សហព័ន្ធកីឡាលើកទម្ងន់ បញ្ជូនកីឡាករ៨នាក់ ទៅហាត់នៅចិនត្រៀម SEA Games នៅហ្វីលីពីន

មាស សុផាណារ៉ុង May 25, 2019


 

ភ្នំពេញ៖ សហព័ន្ធកីឡាលើកទម្ងន់កម្ពុជា បានប្រកាសឲ្យដឹងពីការបញ្ជូនកីឡាករ កីឡាការិនី របស់ខ្លួនទៅធ្វើការហ្វឹកហាត់នៅប្រទេសចិន រយៈពេលយូរដើម្បីត្រៀមខ្លួនប្រកួតក្នុងព្រឹត្តិការណ៍កីឡាអាស៊ីអាគ្នេយ៍ ( SEA Games 2019 ) លើកទី៣០ ឆ្នាំ២០១៩ នៅប្រទេសហ្វីលីពីន។

ឯកឧត្តម វ៉ាត់ ចំរើន ដែលជាប្រធានសហព័ន្ធកីឡាលើកទម្ងន់កម្ពុជា បានមានប្រសាសន៍ថា សហព័ន្ធនឹងបញ្ជូន កីឡាករ-កីឡាការិនី របស់ខ្លួនចំនួន៨នាក់ ទៅធ្វើការហ្វឹកហាត់នៅប្រទេសចិនមុនពេលការប្រកួតកីឡា SEA Games ២០១៩ លើកទី៣០ ចាប់ផ្តើមការប្រកួត។

លោកបានបន្តថា សម្រាប់ប្រភេទទម្ងន់ដែលសហព័ន្ធត្រូវទៅចូលរួម SEA Games ឆ្នាំនេះរួមមាន បុរសមានក្នុងប្រភេទទម្ងន់ ៥៥គីឡូក្រាម, ទម្ងន់ ៦១គីឡូក្រាម, ទម្ងន់ ៦៧គីឡូក្រាម និងទម្ងន់ ៧៣គីឡូក្រាម និងនារីមានក្នុងប្រភេទទម្ងន់ ៤៥គីឡូក្រាម ទម្ងន់ ៤៩គីឡូក្រាម, ៥៥គីឡូក្រាម និងទម្ងន់ ៥៩គីឡូក្រាម។

បន្ថែមលើសពីនេះ លោកប្រធានសហព័ន្ធ បានដាស់តឿនសុំឲ្យកីឡាករ កីឡាការិនី នៅពេលទៅដល់ប្រទេសចិន ត្រូវខិតខំប្រឹងប្រែងហាត់ឲ្យបានម៉ត់ចត់ និងឲ្យអស់ពីសមត្ថភាពដើម្បីត្រៀមដណ្តើមមេដាយជូនកម្ពុជា ហើយលោកក៏បានសម្ដែងការអរគុណដល់កីឡាការិនីខ្មែរឥស្លាម ដែលបានក្លាយជាកីឡាការិនីលើកទម្ងន់តំណាងឲ្យកម្ពុជាចូលរួមការប្រកួតកីឡា SEA Games នៅហ្វីលីពីន៕

 

រូបភាព៖ awfederation

អត្ថបទ៖ វ៉ាន្នី

មតិយោបល់