សហព័ន្ធកីឡាសិស្ស-និស្សិតកម្ពុជា ធ្វើមហាសន្និបាតបូកសរុបលទ្ធផលការងារអាណត្តិចាស់ និងលើកទិសដៅការងារសម្រាប់អាណត្តិថ្មី

មាស សុផាណារ៉ុង May 23, 2019


 

ភ្នំពេញ៖ សហព័ន្ធកីឡាសិស្ស-និស្សិតកម្ពុជា បានធ្វើមហាសន្និបាតបូកសរុបលទ្ធផលការងារអាណត្តិចាស់ និងលើកទិសដៅការងារសម្រាប់អាណត្តិថ្មី ពេញមួយព្រឹកថ្ងៃទី២៣ ខែឧសភា ដោយមានការអញ្ជើញចូលរួមពីសំណាក់ ឯកឧត្តម ស សុខា រដ្ឋលេខាធិការក្រសួងអប់រំ យុវជន និងកីឡា និងជាប្រធានសហព័ន្ធកីឡាសិស្ស-និស្សិតកម្ពុជា។

បើតាមការឲ្យដឹងពីឯកឧត្តម អ៊ុក សិទ្ធិជាតិ អគ្គនាយកនៃអគ្គនាយកដ្ឋានកីឡា និងជាអគ្គលេខាធិការសហព័ន្ធកីឡាសិស្ស-និស្សិតកម្ពុជា បានឲ្យដឹងថាសហព័ន្ធកីឡាសិស្ស-និស្សិតកម្ពុជា បង្កើតឡើងនៅឆ្នាំ១៩៩៨ គឺជាសហព័ន្ធពហុកីឡា (Multi Sports)។

សហព័ន្ធនេះជាសមាជិកសហព័ន្ធកីឡាសាកលវិទ្យាល័យអន្តរជាតិ (FISU) ជាសមាជិកសហព័ន្ធកីឡាសាកលវិទ្យាល័យអាស៊ី (AUSF) ជាសមាជិកសហព័ន្ធកីឡាសិស្សអាស៊ី (ASSF) ជាសមាជិកសហព័ន្ធកីឡាបាល់ទាត់សិស្សអាស៊ី (ASFF) សមាជិកក្រុមប្រឹក្សាកីឡាសិស្សអាស៊ាន (ASSC) និងជាសមាជិកក្រុមប្រឹក្សាកីឡាសាកលវិទ្យាល័យអាស៊ាន (AUSC)។

សព្វថ្ងៃនេះសហព័ន្ធកីឡាសិស្សនិស្សិតកម្ពុជា មានសមាជិកសមាគមកីឡាសិស្សស្ថិតក្រោមបរិបាលកិច្ចរបស់ មន្ទីរអប់រំ យុវជន និងកីឡា រាជធានី-ខេត្ត ចំនួន២៥ ធ្វើសកម្មភាពក្នុងនោះ មន្ទីរអប់រំ យុវជន និងកីឡា រាជធានី-ខេត្ត ចំនួន២៣បានបំពេញបែបបទឲ្យសមាគមកីឡាសិស្សចូលជាសមាជិករបស់សហព័ន្ធកីឡាសិស្ស-និស្សិតកម្ពុជា ដោយឡែកមន្ទីរអប់រំ យុវជន និងកីឡា ចំនួន២គឺ ខេត្តបាត់ដំបង និងខេត្តត្បូងឃ្មុំ ពុំទាន់បានបំពេញបែបបទឲ្យសមាគមកីឡាសិស្សរបស់ខ្លួនចូលជាសមាជិកសហព័ន្ធនៅឡើយ។

ឯកឧត្តម អ៊ុក សិទ្ធិជាតិ បានលើកឡើងថាសហព័ន្ធកីឡាសិស្ស-និស្សិតកម្ពុជា បានចូលរួមធ្វើសកម្មភាពជាច្រើន ទាំងក្នុងនិងក្រៅប្រទេស។ ចំពោះការប្រកួតវិញដណ្ដើមបាន មេដាយសរុបចំនួន២៧គ្រឿង ក្នុងនោះមាស៥គ្រឿង ប្រាក់១០គ្រឿង និងសំរិទ្ធ១២គ្រឿង។

ឯកឧត្តម ស សុខា ក៏បានធ្វើការកត់សំគាល់ដែរថាកីឡាករ-កីឡាការិនី ដែលក្លាយជាកីឡាថ្នាលពួកគេសុទ្ធតែមានប្រភពចេញមកពី កីឡាសិស្ស និស្សិត ភាគច្រើនបំផុត ហេតុនេះសហព័ន្ធកីឡាសិស្ស និស្សិតមានតួនាតីសំខាន់ខ្លាំងណាស់ សហព័ន្ធនេះទាមទារឲ្យមានការចូលរួមពីសាលារៀន គ្រប់រាជធានី-ខេត្ត ព្រោះធនធានកីឡាភាគច្រើននៅតាមសាលារៀន៕

 

រូបភាព៖ អគ្គនាយកដ្ឋានកីឡា

អត្ថបទ៖ វ៉ាន្នី

មតិយោបល់