០ដុល្លារ និងលេខ៣ បាន៣០០ដុល្លារ។ វិញ្ញាសាជាក្រុមចំណាត់ថ្នាក់លេខ១ បាន១.០០០ដុល្លារ លេខ២ បាន៨០០ដុល្លារ និងលេខ៣ស្ទួន មួយក្រុមៗបាន៦០០ដុល្លារ។ ចំពោះរង្វាន់ The Best of The Best បាន១.៥០០ដុល្លារ។

ចំពោះចំណាត់ថ្នាក់វិញ្ញាសាវាយជាក្រុមកម្ពុជាលេខ១បានទៅអង្គភាពកីឡានគរបាលជាតិ លេខ២បានទៅ ក្លិប All Star និងលេខ៣ស្ទួនបានទៅ ក្លឹបសន្ធរម៉ុកថ្មី និងក្លឹប Spiderman។ ចំពោះចំណាត់ថ្នាក់វាយក្រុមខាងចិន វិញនោះចំណាត់ថ្នាក់លេខ១ បានទៅក្លឹបបសភាពាណិជ្ជកម្មហ៊ូណាន លេខ២បានទៅ ក្លឹបសភាពាណិជ្ជកម្មក្វាងទុង និងលេខ៣ស្ទួនបានទៅ ក្លឹបសភាពាណិជ្ជកម្មចិន នៅកម្ពុជា និងក្លឹប De En Chuang Lian។

ចំពោះវិញ្ញាសាវាយក្រុមកម្ពុជា-ចិន ( The Best of The Best) ដែលយកតែចំណាត់ថ្នាក់លេខ១ វិញនោះបានទៅក្រុមអង្គភាពកីឡានគរបាលជាតិកម្ពុជា៕

 

រូបភាព៖ អង្គភាពកីឡាក្រសួងមហាផ្ទៃ

អត្ថបទ៖ វ៉ាន្នី

មតិយោបល់