កន្លះខែទៀត មហាជនរាប់ពាន់អ្នកនឹងចូលរួមរត់ពាក់កណ្ដាលម៉ារ៉ាតុង នៅភ្នំពេញ

មាស សុផាណារ៉ុង May 23, 2019


 

ភ្នំពេញ៖ នៅមិនយូប៉ុន្មាននោះទេមហាជនទាំងបរទេស និងខ្មែរ រាប់រយរាប់ពាន់អ្នកនឹងចូលរួមរត់ប្រណាំងពាក់កណ្ដាលម៉ារ៉ាតុងអន្តរជាតិភ្នំពេញ លើកទី៩ នៅមុខព្រះបរមរាជវាំង ដើម្បីអបអរសាទរព្រះរាជពិធីបុណ្យចម្រើនព្រះជន្ម សម្ដេចព្រះមហាក្សត្រី នរោត្តម មុនីនាថ សីហនុ ព្រះវររាជមាតាជាតិខ្មែរក្នុងសេរីភាព និងសេចក្ដីថ្លៃថ្នូរ នាថ្ងៃទី១៦ ខែមិថុនា ឆាប់ៗនេះ។

ព្រឹត្តិការណ៍នេះ មិនត្រឹមតែជាការប្រកួតរត់ប្រណាំងផង និងរត់បែបកម្សាន្តផងនោះទេ វាក៏ជាព្រឹតិ្តការណ៍ដែល ផ្សព្វផ្សាយការធ្វើម្ចាស់ផ្ទះព្រឹត្តិការណ៍កីឡាអាស៊ីអាគ្នេយ៍ SEA-Games 2023 ផ្សព្វផ្សាយការរត់ ដើម្បីទីក្រុងស្អាត-បៃតង និងប្រមូលថវិកាសប្បុរសជនជួយដល់មន្ទីរពេទ្យគន្ធបុប្ផា ផងដែរ។

អគ្គលេខាធិការនៃគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា ឯកឧត្តម វ៉ាត់ ចំរើន បានមានប្រសាសន៍ថា៖ «ចាប់ពីថ្ងៃនេះរហូតដល់ថ្ងៃទី០៦ ខែមិថុនា កន្លែងចុះឈ្មោះគឺរក្សានៅដដែល តែរយៈពេល ១សប្ដាហ៍ ចាប់ពីថ្ងៃទី០៧ ដល់ថ្ងៃទី១៣ ខែមិថុនា គណៈកម្មការនឹងរៀបចំកន្លែងចុះឈ្មោះនៅមុខព្រះបរមរាជវាំង ដើម្បីផ្ដល់ភាពងាយស្រួលក្នុងការចុះឈ្មោះបន្ថែមទៀត»។

លោកបន្តថា មកទល់ពេលនេះអ្នកចុះឈ្មោះចូលរួម បានកើនឡើងដល់ជាង ៣,១០០ នាក់ហើយ ក្នុងនោះក៏មានបរទេសជាង ៦០០នាក់ដែរ។ ចំនួននេះបើធៀបនឹងឆ្នាំមុន គឺមានកំណើនច្រើន ប៉ុន្តែដោយសារថ្ងៃរត់កាន់តែខិតចូលមកដល់ លោកបានអំពាវនាវដល់ពលរដ្ឋរួសរាន់ចុះឈ្មោះឲ្យបានច្រើនកុះករ ដើម្បីជំរុញព្រឹត្តិការណ៍កីឡា និងទេសចរណ៍នេះឲ្យកាន់តែទទួលបានជោគជ័យ។ លោក សង្ឃឹមយ៉ាងមុតមាំថា ឆ្នាំនេះអ្នកចូលរួមនឹងមានការកើនឡើងកាន់តែខ្លាំង ដ្បិតប្រទេសជាតិមានសុខសន្តិភាពពេញលេញ ដើម្បីទទួលភ្ញៀវជាតិ និងអន្តរជាតិក្នុងព្រឹត្តិការណ៍នេះ។

គួបញ្ជាក់ផងដែរថា ព្រឹតិ្តការណ៍នេះ វិញ្ញាសាត្រូវរត់រួមមានរត់លើចម្ងាយផ្លូវ ២១គីឡូម៉ែត្រ, ១០គីឡូម៉ែត្រ និង ៣គីឡូម៉ែត្រ៕

 

ចំពោះទីតាំងចុះឈ្នោះ គឺនៅក្រុមហ៊ុន Cambodia Events Organizer ផ្ទះលេខ ៧៩CE0 ផ្លូវ១៥៥, សង្កាត់ទួលទំពូង ខណ្ឌចំការមន និងនៅទីស្នាក់ការគណៈកម្មាធិការ ជាតិអូឡាំពិកកម្ពុជា អគារលេខ១ ផ្លូវសាធារណរដ្ឋប៉ូឡូញ ឬផ្លូវ១៦៣ ជិតរង្វង់មូលវត្តសំពៅមាស ស្ថិតនៅ សង្កាត់ វាលវង់ ខណ្ឌ៧មករា រាជធានីភ្នំពេញ។

 

អត្ថបទ៖ ប៉ាវឡុង ជីង

មតិយោបល់