កម្ពុជា-ចិន រៀបចំការប្រកួតកីឡាវាយកូនឃ្លីលើតុក្រោមប្រធានបទ «ផ្លូវមួយខ្សែក្រវាត់មួយ» ដណ្ដើមពានរង្វាន់ ONE Park

មាស សុផាណារ៉ុង May 5, 2019


 

ភ្នំពេញ៖ ការប្រកួតកីឡាវាយកូនឃ្លីលើតុ ក្រោមប្រធានបទ «ផ្លូវមួយខ្សែក្រវាត់មួយ» នៃឆ្នាំវប្បធម៌ទេសចរណ៍ កម្ពុជា-ចិន ពានរង្វាន់ ONE Park លើកទី១ បានចាប់ផ្ដើមហើយនៅព្រឹកថ្ងៃទី០៤ ហើយនឹងត្រូវបញ្ចប់នៅថ្ងៃទី២៦ ខែឧសភា ខាងមុខនេះ។

ឯកឧត្តម ប៊ូ ជុំសេរី អនុរដ្ឋលេខាធិការក្រសួងអប់រំ យុវជន និងកីឡា លោកឧត្តមសេនីយ៍ឯក ជា ប៊ុនហេង ប្រធានអង្គភាពកីឡានគរបាលជាតិ បានអញ្ជើញចូលរួមក្នុងពិធីសម្ភោធន៍បើកការប្រកួតនេះ។

ព្រឹត្តិការណ៍នេះសហការរៀបចំឡើងដោយក្រសួងទេសចរណ៍កម្ពុជា ក្រសួងអប់រំ យុវជន និងកីឡា គណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា សហព័ន្ធកីឡាវាយកូនឃ្លីលើតុកម្ពុជា និងស្ថានទូតចិនប្រចាំនៅកម្ពុជា។

ការប្រកួតនេះខាងកម្ពុជា មាន១០ក្រុម និងខាងចិនមាន១០ក្រុម ដែលកីឡាករចិនខ្លះជាអ្នករកស៊ីតំណាងក្រុមហ៊ុនអាជីវករនៅកម្ពុជា និងមួយចំនួនមកពីប្រទេសចិន។ ការប្រកួតមានតែ២វិញ្ញាសាប៉ុណ្ណោះ គឺ វិញ្ញាសាប្រកួតជាក្រុម និងវិញ្ញាសាឯកត្តជន។

ការប្រកួតគឺក្រុមចិន ប្រកួតជាមួយក្រុមចិន ឯក្រុមកម្ពុជាប្រកួតជាមួយក្រុមកម្ពុជាគ្នាឯង។ សម្រាប់វិញ្ញាសាឯកត្តជនចំណាត់ថ្នាក់លេខ១ បានទទួលរង្វាន់ចំនួន៧០០ដុល្លារ លេខ២ បាន៥០០ដុល្លារ និង លេខ៣ បាន៣០០ដុល្លារ ទាំងខាងចិនទាំងខាងកម្ពុជា។

ចំពោះវិញ្ញាសាប្រកួតជាក្រុមវិញនោះក្រុមដែលបានចំណាត់ថ្នាក់លេខ១ បានរង្វាន់១.៥០០ដុល្លារ លេខ២ បាន ១.០០០ដុល្លារ លេខ៣ បាន៨០០ដុល្លារ និងលេខ៤ បាន៦០០ដុល្លារ។ ទាំងវិញ្ញាសាឯកត្តជន ទាំងវិញ្ញាសាប្រកួតជាក្រុមអ្នកបានលេខ១ ខាងកម្ពុជា និងអ្នកបានលេខ១ខាងក្រុមចិន ទាំង២វិញ្ញាសាត្រូវប្រកួតគ្នាដណ្ដើមពានរង្វាន់មួយទៀតដែលគេប្រសិទ្ធិនាមថា ’Best of the Best’៕

 

រូបភាព៖ អង្គភាពកីឡាក្រសួងមហាផ្ទៃ

អត្ថបទ៖ វ៉ាន្នី

មតិយោបល់