ក្រុមកីឡាវាយសីកម្ពុជា កំពុងធ្វើបានយ៉ាងល្អក្នុងព្រឹត្តិការណ៍ Arafura Games នៅអូស្ត្រាលី

មាស សុផាណារ៉ុង May 3, 2019


 

ភ្នំពេញ៖ ក្រុមកីឡាវាយសីកម្ពុជា បាននឹងកំពុងធ្វើបានយ៉ាងល្អក្នុងព្រឹត្តិការណ៍ Arafura Games 2019 នៅក្រុង Darwin ប្រទេសអូស្ត្រាលី។

ជាមួយការឈ្នះផ្ទួនៗលើក្រុមប្រទេសខ្លាំងៗនោះបានធ្វើឲ្យប្រទេសក្នុងតំបន់មួយចំនួនមានការស្រឡាំងកាំងចំពោះការវិវឌ្ឍន៍នៃកីឡាវាយសីកម្ពុជា។ ថ្ងៃទី០២ ខែឧសភា ក្រុមកីឡាករ -កីឡាការិនី វាយសីកម្ពុជា បានបន្តឈ្នះម៉ាឡេស៊ី ៦ទល់នឹង២ ថែមទៀតក្រោយឈ្នះម្ចាស់ផ្ទះអូស្ត្រាលី នៅថ្ងៃបើកឆាកដោយលទ្ធផល ៧ទល់នឹង១ ម្សិលមិញ។

ក្នុងការប្រកួតព្រឹកថ្ងៃព្រហស្បតិ៍ដែលបានទទួលជ័យជម្នះលើម៉ាឡេស៊ី កម្ពុជាបានឈ្នះលើវិញ្ញាសាវាយទោលបុរសមួយប្រកួត, វិញ្ញាសាវាយទោលនារី ពីរប្រកួត, វាយគូបុរសមួយប្រកួត, វាយគូនារីមួយប្រកួតនិងវាយគូបុរសនារី មួយប្រកួត។

នៅថ្ងៃបើកឆាក កម្ពុជា ឈ្នះការប្រកួត៧វិញ្ញាសា ក្នុងចំណោម៨វិញ្ញាសា ពោលគឺលើវិញ្ញាសាឯកត្តជនបុរស ចំនួន ២ប្រកួត, ឯកត្តជននារី ឈ្នះ១ ចាញ់១, វិញ្ញាសាវាយគូបុរស ឈ្នះ២ប្រកួត, វិញ្ញាសាវាយគូចម្រុះ ឈ្នះទាំង២ដូចគ្នា។

លោកឧត្តមសេនីយ៍ទោ ជាម សុភា អគ្គលេខាធិការរងសហព័ន្ធកីឡាវាយសីកម្ពុជា ដែលកំពុងតែស្ថិតនៅឯប្រទេសអូស្រ្តាលីនៅឡើយនោះបានឲ្យដឹងថាការទៅប្រកួតនេះកម្ពុជាបញ្ជូនកីឡាជម្រើសជាតិ កីឡាថ្នាល និងកីឡាករមកពីក្លឹបនានាមួយចំនួន៕

 

រូបភាព៖ ផ្ដល់ឲ្យ

អត្ថបទ៖ វ៉ាន្នី

មតិយោបល់