MCT ទទួលបានសិទ្ធិផ្លូវការ ក្លាយជាសមាជិក របស់សហព័ន្ធកីឡាអេឡិចត្រូនិកកម្ពុជា

មាស សុផាណារ៉ុង May 4, 2019


 

ភ្នំពេញ៖ បន្ទាប់ពីវិញ្ញសារកីឡា E-Sport ត្រូវបានបញ្ចូលទៅក្នុងព្រឹត្តិការណ៍កីឡាអាស៊ីអាគ្នេយ៍ រួចមកនោះ សហព័ន្ធកីឡាអេឡិចត្រូនិកកម្ពុជា (E-Sport) បានប្រឹងប្រែងប្រមែលប្រមូលក្លឹបកីឡាប្រភេទនេះ ចូលជាសមាជិកក្លឹបរបស់សហព័ន្ធឱ្យបានកាន់តែច្រើន ដើម្បីស្វែងរកថ្នាលត្រៀមប្រកួតអន្តរជាតិនានា និងជាការត្រៀមជាម្ចាស់ផ្ទះកីឡាអាស៊ីអាគ្នេយ៍ ឆ្នាំ២០២៣។

កាលពីព្រឹកថ្ងៃទី០៤ ខែ ឧសភា ឆ្នាំ២០១៩ នៅទួលគោក សហព័ន្ធកីឡាអេឡិចត្រូនិកកម្ពុជា (E-Sport) បានប្រកាសទទួលស្គាល់ ក្លឹប MCT E-Sport ជាសមាជិកពេញសិទ្ធ។

អគ្គលេខាធិការសហព័ន្ធកីឡាអេឡិចត្រូនិកកម្ពុជា លោក លន់ សាមឌី បានថ្លែងថា៖ «ថ្ងៃនេះ យើងបានអនុម័តទទួលស្គាល់ក្លឹប MCT E-Sport ជាសមាជិករបស់យើង ក្រោយមើលឃើញការអភិវឌ្ឍវិស័យកីឡា E-Sport កម្ពុជាមានការរីកចម្រើនខ្លាំង។ អញ្ចឹងចាំបាច់យើងត្រូវការការអភិវឌ្ឍន៍ធនធានថ្នាលច្រើន សម្រាប់ចូលរួមការប្រកួតផ្សេងៗ ព្រោះឥលូវនេះ E-Sport ត្រូវបានដាក់ឲ្យកីឡាកម្រិតតំបន់ ដូចជាស៊ីហ្គេមហើយ ។ ដូច្នេះយើងស្ឃឹមក្លឹប MCT នឹងក្លាយជាផ្នែកមួយ ដើម្បីរួមចំណែកអភិវឌ្ឍន៍ និងការហ្វឹកហាត់ជាមួយសហព័ន្ធ»។

លោកបន្តថា MCT E-Sport បានបំពេញលក្ខខណ្ឌគ្រប់គ្រាន់ ទើបសហព័ន្ធសម្រេចទទួលស្គាល់ជាក្លឹបសមាជិក ដើម្បីរួមចំណែកអភិវឌ្ឍន៍វិស័យកីឡាទំនើបមួយនេះឲ្យកាន់តែរីកចម្រើន និងបណ្ដុះបណ្ដាលធនធានកីឡាករ រួមទាំងថ្នាលសម្រាប់ចូលរួមប្រកួតថ្នាក់ជាតិ និងលើឆាកអន្ដរជាតិ។

ជាមួយគ្នានេះដែរលោកក៏បានជំរុញ និងលើកទឹកចិត្តក្លឹបខាងលើ បន្ដរៀបចំសកម្មភាព និងការប្រកួតផ្សេងៗ ដើម្បីចម្រាញ់បាននូវធនធានកីឡាករឆ្នើមៗ ហើយធ្វើការបណ្ដុះបណ្ដាលពួកគាត់បន្ថែម សម្រាប់ត្រៀមចូលរួមប្រកួតការកម្រិតថ្នាក់ជាតិ ឬអន្ដរជាតិ ក្នុងនាមសហព័ន្ធនាថ្ងៃខាងមុខ ពិសេសគឺការរួមចំណែកអភិវឌ្ឍធនធានមនុស្ស ឆ្ពោះទៅកីឡាអាស៊ីអាគ្នេយ៍ ឆ្នាំ២០២៣ ដែលកម្ពុជា ទទួលបានសិទ្ធធ្វើម្ចាស់ផ្ទះលើកដំបូងតែម្ដង៕

 

អត្ថបទ៖ ប៉ាវឡុង ជីង

មតិយោបល់