កម្ពុជា ខកខានក្នុងការរកមេដាយក្នុងការប្រកួតជើងឯកប៉េតង់ពិភពលោក នៅប្រទេសអេស្ប៉ាញ

មាស សុផាណារ៉ុង May 6, 2019


 

អេស៉្បាញ៖ កីឡាករ-កីឡាការិនី ប៉េតង់ជម្រើសជាតិកម្ពុជា ចំនួន ៤រូប ដែលបានចេញទៅចូលរួមព្រឹត្តិការណ៍ការប្រកួតជើងឯកពិភពលោក ឆ្នាំ២០១៩ ប្រព្រឹត្តទៅនៅប្រទេសអេស្ប៉ាញ ពុំទទួលបានជោគជ័យឡើយជាលើកដំបូង សម្រាប់រយៈពេល ៧ឆ្នាំចុងក្រោយ បន្ទាប់ពីពុំអាចរកមេដាយបាន ពីព្រឹត្តិការណ៍កម្រិតពិភពលោកមួយនេះ។

ការប្រកួតលើ ៥វិញ្ញាសា ដែលរួមមាន វិញ្ញាសា វាយ២ទល់២ បុរស, វិញ្ញាសា វាយ២ទល់២ នារី, វិញ្ញាសា វាយ១ទល់១បុរស, វិញ្ញាសា វាយ១ទល់១នារី និងវិញ្ញាសា វាយចម្រុះ២ទល់២ បុរស-នារី កម្ពុជា ធ្វើបានល្អតែ ២វិញ្ញាសាប៉ុណ្ណោះ គឺលើវិញ្ញាសា វាយចម្រុះ២ទល់២បុរសនារីមានកីឡាការិនី កែ ឡេង និងកីឡាករ សុខ ច័ន្ទមាន បានឡើងទៅវគ្គ ១៦ក្រុមចុងក្រោយ និងលើវិញ្ញាសាវាយ១ទល់១នារី គឺកីឡាការិនី អ៊ុក ស្រីមុំ ឡើងដល់វគ្គ ៨នាក់ចុងក្រោយ ស្របពេល ៣វិញ្ញាសាទៀតធ្លាក់តាំងពីវគ្គដំបូង។

ចំពោះ ៣វិញ្ញាសា ដែលធ្លាក់ពីការប្រកួតនៅជុំដំបូង រួមមានវិញ្ញាសា វាយ២ទល់២បុរស មានកីឡាករ សុខ ច័ន្ទមាន និងកីឡាករ សៅ សុភារ៉ាន់, វិញ្ញាសា វាយ២ទល់២ នារី កីឡាការិនី កែ ឡេង និងកីឡាការិនី អ៊ុក ស្រីមុំ វិញ្ញាសា វាយ១ទល់១បុរស កីឡាករ សៅ សុភារ៉ាន់។

នេះគឺជាការខកខាន លើកដំបូងរបស់កម្ពុជា លើប្រភេទកីឡាដែលកម្ពុជាតែងតែរកមេដាយបានមួយនេះ ចាប់តាំងពីឆ្នាំ២០១៣ មក ពោលគឺ កាលពីឆ្នាំ២០១៣ កម្ពុជា អាចមានឱកាសឈ្នះមេដាយមាស ដោយវីរនារី​កីឡាការិនី​ប៉េតង់ កែ ឡេង លើ​វិញ្ញាសា​វាយ​យក​ពិន្ទុ ៣ឆ្នាំជាប់ៗគ្នា ( ២០១៣, ២០១៥, ២០១៧ ) ប៉ុន្តែការប្រកួតនេះពុំមានវិញ្ញាសាវាយ​យក​ពិន្ទុ ឡើយ។ យ៉ាងណាមិញ កម្ពុជា នៅមានឱកាសជាថ្មីនៅពេលធ្វើជាម្ចាស់ផ្ទះ នាខែវិខ្ឆិកា ខាងមុខ ដែលមានវិញ្ញាសា ​វាយ​យក​ពិន្ទុ, វិញ្ញាសា វាយ ៣ទល់៣ បុសរ-នារី និងវិញ្ញាសាយុវជន៕

 

រូបភាព៖ Fédération Internationale de Pétanque et Jeu Provençal (FIPJP)

អត្ថបទ៖ វ៉ាន្នី

មតិយោបល់