អ្នកជំនាញកីឡាហែលទឹកអាស៊ីអាគ្នេយ៍៖ «មន្ត្រីបច្ចេកទេសត្រូវតែយុត្តិធម៌ កុំបំផ្លាញលទ្ធផលអត្តពលិក»

មាស សុផាណារ៉ុង May 4, 2019


 

ភ្នំពេញ៖ ថ្លែងនៅក្នុងពិធីបិទវគ្គបណ្ដុះបណ្ដាលមន្ត្រីគណៈកម្មការបច្ចេកទេសកីឡាហែលទឹកថ្នាក់ជាតិ នាល្ងាចថ្ងៃទី៣ ខែឧសភា លោក Ang Peng Wee មកពីប្រទេសសឹង្ហបុរី ដែលជាមន្ត្រីបច្ចេកទេសរៀបចំការប្រកួតរបស់សហព័ន្ធកីឡាហែលទឹកអាស៊ីអាគ្នេយ៍ បញ្ជាក់ថាតួនាទីរបស់មន្ត្រីបច្ចេកទេស ចៅក្រមអាជ្ញាកណ្ដាល គឺកុំបំផ្លាញកីឡាករដោយសារតែការកាត់ក្ដីខុសរបស់ខ្លួន។

លោកបានចាត់ទុកថានេះជាវគ្គដ៏ល្អមួយដែលបង្ហាញថាសហព័ន្ធខ្មែរកីឡាហែលទឹកកំពុងតែទទួលខុសត្រូវ ខ្ពស់ពេលដែលខ្លួនត្រៀមធ្វើជាម្ចាស់ផ្ទះ ការប្រកួតកីឡាហែលទឹកជ្រើសរើសជើងឯកយុវជនអាស៊ីអាគ្នេយ៍ លើកទី៤៣ ឆ្នាំ២០១៩ ដែលប្រព្រឹត្តទៅចាប់ពីថ្ងៃទី២៨ ដល់ថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០១៩។

លោកបន្តថា លោកមកនេះគឺដើម្បីជួយ និងលើកតម្កើងសមត្ថភាពដល់មន្ត្រីបច្ចេកទេសកម្ពុជាមិនមែនមកដើម្បីវាយតម្លៃពីសមត្ថភាពនោះទេ។ លោកបញ្ជាក់ថាតួនាទីជាមន្ត្រីបច្ចេកទេសត្រូវតែយុត្តិធម៌ តម្លាភាព Fair-Play។

លោក ហែម គីរី អគ្គលេខាធិការសហព័ន្ធខ្មែរកីឡាហែលទឹក បានឲ្យដឹងដែរថាខែមិថុនាខាងមុខនេះសហព័ន្ធមានភារកិច្ចធំៗចំនួន២ គឺព្រឹត្តិការណ៍ប្រកួតកីឡាហែលទឹកជ្រើសរើសជើងឯកយុវជនអាស៊ីអាគ្នេយ៍ លើកទី៤៣ ឆ្នាំ២០១៩ និងព្រឹត្តិការណ៍ប្រកួតកីឡាសិស្សថ្នាក់ជាតិលើកទី១ ( The 1st National School Games ) ដូច្នេះវគ្គនេះពិតជាមានសារសំខាន់ខ្លាំងណាស់។

សូមបញ្ចាក់ថាវគ្គនេះចាប់ផ្ដើមពីថ្ងៃទី១ ហើយគ្រោងនឹងបញ្ចប់នៅថ្ងៃទី០៤ តែដោយសារពេលវេលាមិនអំណោយផលនោះទើបគ្រូឧទ្ទេសបង្ខំចិត្តបញ្ចប់មុនមួយថ្ងៃ។ វគ្គនេះសិក្សាច្រើនទៅលើទ្រឹស្ដី ឯការអនុវត្តន៍មានតែមួយថ្ងៃប៉ុណ្ណោះ។

លោក ព្រំ ប៊ុណ្ណយី ទីប្រឹក្សាក្រសួងអប់រំយុវជន និងកីឡា ដែលចូលរួមក្នុងពិធីបិទវគ្គមានប្រសាសន៍ថាអ្វីៗ ត្រូវតែមានគោលដៅច្បាស់លាស់បើគ្មានគោលដៅទេអ្វីៗនឹងមិនបានទទួលជោគជ័យឡើយ។លោកក៏បានបញ្ជាក់ដែរថា ការវិនិច្ឆ័យដោយភាពយុត្តិធម៌សំខាន់ខ្លាំងណាស់។ ការវិនិច្ឆ័យខុស គឺបំផ្លាញអនាគត និងបំផ្លាញជោគជ័យរបស់អត្តពលិក។

សូមរំលឹកថា វគ្គនេះមានសិក្ខាកាមចូលរួម ចំនួន៥៦រូប មកពីសហព័ន្ធខ្មែរកីឡាហែលទឹក, មជ្ឈមណ្ឌលជាតិហ្វឹកហ្វឺនកីឡា, នាយកដ្ឋានអប់រំកាយ និងកីឡា, ក្រសួងមហាផ្ទៃ, មន្ទីរអប់រំ យុវជន និងកីឡារាជធានីភ្នំពេញ, វិទ្យាស្ថានជាតិអប់រំកាយ និងកីឡា។ ក្នុងចំណោមនេះ ៦០ភាគរយ មានបទពិសោធន៍រួចហើយ ចំណែកឯ ៤០ភាគរយ ទៀតថ្មីសុទ្ធសាធតែម្ដង៕

 

រូបភាព៖ FB Hem Kiry

អត្ថបទ៖ វ៉ាន្នី

មតិយោបល់