មន្ត្រីបច្ចេកទេសកីឡាហែលទឹក ៥៦រូប ចូលរៀនវគ្គបណ្ដុះបណ្ដាលត្រៀមធ្វើម្ចាស់ផ្ទះជើងឯកយុវជនអាស៊ីអាគ្នេយ៍

មាស សុផាណារ៉ុង May 1, 2019


 

ភ្នំពេញ៖ វគ្គបណ្ដុះបណ្ដាលមន្ត្រីគណៈកម្មការបច្ចេកទេសកីឡាហែលទឹកថ្នាក់ជាតិ ត្រូវបានបើកឡើងហើយ នៅព្រឹកថ្ងៃទី១ ខែឧសភា ដែលវគ្គសិក្សានេះឧបត្ថម្ភទាំងស្រុងដោយ ក្រសួងអប់រំ យុវជន និងកីឡា ដោយមានសិក្ខាកាម ចំនួន៥៦រូប មកពីសហព័ន្ធខ្មែរកីឡាហែលទឹក មជ្ឈមណ្ឌលជាតិហ្វឹកហ្វឺនកីឡា នាយកដ្ឋានអប់រំកាយ និងកីឡា ក្រសួងមហាផ្ទៃ មន្ទីរអប់រំ យុវជន និងកីឡា រាជធានីភ្នំពេញ វិទ្យាស្ថានជាតិអប់រំកាយ និងកីឡា។

វគ្គនេះបង្រៀនដោយ លោក Ang Peng Wee មកពីប្រទេសសិង្ហបុរី ដែលជាមន្ត្រីបច្ចេកទេសរៀបចំការប្រកួតរបស់សហព័ន្ធកីឡាហែលទឹកអាស៊ីអាគ្នេយ៍។ លោកនឹងចំណាយពេលបង្រៀននៅកម្ពុជារយៈពេល៤ថ្ងៃ ពីថ្ងៃទី០១ ដល់ថ្ងៃទី០៤ ខែឧសភា។

លោក Ang Peng Wee បញ្ជាក់ថាតាមរយៈវគ្គនេះសហព័ន្ធខ្មែរកីឡាហែលទឹកនឹងរកឃើញនូវសិក្ខាកាមដែលមានសមត្ថភាពខុសៗគ្នាតែវាមិនជាបញ្ហាឡើយ។ ការងាររៀបចំការប្រកួតមានច្រើនខ្លះពូកែខាងអាជ្ញាកណ្ដាល ខ្លះជាចៅក្រម ខ្លះជាអ្នកត្រួតពិនិត្យពីពេលវេលា (នាឡិកា) ខ្លះត្រួតពិនិត្យមើលផ្លូវត្រូវហែលត្រឡប់ក្រោយវិញ គឺអ្នកណាចាប់បានលើជំនាញណាឲ្យគេកាន់ជំនាញនោះ។

លោក Ang Peng Wee ( ពាក់អាវក្រហម )

បើតាមការអះអាងពី លោក ហែម គិរី អគ្គលេខាធិការសហព័ន្ធខ្មែរកីឡាហែលទឹកថា វគ្គនេះនឹងសិក្សាលម្អិតទៅលើទ្រឹស្ដីវិធីសាស្រ្តរៀបចំការប្រកួត ច្បាប់នៃការប្រកួតរយៈពេល៣ថ្ងៃ គឺមានតែមួយថ្ងៃប៉ុណ្ណោះដែលធ្វើការអនុវត្តន៍ពីនីតិវិធីនានាទាក់ទងទៅនឹងការប្រកួត។

លោក ហែម គីរី បានសំណូមពរឲ្យសិក្ខាកាមទាំងអស់មកសិក្សាឲ្យបានយ៉ាងហោចណាស់៧០ភាគរយនៃពេលវេលាសិក្សារយៈពេល៤ថ្ងៃនេះ។ លោកព្រមានថាមិនគួរសុំច្បាប់ដោយសាររឿងរវល់នោះទេព្រោះនេះជាពេលសិក្សាដ៏កម្រមួយ

លោក ហែម គិរី អគ្គលេខាធិការសហព័ន្ធខ្មែរកីឡាហែលទឹក

កម្ពុជា នឹងធ្វើជាម្ចាស់ផ្ទះការប្រកួតកីឡាហែលទឹកជ្រើសរើសជើងឯកយុវជនអាស៊ីអាគ្នេយ៍ លើកទី៤៣ ឆ្នាំ២០១៩ ដែលប្រព្រឹត្តទៅចាប់ពីថ្ងៃទី២៨ ដល់ថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០១៩ នៅពហុកីឡដ្ឋានជាតិ មរតកតេជោ។

នៅក្នុងព្រឹត្តិការណ៍នេះមានវិញ្ញាសាច្រើននឹងរៀបចំជា៣ប្រភេទអាយុ គឺអាយុក្រោម១៣ឆ្នាំ កុមារា-កុមារី, អាយុក្រោម១៥ឆ្នាំ កុមារា-កុមារី និងអាយុក្រោម១៨ឆ្នាំ កុមារា-កុមារី៕

 

រូបភាព៖ សហព័ន្ធខ្មែរកីឡាហែលទឹក Khmer Swimming Federation

អត្ថបទ៖ វ៉ាន្នី

មតិយោបល់