កីឡាករ-កីឡាការិនីតេក្វាន់ដូ WT ចំនួន១៤រូបចេញទៅចូលរួមព្រឹត្តិការណ៍ ASEAN Taekwondo Championships 2019

មាស សុផាណារ៉ុង May 2, 2019


 

ភ្នំពេញ៖ យប់ថ្ងៃទី២ ខែឧសភា ខេមរសហព័ន្ធតេក្វាន់ដូ WT ( World Taekwondo ) នឹងបញ្ជូនកីឡាករ-កីឡាការិនី ចំនួន១៤នាក់ ជាមួយគ្រូបង្វឹកចំនួន៣រូបទៅចូលរួមព្រឹត្តិការណ៍ការប្រកួតកីឡាតេក្វាន់ដូ WT ជើងឯកអាស៊ីអាគ្នេយ៍ ឆ្នាំ២០១៩ លើកទី១៤ «14th ASEAN Taekwondo Championships 2019» នៅទីក្រុងម៉ានីល ប្រទេសហ្វីលីពីន។

លោក ជាតិ ខេមរា ដែលជាសមាជិកប្រតិបត្តិរបស់ខេមរសហព័ន្ធតេក្វាន់ដូ WT បានប្រាប់ឲ្យដឹងថា ការប្រកួតខាងលើនេះនឹងប្រព្រឹត្តចាប់ពីថ្ងៃទី០២ ដល់ថ្ងៃទី០៦ ខែឧសភា ឆ្នាំ២០១៩ នៅទីក្រុងម៉ានីល ប្រទេសហ្វីលីពីន ហើយក្រុមកីឡាករ-កីឡាការិនី ចំនួន១៤នាក់ ជាមួយគ្រូបង្វឹកចំនួន៣នាក់ នឹងចេញដំណើរនាយប់ថ្ងៃទី០២ ឧសភា នេះ។

ក្នុងចំណោមកីឡាករ-កីឡាការិនី ចំនួន១៤នាក់ ក្នុងនោះមានកីឡាករ-កីឡាការិនី ថ្នាល៦នាក់ កីឡាការិនីមួយរូបនិងកីឡាករ៥រូប។ ចំណែកកីឡាករកីឡាការិនីជម្រើសជាតិវិញ មានចំនួន៨រូប គឺកីឡាករ៤រូប និងកីឡាការិនី៤រូប។ អ្វីដែលគួរឲ្យកត់សំគាល់នោះកីឡាការិនី ស៊ន សៀវម៉ី ក៏មានឈ្មោះក្នុងបញ្ជីនៃការចូលរួមប្រកួតនេះដែរ។ កីឡាការិនី ស៊ន សៀវម៉ី ដែលពេលនេះបានអះអាងថាជង្គង់ដែលវះកាត់នោះបានជាសះស្បើយហើយនោះនាងនឹងធ្វើអ្វីៗឲ្យអស់ពីសមត្ថភាព។

ការចេញទៅប្រកួតនេះដឹកនាំដោយ លោក Choi Yong Sok រួមជាមួយគ្រូជំនួយថ្នាលគឺ លោក ប៉ាន់ ខេមរា និងលោក លី ស៊ុនរដ្ឋា។ លោក Choi Yong Sok ហាក់ដូចជាមានជំនឿចិត្តចំពោះកីឡាការិនី ស៊ន សៀវម៉ី ដោយលោកនិយាយថាយើងចេញទៅប្រជែងយកមេដាយមិនមែនចេញទៅដើម្បីចាញ់នោះទេ។ ចំពោះកីឡាករថ្នាលក៏ជាក្ដីសង្ឃឹម សម្រាប់ព្រឹត្តិការណ៍នេះដែរ៕

 

អត្ថបទ៖ វ៉ាន្នី

មតិយោបល់