ម៉ារ៉ាតុងភ្នំពេញឆ្នាំនេះ គឺជាការផ្សព្វផ្សាយកម្ពុជាធ្វើម្ចាស់ផ្ទះ SEA-Games 2023

មាស សុផាណារ៉ុង May 3, 2019


 

ភ្នំពេញ៖ ស្របពេលដែលព្រឹត្តិការណ៍ប្រកួតកីឡាស៊ីហ្គេម លើកទី៣២ឆ្នាំ ២០២៣ កំពុងតែខិតចូលមកដល់ក្នុងពេលឆាប់ៗខាងមុខនោះ គណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា បានសំរេចធ្វើការផ្សព្វផ្សាយអំពីព្រឹត្តិការណ៍ម្ចាស់ផ្ទះនេះ នៅក្នុងកម្មវិធីប្រកួតកីឡានានា នៅក្នុងប្រទេសកម្ពុជា។ ខណៈដែលឆ្នាំនេះ ព្រឹត្តិការណ៍ប្រកួតរត់ប្រណាំងពាក់កណ្ដាលម៉ារ៉ាតុងអន្តរជាតិភ្នំពេញដើមខែក្រោយនេះ ក៍នឹងតំរូវអោយប្រកាសផងដែរ។

អគ្គលេខាធិការនៃគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា ឯកឧត្តម វ៉ាត់ ចំរើន បានមានប្រសាសន៍ថា៖ «ក្រោមការចង្អុលបង្ហាញរបស់ឯកឧត្តមបណ្ឌិត ថោង ខុន ឆ្នាំនេះគឺជាឆ្នាំយើងត្រូវពង្រីកសក្ដានុពល និងអនុវត្តផែនការ SEA-Games 2023 អញ្ចឹងរាល់ម៉ារ៉ាតុងទាំងអស់ យើងនឹងបញ្ជ្រាបអត្ថន័យមួយទៀត អំពីការផ្សព្វផ្សាយការធ្វើម្ចាស់ផ្ទះ SEA-Games 2023។ អញ្ចឹងឆ្នាំនេះ យើងនឹងពង្រឹងលទ្ធភាពរបស់យើង ដើម្បីផ្សព្វផ្សាយព្រឹត្តិការណ៍ដ៏ធំនេះ និងរៀបចំព្រឹត្តិការណ៍រត់ម៉ារ៉ាតុងរបស់យើងឲ្យកាន់តែធំ និងជោគជ័យថ្មីៗថែមទៀត»។

លោកបន្តថា មកទល់ពេលនេះ ចំពោះទិវារត់ប្រណាំងភ្នំពេញ ពាក់កណ្ដាលម៉ារ៉ាតុងអន្ដរជាតិ លើកទី៩ ឆ្នាំ២០១៩ បានទទួលអ្នកចុះឈ្មោះចូលរួមជាង ១,០០០នាក់ហើយ។ ប៉ុន្ដែទម្រាំដល់ថ្ងៃរាល់ផ្លូវការ លោករំពឹងថា ព្រឹត្តិការណ៍អន្ដរជាតិនេះ នឹងទាក់ទាញអ្នកចូលរួមមិនតិចជាងឆ្នាំមុនឡើយ ខណៈកាលពីឆ្នាំ២០១៨ មានអ្នករត់ប្រមាណ ៥,០០០នាក់។ ម្យ៉ាងបច្ចុប្បន្នកំពុងមានអ្នកសម្រុកចុះឈ្មោះច្រើនទាំងភ្ញៀវជាតិ និងអន្ដរជាតិ៕

 

អត្ថបទ៖ ប៉ាវឡុងជីង

មតិយោបល់