ចៅក្រមកាយសម្ព័ន្ធ កម្រិតអន្តរជាតិរបស់កម្ពុជា ២រូប ទៅចូលរួមសិក្ខាសាលានៅហ្វីលីពីន

មាស សុផាណារ៉ុង May 15, 2019


 

ភ្នំពេញ៖ កាលពីយប់ថ្ងៃទី១៣ ខែឧសភា ចៅក្រមកីឡាកាយសម្ព័ន្ធកម្រិតអន្តរជាតិកម្ពុជា ចំនួន២រូប បានចេញដំណើរទៅកាន់ប្រទេសហ្វីលីពីន ដើម្បីចូលរួមក្នុងសិក្ខាសាលាចៅក្រមអន្តរជាតិ នៅទីនោះ ជាការត្រៀមសម្រាប់ព្រឹត្តិការណ៍កីឡាអាស៊ីអាគ្នេយ៍ – ស៊ីហ្គេម ( SEA Games 2019 ) លើកទី៣០។

លោក ណយ ផាណា ដែលជាអគ្គលេខាធិការសហព័ន្ធកីឡាកាយសម្ព័ន្ធកម្ពុជា មានប្រសាសន៍ថា ចៅក្រមកម្ពុជា ទាំង២រូបនោះគឺ សោ សុផេង និងលោក វាស សារិទ្ធ ពួកគេសុទ្ធតែធ្លាប់បានទទួលការបណ្ដុះបណ្ដាលនៅប្រទេសជប៉ុន និងចិន ក្នុងឋានៈជាចៅក្រមអន្តរជាតិ។ លោកទាំង២ នឹងត្រឡប់មកវិញនៅថ្ងៃទី១៧ ខែដដែល។

សិក្ខាសាលានេះមានប្រទេសចំនួន១១ ក្នុងតំបន់អាស៊ីអាគ្នេយ៍ចូលរួម ដែលនេះជាសិក្ខាសាលាមួយសម្រាប់កីឡាអាស៊ីអាគ្នេយ៍ លើកទី៣០ ដើម្បីឲ្យពួកគេធ្វើការវិនិច្ឆ័យដោយភាពយុត្តិធម៌ ក្នុងការផ្ដល់ពិន្ទុ។ សិក្ខាសាលានេះត្រូវបានគេប្រសិទ្ធិនាមថា MAG Judges Seminar Philippine ដែលជាសិក្ខាសាលាលើប្រភេទកីឡាកាយសម្ព័ន្ធអាកទីស្ទិក (Artistic Gymnastic)។

សូមបញ្ជាក់ថា លោក វាស សារិទ្ធ និងលោក សោ សុផេង ជាចៅក្រមកាយសម្ព័ន្ធអាអេរ៉ូប៊ិក (Aerobic Gymnastic) ពេលនេះលោកទាំងពីរនឹងបានទទួលជំនាញបន្ថែមក្នុងការផ្ដល់ពិន្ទុ សម្រាប់កាយសម្ព័ន្ធអាកទីស្ទីក។

ធនធានមនុស្សមានសារៈសំខាន់ណាស់សម្រាប់ព្រឹត្តិការណ៍ស៊ីហ្គេម ពិសេសភាពយុត្តិធម៌របស់មន្ត្រីខាងកាត់ក្ដីនេះតែម្ដង ហេតុដូចនេះហើយទើបមុនពេលស៊ីហ្គេមមកដល់ប្រទេសដែលជាម្ចាស់ផ្ទះតែងតែរៀបចំសិក្ខាសាលាដើម្បីឲ្យអ្វីៗប្រព្រឹត្តិទៅដោយយុត្តិធម៌៕

 

រូបភាព៖ សហព័ន្ធកីឡាកាយសម្ព័ន្ធកម្ពុជា – Cambodia Gymnastics Federation

អត្ថបទ៖ វ៉ាន្នី

មតិយោបល់