ព្រឹត្តការណ៍ប្រណាំងយានយន្តឆ្លងកាត់ឧបសគ្គ ក្នុងដែនជម្រកសត្វព្រៃ «ព្រៃឡង់» ចាប់ផ្ដើមនៅថ្ងៃនេះ

មាស សុផាណារ៉ុង May 18, 2019


 

ភ្នំពេញ៖ ការប្រណាំងយានយន្ដឆ្លងកាត់ព្រៃឡង់ ក្រោមប្រធានបទ «រួមគ្នាថែរក្សាបរិស្ថាន និងធនធានធម្មជាតិ» បានចាប់ផ្ដើមហើយនៅថ្ងៃទី១៨ ខែឧសភា នេះបន្ទាប់ពីក្រុមការងារចំណាយពេលមួយថ្ងៃ គឺថ្ងៃទី១៧ ម្សិលមិញដើម្បីចុះឈ្មោះអ្នកចូលរួម។

ព្រឹត្តិការណ៍នេះរៀបចំដោយក្រុមហ៊ុន Kara កម្ពុជា សហការជាមួយក្រសួងបរិស្ថាន រួមជាមួយសហព័ន្ធកីឡាយានយន្តកម្ពុជា និងដៃគូមួយចំនួនទៀត។ លោក សោម កុសល អ្នកចាត់ការទូទៅការប្រណាំង Khmer Rally Raid បានអោយដឹងថា គណៈកម្មការរៀបចំការប្រកួតបានធ្វើការចុះឈ្មោះ និងត្រួតពិនិត្យប្រព័ន្ធសុវត្ថិភាពដល់ក្រុមប្រណាំងទាំងម៉ូតូ និងយានយន្ត ដើម្បីត្រៀមចេញដំណើរនៅថ្ងៃ១៨ ខែឧសភា នេះឆ្លងកាត់ខេត្តចំនួន៣ រួមមាន៖ ខេត្តកំពង់ធំ ខេត្តព្រះវិហារ និងខេត្តសៀមរាប លើចំងាយផ្លូវសរុបប្រមាណជាង ៦២៤គីឡូម៉ែត្រ។

ការប្រណាំង នឹងឆ្លងកាត់តំបន់ការពារដែនជម្រកសត្វព្រៃ «ព្រៃឡង់» និងដែនជម្រកសត្វព្រៃ «បឹងព្រែក» ដែនជម្រកសត្វព្រៃ «ព្រៃព្រះរកា» នៅខេត្តព្រះវិហារ ហើយបន្តទៅខេត្តសៀមរាប ក្រុមកីឡាករនឹងត្រូវឆ្លងកាត់តំបន់ឧទ្យានជាតិភ្នំគូលែន និងតំបន់ការពារធម្មជាតិជាច្រើនទៀត។

ព្រឹត្តការណ៍ដែលស្ថិតក្រោមប្រធានបទ «រួមគ្នាថែរក្សាបរិស្ថាន និងធនធានធម្មជាតិ» ឆ្នាំ២០១៩នេះ មានម៉ូតូប្រណាំងចំនួន ២០គ្រឿង រថយន្ត២១គ្រឿង ក្នុងនោះរថយន្តប្រណាំងកីឡាករជាតិចំនួន១៥គ្រឿង រថយន្តប្រណាំងរបស់ក្រុមកីឡាករអន្តរជាតិ ចំនួន៤គ្រឿង និងរថយន្តជំនួយគ្រឿងបម្លាស់ចំនួន ២គ្រឿង ផងដែរ៕

 

រូបភាព៖ ក្រសួងបរិស្ថាន – Ministry of Environment

អត្ថបទ៖ វ៉ាន្នី

មតិយោបល់