រត់ពាក់កណ្ដាលម៉ារ៉ាតុងភ្នំពេញ កាលពីឆ្នាំទៅសល់ថវិកា ១ម៊ឺនដុល្លារ សម្រាប់មន្ទីរពេទ្យគន្ធបុប្ផា

មាស សុផាណារ៉ុង May 7, 2019


 

ភ្នំពេញ៖ ព្រឹត្តិការណ៍រត់ពាក់កណ្ដាលម៉ារ៉ាតុងភ្នំពេញអន្តរជាតិ ឆ្នាំ២០១៩ នេះ គឺជាឆ្នាំទី៩ ហើយ ហើយបើតាមការអះអាងពីឯកឧត្តម វ៉ាត់ ចំរើន អគ្គលេខាធិការគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា ក្នុងសន្និសីទកាសែតនាវេលាថ្ងៃត្រង់ថ្ងៃទី៧ ខែឧសភា នោះថានៅឆ្នាំ២០២០ ដែលជាឆ្នាំទី១០ ព្រឹត្តិការណ៍នេះត្រូវតម្លើងទៅជាព្រឹត្តិការណ៍ Full Marathon ដែលមានចម្ងាយ ៤២,១៩៥គីឡូម៉ែត្រ។

ព្រឹត្តិការណ៍នេះនឹងក្លាយជាឱកាសផ្សព្វផ្សាយពីទីក្រុងភ្នំពេញ ឲ្យដូចព្រឹត្តិការណ៍ TOKYO Marathon, Paris Marathon ដូចបណ្ដាប្រទេសមហាអំណាចនានារៀបចំយ៉ាងដូច្នេះដែរ។

សម្រាប់ព្រឹត្តិការណ៍រត់ពាក់កណ្ដាលម៉ារ៉ាតុងភ្នំពេញអន្តរជាតិ ឆ្នាំ២០១៩ កំណត់ការចេញដំណើរនៅមុខព្រះបរមរាជវាំង ដូចរៀងរាល់ឆ្នាំ ចំពោះកន្លែងដល់ទីក៏នៅមុខព្រះបរមរាជវាំងផងដែរ។ ឆ្នាំនេះស្ពានជ្រោយចង្វារទី១ បើកឲ្យដំណើរការវិញហើយហេតុនេះសម្រាប់ចម្ងាយផ្លូវ ២១គីឡូម៉ែត្រ គឺរត់ឆ្លងស្ពានឆ្ពោះទៅសណ្ឋាគារសុខា ទើបត្រឡប់មកវិញដោយឆ្លងស្ពានរត់ឆ្ពោះទៅកោះពេជ្រ ហើយមកបញ្ចប់នៅមុខព្រះបរមរាជវាំង។

គិតត្រឹមពេលនេះមានអ្នកចុះឈ្មោះប្រមាណជាង ២.០០០នាក់ មកពី២១ប្រទេសក្នុងនោះប្រទេសដែលចុះឈ្មោះច្រើនជាងគេ គឺប្រទេសជប៉ុន, ឥណ្ឌូនេស៊ី និងចិន។ លោកបានសង្ឃឹមថាឆ្នាំនេះអ្នកចូលរួមនឹងកើនចំនួនដល់ប្រមាណជាង ៥.០០០នាក់ គឺកើនឡើងចន្លោះ ពី២០ទៅ៣០ភាគរយ។

វិញ្ញាសាដែលដាក់ឲ្យប្រកួតមានពាក់កណ្ដាលម៉ារ៉ាតុង ដែលមានចម្ងាយ២១គីឡូម៉ែត្រ រត់១០គីឡូម៉ែត្រ និងរត់កម្សាន្ដ៣គីឡូម៉ែត្រ ជាលក្ខណៈគ្រួសារ។ លោកបានកត់សម្គាល់ឃើញថា ឆ្នាំនេះការចុះឈ្មោះមានលក្ខណៈជាក្រុមច្រើន គឺបណ្ដាអង្កការនានា ក្រុមហ៊ុននានាគេចុះឈ្មោះជាក្រុមរបស់គេ។

ព្រឹត្តិការណ៍ពាក់កណ្ដាលម៉ារ៉ាតុងភ្នំពេញអន្តរជាតិនឹងក្លាយទៅជាព្រឹត្តិការណ៍ម៉ារ៉ាតុងភ្នំពេញអន្តរជាតិ វិញស្ថិតក្រោមប្រធានបទ «បរិស្ថានស្អាត និងទីក្រុងបៃតង» ក្នុងគោលដៅឆ្ពោះទៅកាន់ SEA Games លើកទី៣២ ឆ្នាំ២០២៣។ នេះជាព្រឹត្តិការណ៍រត់ប្រចាំឆ្នាំដើម្បីអបអរព្រះរាជពិធីបុណ្យចម្រើនព្រះជន្មសម្តេចព្រះវរៈរាជមាតាជាតិខ្មែរ ហើយថវិកាដែលបានពីការរត់នេះនឹងយកទៅប្រើប្រាស់សម្រាប់ការងារមនុស្សធម៌នោះគឺការជួយដល់មន្ទីរពេទ្យគន្ធបុប្ផា។

សូមបញ្ជាក់ថាព្រឹត្តិការណ៍រត់ពាក់កណ្ដាលម៉ារ៉ាតុងភ្នំពេញអន្តរជាតិ កាលពីឆ្នាំ២០១៨ គណៈកម្មាធិការជាតិ នៅសល់ថវិកា ១០.០០០ដុល្លារ ទុកសម្រាប់ប្រគល់ជូនមន្ទីរពេទ្យគន្ធបុប្ផា៕

 

រូបភាព៖ គណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា – NOC Cambodia

អត្ថបទ៖ វ៉ាន្នី

មតិយោបល់