ស្វាមីម្ចាស់ក្លឹបបាល់ទាត់វិសាខា ជាប់ឈ្មោះជាប្រធានសហព័ន្ធកីឡាប៊ូល និងប៉េតង់កម្ពុជា អាណត្តិទី៦

មាស សុផាណារ៉ុង May 13, 2019


 

ភ្នំពេញ៖ សហព័ន្ធកីឡាប៊ូល និងប៉េតង់កម្ពុជា បានធ្វើការរុះរើក្បាលម៉ាស៊ីនជាថ្មីតាមរយៈមហាសន្និបាតវិសាមញ្ញ នាល្ងាចថ្ងៃទី១២ ខែឧសភា ដោយស្វាមីម្ចាស់ក្លឹបបាល់ទាត់វិសាខា ( លោកជំទាវ កែ សួនសុភី ) ឯកឧត្តម ស​ សុខា ជាប់ឈ្មោះជាប្រធានថ្មីសម្រាប់អាណត្តិទី៦។

តាមរយៈមហាសន្និបាតវិសាមញ្ញនេះ ឯកឧត្តម ស សុខា រដ្ឋលេខាធិការនៃក្រសួងអប់រំ យុវជន និងកីឡា ត្រូវបានទទួលការគាំទ្រជាប្រធានសហព័ន្ធថ្មីជំនួស ឯកឧត្តម ព្រំ​ ឌិន​ ដែលផុតអាណត្តិ ស្របពេលដែលអង្គសន្និបាត ក៏បានសម្រេចបោះឆ្នោតជ្រើស ឯកឧត្តម ប៊ូ ជុំសេរី, ឯកឧត្តម អ៊ុក សិទ្ធិជាតិ, លោក ស៊ុម សុជាតិ, លោក លាង ឃុន និងលោក សុខ ហុង ជាអនុប្រធានសហព័ន្ធ។

ឯកឧត្តម សុខ សប្បាយណា អនុរដ្ឋលេខាធិការក្រសួងអប់រំ យុវជន និងកីឡា បានក្លាយជាអគ្គលេខាធិការរបស់សហព័ន្ធជំនួសលោក អ៊ិន គឹមស្រ៊ុន លោក ព្រហ្ម ប៊ុណ្ណយី ដែលជាទីប្រឹក្សាក្រសួងអប់រំ យុវជន និងកីឡា និងលោក សូម៉ៃ សុខគា ដែលដកខ្លួនថយមួយរយៈនោះបានក្លាយជាអគ្គលេខាធិការរង។ លោក ណុប ដារ៉ា ជាអគ្គហេរញ្ញឹក ចំណែកកញ្ញា នូ សុវត្ថិចាន់វល័ក្ខ និងសមាជិកចាស់៤នាក់ រក្សាថានៈជាសមាជិកប្រតិបត្តដដែល។

ឯកឧត្តម ស សុខា

ក្នុងឋានៈជាប្រមុខថ្មីនៃសហព័ន្ធកីឡាប៊ូល និងប៉េតង់កម្ពុជា ឯកឧត្តម ស សុខា ប្ដេជ្ញាចិត្តបន្តពង្រឹងកីឡាប៊ូល និងប៉េតង់កម្ពុជា ដោយពង្រីកក្លឹបឲ្យបានគ្រប់ខេត្ត បណ្ដុះបណ្ដាលសមត្ថភាពគ្រូបង្វឹក ពង្រីកការប្រកួត ស្វះស្វែងរកមូលនិធិដើម្បីទ្រទ្រង់សហព័ន្ធ និងពង្រឹងវិន័យក្នុងការដឹកនាំឈានទៅជោគជ័យរួម៕

 

រូបភាព៖ អគ្គនាយកដ្ឋានកីឡា

អត្ថបទ៖ វ៉ាន្នី

មតិយោបល់