ការប្រកួតកីឡាសិស្សមធ្យម ឆ្នាំនេះត្រូវកែទម្រង់រៀបចំជាការប្រកួតថ្នាក់ជាតិ ( National School Games )

មាស សុផាណារ៉ុង May 7, 2019


 

ភ្នំពេញ៖ សម្រាប់ឆ្នាំ២០១៩នេះការប្រកួតកីឡាសិស្សមធ្យមសិក្សា ត្រូវបានកែទម្រង់ពីការប្រកួតក្នុងទម្រង់ធម្មតាទៅជាការប្រកួតកម្រិតជាតិ ដោយផ្ដល់ឲ្យសាមីសហព័ន្ធនីមួយៗជាអ្នកគ្រប់គ្រងលើបច្ចេកទេស។

ការប្រកួតកីឡាសិស្សថ្នាក់ជាតិនេះត្រូវបានប្រសិទ្ធិនាមថា ( National School Games ) ដែលបណ្ដាឆ្នាំកន្លងមកការប្រកួតបែបនេះមានតែប្រភេទកីឡាបាល់ទាត់ បាល់ទះ បាល់បោះ អត្តពលកម្ម ប៉េតង និងវាយកូនឃ្លីលើតុ តែប៉ុណ្ណោះ។

ឆ្នាំ២០១៩ នេះកីឡាចំនួន១១ប្រភេទ ត្រូវបានដាក់ឲ្យមាននៅក្នុងការប្រកួតកីឡាសិស្សថ្នាក់ជាតិ។ កីឡាទាំង១១ប្រភេទដែលគ្រោងនឹងដាក់ឲ្យមាននៅក្នុងការប្រកួតឆ្នាំដំបូងនេះរួមមានប្រភេទកីឡា បាល់ទាត់, បាល់ទះ, បាល់បោះ, អត្តពលកម្ម, ប៉េតង់, វាយកូនឃ្លីលើតុ, កីឡាហែលទឹក, កីឡាវាយសី, កីឡាការាតេ-ដូ, កីឡាតេក្វាន់ដូ WT ( World Taekwondo ) ដែលជាប្រភេទតេក្វាន់ដូរបស់កូរេខាងត្បូង និងតេក្វាន់ដូ ITF ( International Taekwon Do Federation ) ដែលជាប្រភេទកីឡាតេក្វាន់ដូរបស់កូរេខាងជើង។

កាលពីចុងសប្ដាហ៍កន្លងមកលោក ព្រំ ប៊ុណ្ណយីទី ប្រឹក្សាក្រសួងអប់រំ យុវជន និងកីឡា បានដឹកនាំអង្គប្រជុំមួយដោយមានតំណាងសហព័ន្ធទាំង១១ចូលរួម។ ការប្រកួតកីឡាសិស្សថ្នាក់ជាតិនេះនឹងធ្វើឡើងពីថ្ងៃទី១០ ដល់ថ្ងៃទី១៩ ខែមិថុនា នៅរាជធានីភ្នំពេញ។

លោក ព្រំ ប៊ុណ្ណយី បានប្រាប់ទៅអង្គប្រជុំថាចំពោះការប្រកួតនេះមានលក្ខណៈជាហ្គេម ហេតុនេះតម្រូវឲ្យសហព័ន្ធកីឡាជាតិនីមួយៗត្រូវរៀបចំបទបញ្ជាបច្ចេកទេសឲ្យត្រូវតាមស្តងដារ ត្រៀមលក្ខណៈបច្ចេកទេស និងរដ្ឋបាលឲ្យបានល្អប្រសើរដូចជាត្រូវរៀបចំសៀវភៅបទបញ្ជាបច្ចេកទេស និងរៀបចំសិក្ខាសាលា ណែនាំដល់ប្រតិភូកីឡារាជធានីខេត្ត៕

 

រូបភាព៖ អគ្គនាយកដ្ឋានកីឡា

អត្ថបទ៖ វ៉ាន្នី

មតិយោបល់