លោក សែម សុខា៖ «ត្រូវតែបន្តផ្តល់ឱកាសឲ្យជនខ្សោយសតិបញ្ញានៅទូទាំងប្រទេសតាមរយៈកីឡា»

មាស សុផាណារ៉ុង May 7, 2019


 

ភ្នំពេញ៖ ឯកឧត្តម សែម សុខា រដ្ឋលេខាធិការនៃក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា និងជាអនុប្រធានគណៈកម្មាធិការជាតិស្ប៉េស្យាល់អូឡាំពិកកម្ពុជា មានប្រសាសន៍ថាត្រូវតែបន្តផ្ដល់ឱកាសដល់ជនខ្សោយសតិបញ្ញានៅទូទាំងប្រទេសតាមរយៈកីឡា។ លោកថ្លែងបែបនេះនៅក្នុងពិធីបូកសរុបលទ្ធផលការងារ ឆ្នាំ២០១៨ និងបន្តទិសដៅការងារ ឆ្នាំ២០១៩ នៅព្រឹកថ្ងៃទី៧ ខែឧសភា ឆ្នាំ២០១៩ នាគណៈអាគារកម្មាធិការជាតិអូឡាំពិកកម្ពុជា។

ឯកឧត្តម សែម សុខា បានបន្តថា គណៈកម្មាធិការជាតិស្ប៉េស្យាល់អូឡាំពិកកម្ពុជា មានការទទួលខុសត្រូវក្នុងការអភិឌ្ឍវិស័យកីឡាជនពិការខ្សោយសតិបញ្ញានៅប្រទេសកម្ពុជា សហការយ៉ាងជិតស្និទ្ធជាមួយរាជរដ្ឋាភិបាលក្នុងការពង្រីកសាខារបស់ខ្លួនដោយបានបង្កើតអនុគណៈកម្មាធិការរាជធានីខេត្ត ដែលបច្ចុប្បន្នយើងមានចំនួន១៣ហើយ និងបន្តពង្រីកទៅបណ្តាខេត្តមួយចំនួនទៀតដើម្បីផ្តល់ឱកាសឲ្យជនខ្សោយសតិបញ្ញទាំងក្មេងទាំងចាស់ នៅទូទាំងប្រទេសបានចូលរួមសកម្មភាពសង្គមតាមរយៈវិស័យកីឡា។

អនុគណៈកម្មាធិការរាជធានី-ខេត្ត ចំនួន១៣ដែលបានបង្កើតរួចហើយនោះរួមមាន ខេត្តសៀមរាប, ខេត្តកំពង់ធំ, ខេត្តបាត់ដំបង, ខេត្តបន្ទាយមានជ័យ, ខេត្តស្វាយរៀង, ខេត្តតាកែវ, ខេត្តព្រះសីហនុ, ខេត្តកំពត, ខេត្តកណ្តាល, ខេត្តព្រៃវែង, ខេត្តកំពង់ស្ពឺ និងខេត្តកំពង់ចាម។

ជាមួយនឹងការធ្វើមហាសន្និបាតបូកសរុបការងារប្រចាំឆ្នាំនេះ គណៈកម្មាធិការជាតិស្ប៉េស្យ៉ាល់អូឡាំពិកកម្ពុជា ក៏មានការចែកប្រាក់រង្វាន់លើកទឹកចិត្តដល់ កីឡាករ-កីឡាការិនីខ្សោយសតិបញ្ញា គ្រូបង្វឹក គ្រូជំនួយ និងអ្នកមើលថែពីការប្រកួតលក្ខណៈអន្តរជាតិនានាថ្នាក់អនុតំបន់មេគង្គសរុបទឹកប្រាក់ ២២០,៥០០,០០០រៀល។

សម្រាប់ការប្រកួតលក្ខណៈអន្តរជាតិនានាកន្លងមកកម្ពុជា ទទួលបានមេដាយ៩៥គ្រឿង ក្នុងនោះមេដាយមាស៣៤គ្រឿង មេដាយប្រាក់៥៣គ្រឿង និងមេដាយសំរិទ្ធ៨គ្រឿង៕

 

រូបភាព៖ Special Olympics Cambodia

អត្ថបទ៖ វ៉ាន្នី

មតិយោបល់