សហព័ន្ធកីឡាទោចក្រយានកម្ពុជា រំពឹងទទួលបានលទ្ធផលល្អម្ដងទៀត នៅស៊ីហ្គេមឆ្នាំនេះ

មាស សុផាណារ៉ុង May 2, 2019


 

ភ្នំពេញ៖ ការប្រកួតកីឡាប្រចាំតំបន់អាស៊ីអាគ្នេយ៍ ( SEA Games ) ជាច្រើលើកច្រើនសារមកហើយដែល សហព័ន្ធខ្មែរកីឡាទោចក្រយានកម្ពុជា មិនដែលសាងក្តិយសជូនជាតិ ក្នុងការយកមេដាយកម្រិតណាពីព្រឹត្តិការណ៍កីឡានោះឡើយ ដោយសហព័ន្ធរំពឹងបានត្រឹមទទួលបានលទ្ធផលល្អ ឬបច្ចេកទេសល្អពីប្រទេសគេ ត្រលប់មកវិញតែប៉ុណ្ណោះ។

តាមការវាយតំលៃរបស់ព្រឹទ្ធាចារ្យកីឡាមួយចំនួនធំ បានលើកឡើងស្រដៀងគ្នាថា កីឡាជិះកង់កម្ពុជា មិនទាន់មានលទ្ធភាពណាមួយក្នុងការប្រកួតប្រជែងដណ្ដើមយកមេដាយ បានឡើយនៅក្នុងព្រឹត្តិការណ៍ប្រកួតកីឡាអាស៊ីអាគ្នេយ៍ ( SEA Games ) ដោយយើងនៅមានកម្រិតនៅឡើយ។ ស្របជាមួយផែនការសម្រួចយកមេដាយទាំងស៊ីហ្គេមនៅក្រៅប្រទេស និងធ្វើជាម្ចាស់ផ្ទះមិនទាន់មានការប្រកាសច្បាស់លាស់នៅឡើយ។

កាលពីចុងខែមេសាកន្លងទៅៗថ្មីៗនេះ សហព័ន្ធខ្មែរកីឡាទោចក្រយាន ឬជិះកង់ បានបង្ហាញជំនឿចិត្ត ដោយរំពឹងខ្ពស់លើវិញ្ញាសារជិះកង់ឡើងភ្នំ ប្រាប់ដល់បណ្ដាញសារព័ត៌មាន ក្នុងពិធីសន្និសិទការសែតប្រកាសរៀបចំព្រឹត្តិការណ៍ប្រណាំងកង់ភ្នំ Cambodia MTB Series ប្រចាំឆ្នាំ២០១៩ កាលពីពេលថ្មីៗកន្លងទៅនេះនៅគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា។

អគ្គលេខាធិការសហព័ន្ធខ្មែរកីឡាទោចក្រយាន លោក វង្ស ខាន់ពៅ បានថ្លែងក្នុងពិធីនោះដូច្នះថា៖ «សហព័ន្ធខ្មែរកីឡាទោចក្រយាននឹងបញ្ជូនកីឡាករកង់ភ្នំពីររូប ដើម្បីចូលរួមប្រជែងក្នុងព្រឹត្តិការណ៍កីឡាស៊ីហ្គេម នៅហ្វីលីពីនឆ្នាំនេះ។ មុនការប្រកួតមកដល់យើងនឹងឲ្យកីឡាករទាំងពីរទៅបោះជំរុំហ្វឹកហាត់ជាមួយអ្នកជំនាញរបស់យើងនៅភ្នំគីរីរម្យ ហើយយើងក៏មានគម្រោងបញ្ជូនកីឡាករយើងទៅប្រកួតនៅក្រៅប្រទេស ដើម្បីវាស់ស្ទង់សមត្ថភាពមុនការប្រកួតផងដែរ។ យើងរំពឹងថា កីឡាករទាំងពីរនឹងទទួលបានលទ្ធផលល្អនៅស៊ីហ្គេមឆ្នាំនេះ»។

លោកបន្តទៀតថា៖ «សម្រាប់ព្រឹត្តិការណ៍ ប្រកួតប្រណាំងកង់ភ្នំ Cambodia MTB Series ប្រចាំឆ្នាំ២០១៩ នឹងក្លាយជាចលកររួមចំណែកក្នុងការជួយពង្រឹង ក៏ដូចអភិវឌ្ឍសមត្ថភាពកីឡាករកម្ពុជា ដើម្បីត្រៀមការប្រកួតកីឡាអាស៊ីអាគ្នេយ៍ SEA Games លើកទី៣០នៅហ្វីលីពីននៅចុងឆ្នាំ២០១៩នេះផងដែរ។» ការរំពឹងថានឹងទទួលបានលទ្ធផលរបស់សហព័ន្ធកីឡាជិះកង់មួយនេះ បានក្លាយជារឿងសាមញ្ញាមួយទៅហើយ ខណៈដែលផែនការណាមួយក្នុងការប្រកួតប្រជែងដណ្ដើមយកមេដាយនៅក្នុងព្រឹត្តិការណ៍ស៊ីហ្គេម ពីមួយឆ្នាំទៅមួយឆ្នាំ មិនទាន់មានភាពច្បាស់លាស់ ដូចសហព័ន្ធកីឡាជាតិដ៍ទៃដែលមិនសូវល្បីតែមាន ផែនការ និងគោលដៅច្បាស់លាស់របស់ខ្លួន។

ជាមួយគ្នានេះដែរអគ្គលេខាធិការរងសហព័ន្ធខ្មែរកីឡាទោចក្រយាន លោក Pierre Yves Catry បានថ្លែងដែរថា៖ «វិស័យកីឡាកង់ភ្នំរបស់យើងបានកើតឡើងប្រមាណ១០ឆ្នាំហើយ ហើយខ្ញុំសង្កេតឃើញថាមានការរីកចម្រើនពីមួយឆ្នាំទៅមួយឆ្នាំ។ ជាក់ស្តែងពេលខ្ញុំដឹកនាំកីឡាករទៅប្រកួតនៅក្រៅប្រទេស គឺកីឡាករកម្ពុជាយើងមានសមត្ថភាពប្រហាក់ប្រហែលកីឡាករក្នុងតំបន់ ទោះបីពួកគេមិនទាន់អាចដណ្តើមបានមេដាយក៏ដោយ។ ស៊ីហ្គេមពីរលើកកន្លងមកគ្មានវិញ្ញាសាកង់ភ្នំនោះទេ ដូច្នេះខ្ញុំនឹងខិតខំព្យាយាមធ្វើយ៉ាងណាជួយកីឡាករកម្ពុជាមានឱកាសដណ្តើមមេដាយស៊ីហ្គេមនៅហ្វីលីពីនឆ្នាំនេះ»។

 

អត្ថបទ៖ ប៉ាវឡុង ជីង

មតិយោបល់