យុទ្ធនាការហ្វឹកហាត់ក្រុមកីឡាករជម្រើសជាតិ បានចាប់ផ្ដើមដើម្បីត្រៀមស៊ីហ្គេម នៅហ្វីលីពីន ចុងឆ្នាំនេះ

មាស សុផាណារ៉ុង May 13, 2019


 

ភ្នំពេញ៖ ការបើកយុទ្ធនាការ ហ្វឹកហាត់ក្រុមកីឡាជម្រើសជាតិ បានចាប់ផ្ដើមហើយកាលពីល្ងាចថ្ងៃទី១២ ខែឧសភា ក្រោមការចូលរួមពីឯកឧត្តម ស សុខា រដ្ឋលេខាធិការក្រសួងអប់រំ យុវជន និងកីឡា កីឡាករ-កីឡាការិនីជម្រើសជាតិ និងកីឡាករ-កីឡាការិនីថ្នាល ព្រមទាំងកីឡាករ-កីឡាការិនីជនពិការ មួយក្រុមដែលមានចំនួនសរុប ១,០០៤នាក់ លើ៣៤ប្រភេទកីឡា ត្រូវបានប្រមូលផ្ដុំដើម្បីហ្វឹកហាត់នាឆ្នាំនេះ។

ឆ្នាំនេះជាឆ្នាំព្រឹត្តិការណ៍កីឡាអាស៊ីអាគ្នេយ៍ ( ​SEA Games 2019 ) លើកទី៣០ នៅប្រទេសហ្វីលីពីន ហេតុនេះ កីឡាករ-កីឡាការិនី ត្រូវបំពេញបេសកកម្មហ្វឹកហាត់រយៈពេល៧ខែ។ ក្នុងការប្រមូលផ្ដុំនេះ ក្រសួងអប់រំ យុវជន និងកីឡា បានផ្ដល់សិទ្ធដល់សហព័ន្ធជាតិឲ្យបង្កើតគណៈកម្មការបច្ចេកទេស ក្នុងការជ្រើសរើសគ្រូបង្វឹក កីឡាករ-កីឡាការិនី ដែលមានលក្ខណៈសម្បត្តិសមស្របតាមចំនួនដែលក្រសួងកំណត់បញ្ជូនមកស្នើសុំធ្វើការប្រមូលផ្ដុំក្នុងក្រុមជម្រើសជាតិ ឆ្នាំ២០១៩។

សម្រាប់ក្រុមថ្នាល មាន១៧ប្រភេទកីឡា ទៅហ្វឹកហាត់ និងស្នាក់នៅក្នុងពហុកីឡដ្ឋានមរតកតេជោ ដោយក្រសួងរៀបចំផ្ទេរសាលាឲ្យមកសិក្សានៅសាលាក្បែរៗពហុកីឡដ្ឋានមរតកតេជោ ព្រមទាំងមានពេទ្យប្រចាំការជាប្រចាំ។ ១០ប្រភេទកីឡា នឹងហាត់នៅពហុកីឡដ្ឋានជាតិអូឡាំពិក ខណៈ ៥ប្រភេទកីឡាផ្សេងទៀតហាត់នៅខាងក្រៅដូចជា បាល់ទាត់អាយុក្រោម១៥ឆ្នាំ និងក្រោម១៨ឆ្នាំ ( ហាត់នៅសាលាបាល់ទាត់បាទី ) ទូកប្រពៃណី ( ហាត់នៅតាខ្មៅ ) ទូកក្ដោង ( ហាត់នៅឆ្នេរសមុទ្ររាម ) បាល់ទះលើក្ដារ ( ហាត់នៅក្លឹបវិសាខា ) និងជិះសេះ ហាត់នៅ CCC ( Cambodian Country Club )។

ក្រុមជម្រើសជាតិ ហាត់នៅអគារ១១ជាន់ របស់មជ្ឈមណ្ឌលជាតិហ្វឹកហ្វឺនកីឡា។ របបហូបចុកសម្រាប់ម្នាក់ក្នុងមួយថ្ងៃ ៤៤,០០០រៀល។ ការហ្វឹកហាត់ចែកចេញជា ៣ដំណាក់កាលដែលក្រោមជម្រើសជាតិត្រូវហាត់ក្នុងមួយថ្ងៃ៧ម៉ោង និងក្រុមថ្នាលយ៉ាងហោចណាស់មួយថ្ងៃ៥ម៉ោង។

ការហ្វឹកហាត់ចែកចេញជា ៣ដំណាក់កាលរួមមាន៖

  • ដំណាក់កាលទី១ ជាដំណាក់កាលរៀបចំហ្វឹកហាត់ ផ្នែកកម្លាំង ៥៥ភាគរយ បច្ចេកទេស ៣៥ភាគរយ និងកលល្បិច ១៥ភាគរយ
  • ដំណាក់កាលទី២ ជាដំណាក់កាលត្រៀមប្រកួតនោះត្រូវហ្វឹកហ្វឺន បច្ចេកទេស ៤៥ភាគរយ កម្លាំង ៣០ភាគរយ និងកលល្បិច ២៥ភាគរយ
  • ដំណាក់កាលទី៣ ជាតំណាក់កាលប្រកួតហ្វឹកហាត់ កលល្បិច ៦០ភាគរយ កម្លាំង ១៥ភាគរយ និងបច្ចេកទេស ១៥ភាគរយ

បញ្ចប់ដំណាក់កាលនីមួយៗ ត្រូវធ្វើតេស្តបច្ចេកទេសដើម្បីវាស់ស្ទង់គុណផលកីឡា ការហ្វឹកហាត់ទទួលបានគុណផលខ្ពស់ត្រូវពឹងផ្អែកលើកត្តា ៤យ៉ាងគឺ ធនធានមនុស្ស ទីលានហាត់ហ្វឹកហ្វឺន ផែនការហាត់ហ្វឹកហ្វឺន ការហូបចុកស្នាក់នៅ និងការលើកទឹកចិត្ត។

ចំពោះយន្ដការត្រួតពិនិត្យអនុរក្សតាមដានត្រួតពិនិត្យការហ្វឹកហាត់ ការស្នាក់នៅរបស់កីឡាករ។ ក្រុមប្រឹក្សាវិន័យរបស់មជ្ឈមណ្ឌលជាតិហ្វឹកហ្វឺនកីឡា ត្រូវដាក់វិន័យចំពោះគ្រូបង្វឹក កីឡាករ-កីឡាការិនីដែលប្រព្រឹត្តិផ្ទុយពីបទបញ្ជាផ្ទៃក្នុង ខណៈការគ្រប់គ្រងកីឡាករ-កីឡាការិនី ត្រូវធ្វើតាមប្រព័ន្ធពត៌មានវិទ្យា៕

 

រូបភាព៖ អគ្គនាយកដ្ឋានកីឡា

អត្ថបទ៖ វ៉ាន្នី

មតិយោបល់