ទេព ទីម៉ូធី កំពុងក្លាយជាក្តីសង្ឃឹមសម្រាប់តេន្នីសកម្ពុជា ក្នុងព្រឹត្តិការណ៍ស៊ីហ្គេមលើកទី៣០នេះ

នូ មករា May 11, 2019


ភ្នំពេញ៖ កីឡាករវាយកូនបាល់វ័យក្មេងកម្ពុជា ទេព ទីម៉ូធី បានក្លាយជាគ្រាប់ពេជ្រគួរជាទីសង្ឃឹមសម្រាប់ស៊ីហ្គេមលើកទី៣០នៅប្រទេសហ្វីលីពីននាចុងឆ្នាំ២០១៩នេះ។ សូមបញ្ជាក់ថា កីឡាករវ័យ ១៩ឆ្នាំរូបនេះបានទទួលអាហារូបករណ៍ទៅសិក្សាផ្នែកសេដ្ឋកិច្ចនៅសហរដ្ឋអាមេរិករយៈពេល៤ឆ្នាំដែលនេះគឺជាឆ្នាំទី១របស់គេ។ លោក ទេព រិទ្ធិវិទ្ធ ដែលជាអគ្គលេខាធិការសហព័ន្ធកីឡាវាយកូនបាល់កម្ពុជាបានបញ្ជាក់ថា ការបានទទួលអាហារូបករណ៍គឺជារឿងមួយចំណែកឯរឿងដែលសំខាន់មួយទៀតនោះគឺរូបគេក៏ជាកីឡាករវាយកូនបាល់ប្រចាំសាកលវិទ្យាល័យដែលគេកំពុងសិក្សាផងដែរ។

ក្នុងនាមជាឳពុកផងនោះ លោកបានបន្ថែមថា សព្វថ្ងៃរូបគេកំពុងតែសិក្សានៅសាកលវិទ្យាល័យ Virginia Wesleyan University ដោយនៅទីនោះ ទីម៉ូធី បានឈ្នះពាន Award To Best Male Athlete ក្នុងការប្រកួតប្រចាំសាកលវិទ្យាល័យទៀតផង។ លោកអគ្គលេខាធិការបានបញ្ជាក់ថា នៅប្រទេសអាម៉េរិគក៏ដូចប្រទេសដទៃទៀតដែរកីឡាករល្អៗគឺមានប្រភពចេញមកពីនិស្សិតសាកលវិទ្យាល័យ ។

ជាមួយគ្នានេះ ទីម៉ូធី កំពុងតែប្រឡូកជាមួយក្រុមអ្នកខ្លាំងហើយទម្រាំស៊ីហ្គេមមកដល់យ៉ាងហោចណាស់ក៏រូបគេបានឆ្លងកាត់ជាង ៥០ប្រកួតដែរ ហើយការប្រកួតច្រើនបែបនេះគឺជាការហ្វឹកហាត់មួយដ៏សំខាន់ ព្រោះរូបគេមិនត្រឹមតែត្រូវត្រៀមខ្លួនសម្រាប់ស៊ីហ្គេមប៉ុណ្ណោះទេ ប៉ុន្តែក៏ត្រៀមខ្លួនសម្រាប់ព្រឹត្តិការណ៍ Davis-Cup នៅប្រទេសអូម៉ង់នាឆ្នាំនេះដែរ៕
អត្ថបទ៖ វ៉ាន្នី

មតិយោបល់