អ្នកប្រយុទ្ធ MMA កម្ពុជា ៣រូបត្រៀមចេញទៅប្រកួតកម្មវិធី ONE Championship

មាស សុផាណារ៉ុង April 27, 2019


 

ភ្នំពេញ៖ កីឡាប្រយុទ្ធគុនចម្រុះកម្ពុជា ចំនួន៣រូប នឹងចេញទៅប្រកួតលើសង្វៀន ONE Championship នៅដើមខែក្រោយនេះ ដែលក្នុងនោះ ២រូបប្រកួតនៅប្រទេសឥណ្ឌូនេស៊ី និងមួយរូបប្រកួតនៅប្រទេសថៃ។

យុទ្ធគុនចម្រុះ ឬ MMA ( Mixed Martial Art ) ជាប្រភេទកីឡាប្រយុទ្ធដែលកំពុងតែពេញនិយមនៅក្នុងពិភពលោក និងជាប្រភេទកីឡាដែលមានបង្កប់នៅក្បាច់ប្រដាល់គុនខ្មែរនៅក្នុងនោះផងដែរ។ អ្នកប្រយុទ្ធកម្ពុជា ទាំង៣រូបនោះមាន កីឡាករ២រូបគឺ ចាន់ រតនា និងកីឡាករ សុខ ធី ឯកីឡាការិនី គឺកីឡាការិនី នូវ ស្រីពៅ។

ថ្លែងក្នុងសន្និសីតកាសែត នាវេលាថ្ងៃត្រង់ថ្ងៃទី២៧ ខែមេសា ឯកឧត្តម វ៉ាត់ ចំរើន ដែលជាប្រមុខកីឡាសហព័ន្ធកីឡាគុនចម្រុះកម្ពុជា និងជាអគ្គលេខាធិការគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា មានប្រសាសន៍ថា កីឡាប្រយុទ្ធមួយនេះទាមទារជំនាញច្បាស់លាស់ណាស់។ កីឡាករ-កីឡាការិនី ត្រូវតែចេះក្បាច់ប្រដាល់គុនខ្មែរ ក្បាច់បោកកាច់ តែកីឡាប្រភេទនេះមិនប្រកាន់ថា តើត្រូវតែចេះក្បាច់គុនអ្វីនោះទេ គឺទាមទារទៅលើការសម្រេចចិត្តរបស់បុគ្គលដែលជាអ្នកប្រយុទ្ធ។ ចេះ ការាតេ ឬហាប់គីដូ ប្រដាល់… សុទ្ធតែអាចចូលរួមប្រកួតបានទាំងអស់។

កីឡាករ សុខ ធី ដែលត្រូវប្រកួតថ្ងៃទី១០ ខែឧសភា នៅប្រទេសថៃ នោះបានអះអាងថាលើកនេះជួបជាមួយជើងឯកប្រចាំប្រទេសថៃ គេពិតជាខ្លាំងតែ សុខ ធី អះអាងថាទោះបីចាញ់ ឬឈ្នះ គេត្រូវតែវ៉ៃឲ្យអស់ពីសមត្ថភាព។ រីឯ កីឡាការិនី នូវ ស្រីពៅ វិញក៏បានអះអាងដែរថាគូប្រកួតរបស់គេលើកនេះល្អទាំងក្បាច់កាច់ ស្នៀតបោក និងការវ៉ៃដោយប្រយោល។ កីឡាករ ចាន់ រតនា ដែលជាអ្នកប្រយុទ្ធលើសង្វើន MMA ដ៏ចាស់វស្សានោះ ប៉ះដៃគូប្រកួតដែលទំនងជាមិនខ្សោយនោះទេ។

សូមបញ្ជាក់ថា កីឡាករ ចាន់ រតនា និងកីឡាការិនី នូវ ស្រីពៅ ប្រកួតនៅប្រទេសឥណ្ឌូនេស៊ី នាថ្ងៃទី៣ ខែឧសភា។ លោក ហ៊ុន ចាន់រាជ ដែលជាអគ្គលេខាធិការសហព័ន្ធបានបញ្ជាក់ដែរថា រាល់គ្រោះថ្នាក់ដែលកើតមាននៅក្នុងពេលប្រកួតគឺអ្នករៀបចំកម្មវិធីគេរ៉ាប់រងទាំងអស់។

សម្រាប់ឯកឧត្តម វ៉ាត់ ចំរើន វិញបានអះអាងថា កីឡាករ-កីឡាការិនី ល្អៗរបស់កម្ពុជាសុទ្ធតែមានប័ណ្ណរបបសន្តិសុខសង្គម ហេតុនេះប្រសិនជាមានបញ្ហាគេអាចប្រើប័ណ្ណនេះដើម្បីចូលមន្ទីរពេទ្យព្យាបាលបាន។ លោកក៏អះអាងដែរ ថាលោកនឹងរៀបចំឲ្យមានការប្រកួតជើងឯកថ្នាក់ជាតិនៃកីឡាយុទ្ធគុនចម្រុះនេះ៕

 

រូបភាព៖ National Olympic Committee Of Cambodia

អត្ថបទ៖ វ៉ាន្នី

មតិយោបល់