សហព័ន្ធខ្មែរកីឡាហែលទឹក តែងតាំងអនុប្រធានសហព័ន្ធថ្មី ៣រូបបន្ថែម

មាស សុផាណារ៉ុង May 25, 2019


 

ភ្នំពេញ៖ សហព័ន្ធខ្មែរកីឡាហែលទឹក បានសម្រេចតែងតាំងបន្ថែមនូវអនុប្រធានចំនួន៣រូបបន្ថែមទៀត បន្ថែមលើអនុប្រធានចំនួន៤រូបដែលមានស្រាប់ ក្រោមការដឹកនាំដោយ ឯកឧត្តម ស៊ុន ចាន់ថុល ទេសរដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីក្រសួងក្រសួងសាធារណការ និងដឹកជញ្ជូន ជាប្រធានសហព័ន្ធ។

ការតែតាំងនេះផងដែរ គឺក្នុងខណៈដែលកម្ពុជា ត្រៀមខ្លួនធ្វើជាម្ចាស់ផ្ទះនៃព្រឹត្តិការណ៍ធ្វើជាម្ចាស់ផ្ទះការប្រកួតកីឡាហែលទឹក ជើងឯកយុវជនអាស៊ីអាគ្នេយ៍ លើកទី៤៣ «43rd Sea Age Group Swimmin Championships» ឆ្នាំ២០១៩ ដែលប្រព្រឹត្តទៅចាប់ពីថ្ងៃទី២៨ ដល់ថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០១៩ ខាងមុខនេះ នៅពហុកីឡដ្ឋានជាតិមរតកតេជោ។

អនុប្រធានទាំង៣រូប នោះរួមមាន អនុប្រធានទី១ លោក សួង ហេង រដ្ឋលេខាធិការនៃក្រសួងសាធារណការ និងដឹកជញ្ជូន, លោកឧកញ៉ា លាង ឃុន អនុប្រធាន និងប្រធានក្រុមហ៊ុន ជីប ម៉ុង គ្រុប និងអនុប្រធានមួយរូបទៀត លោក បុន ប៊ុនហួន អនុរដ្ឋលេខាធិការនៃក្រសួងសាធារណការ និងដឹកជញ្ជូន។

សូមបញ្ជាក់ថា កន្លងមកសហព័ន្ធខ្មែរកីឡាហែលទឹក មានអនុប្រធានចំនួន៤រូប រួចមកហើយពេលនេះសហព័ន្ធបានបន្ថែមអនុប្រធានចំនួន៣រូបទៀត ដែលសុទ្ធតែជាឥស្សរជន និងសេដ្ឋី។ គេជឿថាសម្រាប់ឆ្នាំ២០២៣ ក្នុងខណៈដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះស៊ីហ្គេមនោះកម្ពុជានឹងមានធនធានកីឡាករ-កីឡាការិនី ល្អៗមិនខាន។

ប្រធានសហព័ន្ធ ឯកឧត្តម ស៊ុន ចាន់ថុល បានលើកឡើងថាតាមអនុសាសន៍របស់សម្តេចតេជោ ហ៊ុន សែន ក្នុងការអភិឌ្ឍវិស័យកីឡាក្នុងប្រទេសកម្ពុជា ត្រូវមានការចូលរួមពីផ្នែកក្រុមហ៊ុនឯកជន ជាពិសេសលោកឧកញ៉ា ប្រធានក្រុមហ៊ុន និងអ្នកមានទ្រព្យធននានា៕

 

រូបភាព៖ ក្រសួងសាធារណការ និងដឹកជញ្ជូន Ministry of Public Works and Transport – MPWT

អត្ថបទ៖ វ៉ាន្នី 

មតិយោបល់