សហព័ន្ធកីឡាវាយកូនបាល់កម្ពុជា បង្កើតព្រឹត្តិការណ៍២ ផ្ដល់ឱកាសដល់កុមារអាចចូលរួមប្រកួត

មាស សុផាណារ៉ុង May 10, 2019


 

ភ្នំពេញ៖ សហព័ន្ធកីឡាវាយកូនបាល់កម្ពុជា ដោយមានការឧបត្ថម្ភពីក្រុមហ៊ុនលក់សម្ភារៈកីឡា Decathlon បានបង្កើតនូវព្រឹត្តិការណ៍ចំនួន២ ដើម្បីផ្ដល់ឱកាសដល់កុមារវ័យក្មេងៗ តាមរយៈកម្មវិធីប្រកួតវាយកូនបាល់។

ព្រឹត្តិការណ៍ទាំង២ នេះមានឈ្មោះថា Decathlon Junior និង Open Serie 2019។ ការប្រកួតយុវជនលើកទី១ ប្រព្រឹត្តិទៅចាប់ពីថ្ងៃទី១៧ ដល់ថ្ងៃទី១៩ ខែឧសភា ចំពោះព្រឹត្តិការណ៍ Open Serie 2019 ចាប់ផ្ដើមពីថ្ងៃទី៣១ ខែឧសភា ដល់ថ្ងៃទី០២ ខែមិថុនា។

លោក ទេព រិទ្ធីវិទ អគ្គលេខាធិការសហព័ន្ធកីឡាវាយកូនបាល់កម្ពុជា មានជំនឿចិត្តថានឹងមានអ្នកវាយកូនបាល់វ័យក្មេង ចំនួន ១៣.០០០នាក់ ចូលរួមលេង។ សហព័ន្ធនឹងផ្ដល់ឱកាសដល់ពួកគេយ៉ាងហោចណាស់ក៏លេងបាន ២ប្រកួតផងដែរ។

ការប្រកួតនេះនឹងមានចំណាត់ថ្នាក់សម្រាប់ កីឡាករ-កីឡាការិនី គ្រប់ការប្រកួតដែលមានជារឿងរាល់ខែហើយ នៅខែធ្នូ ឬខែមករា នាឆ្នាំបន្ទាប់សហព័ន្ធនឹងរៀបចំការប្រកួតមួយទៀតដែលត្រូវបានប្រសិទ្ធិនាមថា Decathlon Masters ព្រឹត្តិការណ៍រៀបចំឡើងសម្រាប់តែ កីឡាករ-កីឡាការិនី ៨រូបដែលមានចំណាត់ថ្នាក់ល្អតែប៉ុណ្ណោះ។

លោកអគ្គលេខាធិការបញ្ជាក់បន្ថែមថា នេះជាព្រឹត្តិការណ៍ដែលធ្វើឡើងសម្រាប់ប្រភេទអាយុក្រោម១០ឆ្នាំ ប្រភេទអាយុក្រោម១២ឆ្នាំ និងក្រោម១៤ឆ្នាំ។ ព្រឹត្តិការណ៍ទី២ នេះធ្វើឡើងដោយមិនប្រកាន់ជាតិសាសន៍នោះទេឲ្យតែអ្នកចូលចិត្តលេងវាយកូនបាល់គេអាចលេងបានទាំងអស់ព្រោះនេះជាការប្រកួតបើកទូលាយ។

លោក Jean Baptise Prigent ដែលជាប្រធានក្រុមហ៊ុន Decathlon បានថ្លែងដែរថាលោកមានវ័យ៣៧ឆ្នាំ លោកជាអតីតអ្នកលេងកីឡាវាយកូនបាល់ ហើយលោកលេងកីឡានេះតាំងពីអាយុ៦ឆ្នាំមកម្ល៉េះ។ ទោះបីលោកមិន មែនជាអ្នកលេងកូនបាល់ដ៏ល្បីល្បាញក៏ពិតមែនតែលោកចូលចិត្ត និងមានអារម្មណ៍ដក់នៅជាមួយកីឡានេះ។ ហេតុនេះហើយទើបលោកត្រូវតែជួយដល់កីឡានៅគ្រប់កន្លែងដែលលោកទៅដល់៕

 

រូបភាព៖ Tennis Cambodia

អត្ថបទ៖ វ៉ាន្នី

មតិយោបល់