សហព័ន្ធកីឡាយានយន្ដកម្ពុជា រៀបចំការប្រណាំងរថយន្ដឆ្លងកាត់ឧបសគ្គលើចម្ងាយផ្លូវជាង ៦២៤គីឡូម៉ែត្រ

មាស សុផាណារ៉ុង May 7, 2019


 

ភ្នំពេញ៖ សហព័ន្ធកីឡាយានយន្ដកម្ពុជា ដោយមានការសហការណ៍ពីក្រសួងបរិស្ថាន និងក្រោមការឧបត្ថម្ភពីប្រេងតូតាល់ បានរៀបចំព្រឹត្តិការណ៍ប្រណាំងយានយន្ដឆ្លងកាត់ឧបសគ្គលើចម្ងាយផ្លូវជាង៦២៤គីឡូម៉ែត្រ។

ក្នុងសន្និសីទកាសែតនាល្ងាចថ្ងៃទី៦ ខែឧសភា លោក ពៅ តិចឡេង ដែលជានាយកក្រុមហ៊ុន Kara ជាក្រុមហ៊ុន ទទួលរៀបចំព្រឹត្តិការណ៍ប្រណាំងយានយន្ដនោះបានបញ្ជាក់ថា ព្រឹត្តិការណ៍ប្រណាំងយានយន្ដឆ្លងកាត់ឧបសគ្គនេះ គឺឆ្លងកាត់ដែនជម្រកសត្វព្រៃ «ព្រៃឡង់» ក្រោមប្រធានបទ «រួមគ្នាថែរក្សាបរិស្ថាន និងធនធានធម្មជាតិ»។ នេះជាលើកទី៤ ហើយដែល Kara ទទួលរៀបចំនូវព្រឹត្តិការណ៍នេះ។

ការប្រណាំងចាប់ផ្ដើមពីថ្ងៃទី១៧ ដល់ថ្ងៃទី២០ ខែឧសភា ដោយឆ្លងកាត់ភ្នំ វាលភក់ វាលស្រែ និងស្ថានភាពផ្លូវលំបាកៗជាច្រើនទៀត។ ការប្រណាំងនៅថ្ងៃទី១ គឺថ្ងៃទី១៧ ខែឧសភា គឺប្រជុំបច្ចេកទេសថ្ងៃទី១៨ ដែលជាថ្ងៃទី២ ក្បួនប្រណាំងនឹងចេញដំណើរពីរាជធានីភ្នំពេញ ឆ្ពោះទៅខេត្តកំពង់ធំ លើចម្ងាយផ្លូវជា២០៣គីឡូម៉ែត្រ។ នៅថ្ងៃទី៣ ក្បួនប្រណាំងចេញដំណើរពីខេត្តកំពង់ធំ ឆ្ពោះទៅ ខេត្តព្រះវិហារ និងថ្ងៃទី៤ ចេញដំណើរពីខេត្តព្រះវិហារ លើចម្ងាយផ្លូវ១៩៣គីឡូម៉ែត្រ។

ការប្រណាំងនេះមានប្រទេសចំនួន៨ចូលរួម ដោយមានរថយន្ដចូលរួមប្រណាំងចំនួន១៥គ្រឿង និងម៉ូតូចំនួន ២០គ្រឿង មានកីឡាការិនីចំនួន៣រូប ចូលរួមក្នុងព្រឹត្តិការណ៍ប្រណាំងនេះដែរ។

លោក ហូរ សិទ្ធីគុណ អនុប្រធានសហព័ន្ធកីឡាប្រណាំងយានយន្ដកម្ពុជា បានបញ្ជាក់ឲ្យដឹងដែរថាសហព័ន្ធនេះ កម្ពុជាបង្កើតឡើងនៅឆ្នាំ២០១៣ ហើយពីពេលនោះមកទល់ពេលនេះ កម្ពុជាបានរៀបចំព្រឹត្តិការណ៍ជាច្រើនដោយរួមមាន ទាំងការប្រណាំងជាលក្ខណៈអន្តរជាតិឆ្លងកាត់ប្រទេសទៀតផង។

លោកបន្តថាសហព័ន្ធកីឡាយានយន្ដកម្ពុជា បានការទទួលស្គាល់ពីសហព័ន្ធកីឡាប្រណាំងម៉ូតូអន្តរជាតិ (FIM) និងសហព័ន្ធកីឡាប្រណាំងរថយន្ដអន្តរជាតិ (FIA)។ ការប្រណាំងត្រូវគិតទៅលើថិរវេលា បច្ចេកទេស និងច្បាប់ ព្រោះការប្រណាំងនៅតាមទីប្រជុំជនសហព័ន្ធត្រូវកំណត់ល្បឿនឲ្យបើកបរ គឺមិនអនុញ្ញាតឲ្យបើកលឿនឡើយព្រោះវាអាចបង្កគ្រោះថ្នាក់ដល់ប្រជាជន។ លោកអនុប្រធានសហព័ន្ធបន្តថា កាប្រណាំងនេះគឺមានការចូលរួមពីអាជ្ញាធរភ្នាក់ងារមានសមត្ថកិច្ចគ្រប់ទីកន្លែងដែលការប្រណាំងឆ្លងកាត់។

លោក នេត្រ ភក្ត្រា រដ្ឋលេខាធិការក្រសួងបរិស្ថាន បានរំលឹកឡើងវិញថាកាលពីឆ្នាំ២០១៨ ព្រឹត្តិការណ៍នេះក៏បានសហការជាមួយក្រសួងបរិស្ថាន ផងដែរ ដែលកាលនោះឆ្លងកាត់៣ខេត្ត គឺខេត្តកំពង់ស្ពឺ ខេត្តកំពត និងខេត្តព្រះសីហនុ។ សម្រាប់ឆ្នាំនេះការប្រណាំងក៏ឆ្លងកាត់៣ខេត្តដែរ គឺខេត្តកំពង់ធំ សៀមរាប និងព្រះវិហារ ពិសេសក្បួនបានឆ្លងកាត់មួយផ្នែកនៃដែនជម្រកសត្វព្រៃឡង់។

លោកអះអាងថា ដែនជម្រកសត្វព្រៃឡង់មានទំហំ ជាង៤៣ម៉ឺនហិកតា ដែលលាតសន្ធឹងលើខេត្តចំនួន៤ គឺខេត្តកំពង់ធំ ព្រះវិហារ ក្រចេះ និងខេត្តស្ទឹងត្រែង។ ក្បួនប្រណាំងនេះនឹងជួយអប់រំប្រជាជនឲ្យបោះបង់ចោលការចូលព្រៃបរបាញ់សត្វ និងកាប់ព្រៃ ដោយណែនាំពួកគាត់ឲ្យងាកមកចាប់អាជីពដែលទាក់ទងនឹងទេសចរណ៍ដើម្បីចិញ្ចឹមជីវិតដូចជាលក់ម្ហូបអាហារ ឬធ្វើជាមគ្គុទ្ទេសក៍ទេសចរណ៍វិញ។

សូមបញ្ចាក់ថា ជាមួយនឹងការធ្វើសន្និសីទកាសែតនេះក្រុមហ៊ុនតូតាល់ និងក្រុមហ៊ុន Kara ក៏បានចុះ MOU ស្ដីពីការបន្តសហការគ្នារៀបចំព្រឹត្តិការណ៍ប្រណាំយានយន្ដបន្តទៀត៕

 

រូបភាព៖ ក្រសួងបរិស្ថាន – Ministry of Environment

អត្ថបទ៖ វ៉ាន្នី

មតិយោបល់