ពហុកីឡដ្ឋានជាតិថ្មី សម្រេចការសាងសង់បាន៥០ភាគរយ ហើយគ្រោងនឹងបញ្ចប់ការសាងសាង់នៅចុងឆ្នាំ២០២០

មាស សុផាណារ៉ុង May 13, 2019


 

ភ្នំពេញ៖ នាព្រឹកថ្ងៃទី១២ ខែឧសភា ឆ្នាំ២០១៩ ថ្នាក់ដឹកនាំជាន់ខ្ពស់នៃកីឡាកម្ពុជា បានចុះទៅពិនិត្យមើលការបញ្ចប់គ្រឿងបង្គំសំខាន់ៗ នៅពហុកីឡដ្ឋានមរតកតេជោ ដែលជាកីឡដ្ឋានសម្រាប់ត្រៀមទទួលរៀបចំព្រឹត្តិការណ៍កីឡាអាស៊ីអាគ្នេយ៍ ( SEA Games ) ដែលកម្ពុជា ធ្វើជាម្ចាស់ផ្ទះនៅឆ្នាំ២០២៣។

ការចុះត្រួតពិនិត្យនេះ ស្ថិតក្រោមការដឹកនាំដោយ ឯកឧត្តម ថោង ខុន រដ្ឋមន្ត្រីក្រសួងទេសចរណ៍ និងជាប្រធានគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា អមដំណើរមានមន្ត្រីជាន់ខ្ពស់ក្រសួងទេសចរណ៍ ឯកឧត្តម អ៊ុក សិទ្ធិជាតិ អគ្គនាយកនៃអគ្គនាយកដ្ឋានកីឡា លោក U An អគ្គទីប្រឹក្សាការិយាល័យសេដ្ឋកិច្ច និងពាណិជ្ជកម្មអមស្ថានទូតចិន ប្រចាំនៅកម្ពុជា លោក Zhou Wali តំណាងក្រសួងពាណិជ្ជកម្មចិន។

បើគិតពីថ្ងៃទី៣១ ខែសីហា ឆ្នាំ២០១៧ មកការសាងសង់ពហុកីឡដ្ឋាននេះ បានដំណើរការ ២០ខែហើយ ហើយការសាងសង់នេះត្រូវចំណាយពេលវេលា៤០ខែ ហេតុនេះនៅចុងឆ្នាំ២០២០ ការសាងសង់នឹងត្រូវបញ្ចប់ជាស្ថាពរ។

ការសាងសង់សម្រេចបានប្រមាណ ៥០ភាគរយហើយ ខណៈចំពោះការតម្លើងថាសបង្គំកៅអីអង្គុយសម្រេចបានប្រមាណ ៧០ភាគរយផងដែរ។ ការសាងសង់ពហុកីឡដ្ឋានដ៏ធំនេះបានប្រើប្រាស់កម្លាំងពលកម្មប្រមាណ៨០០នាក់ ដែលក្នុងនោះកម្លាំងពលកម្ម និងអ្នកជំនាញការចិន ៥៤០នាក់ និងខ្មែរប្រមាណជាង៣០០នាក់។

ឯកឧត្តម ថោង ខុន បានមានប្រសាសន៍ប្រាប់បណ្ដាញសារព័ត៌មានថា បន្ទាប់ពីបញ្ចប់ការសាងសង់ កម្ពុជានៅត្រូវការអ្នកឯកទេសចិនយ៉ាងហោចណាស់រយៈពេលពីរឆ្នាំទៀត ពោលគឺរហូតដល់ចប់ស៊ីហ្គេម ឆ្នាំ២០២៣ ព្រោះកម្ពុជានៅឲ្យអ្នកជំនាញចិនជួយដណ្ដុះបណ្ដាលដល់អ្នកជំនាញកម្ពុជា ក្នុងការប្រើប្រាស់ហេដ្ឋារចនាសម្ព័ន្ធនេះ។

អ្នកជំនាញការខ្មែរសម្រាប់គ្រប់គ្រងលើផ្នែកសំខាន់ៗត្រូវការរាប់រយនាក់ហេតុនេះពួកគេត្រូវតែមានបទពិសោធន៍ក្នុងការគ្រប់គ្រងច្បាស់លាស់៕

 

រូបភាព៖ គណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា – NOC Cambodia

អត្ថបទ៖ វ៉ាន្នី

មតិយោបល់