អតីតអង្គរក្សឆ្នើមនៅកម្ពុជា លះបង់ដីដើម្បីសាងសង់ក្លឹបកីឡាប្រយុទ្ធ សម្រាប់ប្រើប្រាស់ជាសាធារណៈ

មាស សុផាណារ៉ុង May 8, 2019


 

ភ្នំពេញ៖ ក្លឹបហ្វឹកហាត់ និងប្រកួតប្រភេទកីឡាប្រយុទ្ធមួយដែលផ្តើមគំនិតឡើងដោយ លោកឧត្តមសេនីយ៍ ម៉ក់ សំអុល ដែលមានទីតាំងលើផ្ទៃដីជិត ២ហិកតា ក្នុងភូមិជើងព្រៃ ឃុំអំពៅព្រៃ ស្រុកកណ្ដាលស្ទឹង ខេត្តកណ្ដាល ត្រូវបានសាងសង់ហើយដើម្បីបម្រើដល់ការហ្វឹកហាត់ និងប្រកួតប្រភេទកីឡាប្រយុទ្ធមុននឹងព្រឹត្តិការណ៍កីឡាស៊ីហ្គេមលើកទី៣២ ឆ្នាំ២០២៣ ដែលកម្ពុជាធ្វើម្ចាស់ផ្ទះ។

ទោះជាទីតាំងជាកម្មសិទ្ធឯកជនរបស់ លោក ម៉ក់ សំអុល ហើយការសាងសង់ចំណាយថវិកាពីសប្បុរសជន ប៉ុន្តែនឹកដាក់ឲ្យប្រើប្រាស់ជាសាធារណៈមិនគិតកម្រៃ និងជាមរតកស្នាដៃរបស់លោកទុកសម្រាប់ជាតិដោយគ្មានលក់ដូរអ្វីឡើយ។ លោក ម៉ក់ សំអុល ដែលបច្ចុប្បន្នជាប្រធានសមាគមកីឡាប្រយុទ្ធក្រសួងមហាផ្ទៃ និងជាអ្នកស្រឡាញ់ការហាត់គុនបានប្រាប់ឲ្យដឹងថា ក្លឹបគុនចម្រុះ ឬប្រភេទកីឡាប្រយុទ្ធនេះទទួលបានការអនុញាតិដាក់ឈ្មោះថា «ក្លឹបសម្ដេចតេជោ ហ៊ុន សែន ជើងព្រៃ» ហើយគ្រប់ប្រភេទកីឡាប្រយុទ្ធអាចទៅហ្វឹកហាត់នៅក្លឹបគុនចម្រុះ សម្ដេចតេជោ ហ៊ុន សែន ជើងព្រៃបានដោយគ្មានបង់ប្រាក់។

ការសាងសង់ចាប់ផ្តើមបាន ២០ភាគរយ ហើយគ្រោងបញ្ចប់នៅចុងឆ្នាំ២០១៩ នេះយ៉ាងយូរបំផុត ដើម្បីឲ្យកីឡាប្រយុទ្ធផ្សេងៗបានចូលហ្វឹកហាត់ទាំងអស់គ្នា។ ប្រធានសមាគមន៍កីឡាប្រដាល់ក្រសួងមហាផ្ទៃ និងជាប្រធានក្លឹបគុនចម្រុះសម្ដេចតេជោ ហ៊ុន សែន ជើងព្រៃបានថ្លែងថាក្លឹបរបស់លោកដែលមានទីតាំងក្នុងភូមិជើងព្រៃ ឃុំអំពៅព្រៃ ស្រុកកណ្ដាលស្ទឹង ខេត្តកណ្ដាល បើគិតពីភ្នំពេញតាមផ្លូវជាតិលេខ២ តែ២២គីឡូម៉ែត្រប៉ុណ្ណោះ ហើយអនាគតនឹងក្លាយជាមជ្ឈមណ្ឌលហ្វឹកហាត់កីឡាប្រយុទ្ធទាំងអស់នៅកម្ពុជា។

ប្រធានក្លឹបរូបនេះបញ្ជាក់ថា៖ «ខ្ញុំមិនមែនអ្នកមានទេ ប៉ុន្តែខ្ញុំមានដីប៉ុណ្ណឹងគឺចូលរួមក្នុងវិស័យកីឡា ខណៈដែលថវិកាសាងសង់បានពីសប្បុរសជន មិត្តភក្តិ និងថ្នាក់ដឹកនាំមួយចំនួន ប៉ុន្តែសម្រាប់ក្លឹបទី២ នេះទទួលបានថវិកាពីក្មួយ ហ៊ុន ម៉ានិត ចំនួន១០ម៉ឺនដុល្លារ។ ក្រៅពីសាងសង់អគារហ្វឹកហាត់ លោកនឹងស្វែងរកជំនួយសម្រាប់សាងសង់អន្តេវាសឹកដ្ឋានមួយអាគារទៀតសម្រាប់ កីឡាករ-ការិនី ដែលមកពីឆ្ងាយស្នាក់នៅ»។

លោកឧត្តមសេនីយ៍ ម៉ក់ សំអុល បន្ថែមថាដោយសារខ្ញុំស្រឡាញ់ និងចូលចិត្តក្បាច់គុន ហើយពេលនេះលោកមានវ័យកាន់តែច្រើន ហេតុនេះលោកចង់បន្សល់ស្នាដៃខ្លះៗ គឺធ្វើក្លឹបនេះឡើងសម្រាប់ជាមរតកដើម្បីអ្នកជំនាន់ក្រោយបានហ្វឹកហាត់ក្បាច់គុនចម្រុះ មានដូចជាកីឡាប្រដាល់គុនខ្មែរ, តេក្វាន់ដូ, ការ៉ាតេដូ, យូដូ, ហាប់គីដូ, ស៊ូរីនជីកាំប៉ូ, វូវីណាម ឬ គុនខ្មែរអន្តរជាតិ ជាដើម ដើម្បីរួមចំណែកស្វែងរកអ្នកមានសក្តានុពលសម្រាប់ត្រៀមស៊ីហ្គេម ឆ្នាំ២០២៣។

ជាមួយនឹងការសាងសង់ក្លិបនេះឯកឧត្តម វ៉ាត់ ចំរើន អគ្គលេខាធិការគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា បានចុះទៅពិនិត្យមើលសក្ដានុពលនៃទីតាំងនេះក្រោយពេលសាងសង់រួច។ អគ្គលេខាធិការដដែលរូបនេះ បានចាត់ទុកថានេះចាការលះបង់មួយរបស់លោកឧត្តមសេនីយ៍សម្រាប់សកម្មភាពកីឡា។

ឯកឧត្តម វ៉ាត់ ចំរើន ដែលបានចុះទៅពិនិត្យផ្ទាល់មានប្រសាសន៍ថា៖ «នេះជាកាយវិការ និងទឹកចិត្តដ៏ល្អក្នុងការចូលរួមក្នុងសកម្មភាពកីឡាដោយលោកហ៊ានលះបង់ទីតាំងផ្ទាល់ខ្លួនជាកម្មសិទ្ធឯកជនដើម្បីសកម្មភាពកីឡាជាសាធារណៈពិសេសអ្នកនិយមហាត់គុន និងស្រឡាញ់វិស័យកីឡាប្រយុទ្ធនេះតែម្តង»។ លោកបានបន្ថែមថា៖ «ទីតាំងនេះគឺល្អណាស់សម្រាប់ការហ្វឹកហាត់ដោយស្ងាត់ស្ងៀមដែលយើងអាចប្រើប្រាស់ទីតាំងនេះមុននឹងយើងឈានចូលដល់ស៊ីហ្គេមឆ្នាំ២០២៣ ដែលកម្ពុជាធ្វើម្ចាស់ផ្ទះ ហើយក៏ជាទីតាំងមួយដែលមិនឆ្ងាយពីទីក្រុងដែរគឺអាចប្រើប្រាស់បានល្អ»។

 

អត្ថបទ៖ វ៉ាន្នី

មតិយោបល់