ឆ្នាំក្រោយអាចនឹងមានការរត់ ៤២គីឡូម៉ែត្រ ក្រោយបានការគាំទ្រពីសាលាក្រុង និងប្រធាន NOCC

មាស សុផាណារ៉ុង May 8, 2019


 

ភ្នំពេញ៖ គម្រោងរៀបចំអោយមានព្រឹត្តិការណ៍ប្រកួតរត់ប្រណាំងម៉ារ៉ាតុងអន្តរជាតិភ្នំពេញ ៤២គីឡូម៉ែត្រ បានចាប់ផ្ដើមតាំងពីឆ្នាំ២០១៨ ឯណោះ ដោយដាក់បញ្ចូលរួមជាមួយនឹងព្រឹត្តិការណ៍ពាក់កណ្ដាលម៉ារ៉ាតុង ២១គីឡូម៉ែត្រ ដែលកំពុងតែជោគជ័យខ្លាំង នៅក្នុងរាជធានីភ្នំពេញ។ ខណៈព្រឹត្តិការណ៍នេះ អាចនឹងធ្វើនៅឆ្នាំក្រោយពិតប្រាកដមែន ដោយសារឆ្នាំនេះ ទាំងឯកឧត្តម ថោង ខុន រដ្ឋមន្ដ្រីក្រសួងទេសចរណ៍ និងជាប្រធាន NOCC រួមទាំងសាលាក្រុងភ្នំពេញ សុទ្ធតែគាំទ្រគម្រោងនេះ។

អគ្គលេខាធិការនៃគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា ឯកឧត្តម វ៉ាត់ ចំរើន បានមានប្រសាសន៍ថា៖ «ព្រឹត្តិការណ៍រត់ប្រណាំងម៉ារ៉ាតុងអន្តរជាតិភ្នំពេញនេះ យើងអាចចាប់ផ្ដើមពីមុខព្រះបរមរាជវាំង ឆ្ពោះទៅពហុកីឡដ្ឋានជាតិមរតកតេជោ ឬវិមានឈ្នះ ឈ្នះ ហើយត្រឡប់មកវិញ។ ហើយគម្រោងនេះ ក៏អាចចាត់ទុកជាគំរូផ្លូវរត់ សម្រាប់ដំណើរឆ្ពោះទៅស៊ីហ្គេម ឆ្នាំ២០២៣ ដែរ។ ដូច្នេះបើ NOCC បង្កើតបានព្រឹត្តិការណ៍ “ភ្នំពេញម៉ារ៉ាតុង” មួយទៀត មានន័យថា កម្ពុជាមានព្រឹត្តិការណ៍នេះចំនួន២ ដោយ ១ទៀត គឺបានរៀបចំ ៥លើករួចមកហើយ នៅលើទឹកដីអង្គរ ខេត្តសៀមរាប»។

លោកបន្តថា៖ «ឆ្នាំក្រោយ គឺជាខួប ១០ឆ្នាំ នៃទិវារត់ពាក់កណ្ដាលម៉ារ៉ាតុងភ្នំពេញ តែយើងអាចដំឡើងពីរត់ពាក់កណ្ដាលម៉ារ៉ាតុង (២១គីឡូម៉ែត្រ) ទៅជារត់ភ្នំពេញម៉ារ៉ាតុង (៤២គីឡូម៉ែត្រ) វិញ ព្រោះឯកឧត្តម ថោង ខុន និងសាលាក្រុងភ្នំពេញ ចង់ឲ្យភ្នំពេញក្លាយជាព្រឹត្តិការណ៍ ប្រចាំរាជធានីភ្នំពេញមួយ ដើម្បីផ្សព្វផ្សាយ ទៅកាន់ពិភពលោក ដែលយើងគ្រោងធ្វើឲ្យដូចបូស្តូនម៉ារ៉ាតុង ប៉ារីសម៉ារ៉ាតុង ឬតូក្យូម៉ារ៉ាតុងជាដើម»។

គួបញ្ជាក់ផងដែរថា៖ គោលបំណាងសំខាន់ៗ ក្នុងការរៀបចំព្រឹត្តិការណ៍នេះ គឺដើម្បីចូលរួមអបអរសាទរ ព្រះរាជពិធីបុណ្យចម្រើនព្រះជន្ម សម្ដេចព្រះមហាក្សត្រី នរោត្តម មុនីនាថ សីហនុ ព្រះវររាជមាតាជាតិខ្មែរ ក៏ដូចជាការផ្សព្វផ្សាយអំពីការ ត្រៀមធ្វើម្ចាស់ផ្ទះកីឡាស៊ីហ្គេម ក្រោមពាក្យស្លោក “យើងនាំគ្នារត់ឆ្ពោះទៅស៊ីហ្គេម ឆ្នាំ២០២៣” រត់ដើម្បីទីក្រុងស្អាត និងស្វែងរកមូលនិធិជួយដល់ មន្ទីរពេទ្យគន្ធបុប្ឋាជាដើម៕

 

រូបភាព៖ គណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា – NOC Cambodia

អត្ថបទ៖ ប៉ាវឡុង ជីង

មតិយោបល់