ស៊ន សៀវម៉ី និងថិប កាសាន់ទ្រេនីកូល ចេញទៅដណ្ដើមមេដាយតេក្វាន់ដូពិភពលោក នៅអង់គ្លេស

មាស សុផាណារ៉ុង May 14, 2019


 

ភ្នំពេញ៖ ប្រតិភូតេក្វាន់ដូ WT (World Taekwondo) កម្ពុជា រួមជាមួយកីឡាការិនី ស៊ន សៀវម៉ី បានទៅដល់ទីក្រុង Manchester នៃចក្រភពអង់គ្លេស ហើយដើម្បីចូលរួមប្រកួតក្នុងព្រឹត្តិការណ៍ជើងឯកពិភពលោក លើកទី១៩ «World Taekwondo CHAMPIONSHIP 2019» នៅទីនោះ។

ប្រតិភូកម្ពុជាដឹកនាំដោយ លោក ជ្រិន សុធា ដែលជាអនុប្រធានខេមរសហព័ន្ធតេក្វាន់ដូ WT លោក Choi yong Sok គ្រូបង្វឹក និងកីឡាការិនី ស៊ន សៀវម៉ី និងកីឡាការិនី ថិប កាសាន់ទ្រេនីកូល ( Cassandre Nicole Tubbs ) ដែលជាកីឡាការិនីកូនកាត់ខ្មែរអាមេរិក។ កីឡាការិនី ថិប កាសាន់ទ្រេនីកូល ម្ចាស់មេដាយមាសក្នុងព្រឹត្តិការណ៍ការប្រកួតពានរង្វាន់ World Taekwondo President Cup 2018 នឹងចេញដំណើរពីអាមេរិក ហោះឆ្ពោះទៅកាន់ ចក្រភពអង់គ្លេស តែម្តង។

កីឡាការិនីរូបនេះនឹងប្រកួតក្នុង ប្រភេទទម្ងន់៥៧គីឡូក្រាម ដែលប្រភេទទម្ងន់នេះមានប្រទេសចំនួន៧៤ចូលរួម ខណៈ កីឡាការិនី ស៊ន សៀវម៉ី ប្រកួតលើវិញ្ញាសាប្រយុទ្ធប្រភេទ ទម្ងន់ក្រោម៧៣គីឡូក្រាម ដែលមានប្រទេសចំនួន៣៨ចូលរួម។

អ្នកឈ្នះក្នុងព្រឹត្តិការណ៍ World Taekwondo CHAMPIONSHIP ឆ្នាំ ២០១៩នេះ នឹងមានសិទ្ធិក្នុងការប្រកួតកីឡាអូឡាំពិកឆ្នាំ២០២០ ដោយស្វ័យប្រវត្តិ។

សម្រាប់ការប្រកួតខាងលើនេះ គណៈកម្មការត្រូវជ្រើសរើស កីឡាករ-កីឡាការិនី ដែលមានចំណាត់ថ្នាក់ (Ranking) ល្អដោយមិនគិតថាប្រទេសណា ឬប្រទេសណាឡើយ គឺមានសិទ្ធចូលរួមប្រកួត បើចំណាត់ថ្នាក់ពិភពលោក មិនល្អ មិនត្រូវបានអនុញ្ញាតឲ្យចូលរួមឡើយ៕

 

អត្ថបទ៖ វ៉ាន្នី

មតិយោបល់