កីឡាករប៉េតង់កម្ពុជា ៤រូប ចេញទៅប្រកួតជើងឯកពិភពលោក នៅអេស្ប៉ាញ

មាស សុផាណារ៉ុង April 29, 2019


 

ភ្នំពេញ៖ សហព័ន្ធកីឡាប៉េតង់ និងប៊ូលកម្ពុជា នឹងបញ្ជូនកីឡាករ-កីឡាការិនី ប៉េតង់ក្រុមជម្រើសជាតិ៤នាក់ នឹងចេញទៅចូលរួមព្រឹត្តិការណ៍ការប្រកួតជើងឯកពិភពលោក ឆ្នាំ២០១៩ ដែលនឹងប្រព្រឹត្តទៅនៅប្រទេសអេស្ប៉ាញ ចុងខែមេសានេះ។

លោក អ៊ឹម ផាត ជាគ្រូបង្វឹកបុរសបានប្រាប់ឲ្យដឹងថា សហព័ន្ធកីឡាប៉េតង់ និងប៊ូលកម្ពុជា ត្រៀមបញ្ចូនអត្តពលិក៤នាក់ ក្នុងនោះ៣នាក់ ជាម្ចាស់មេដាយមាសពិភពលោក រួមទាំងកីឡាករជើងខ្លាំងមួយរូបទៀត ចូលរួមព្រឹត្តិការណ៍ការប្រកួតកីឡាប៉េតង់ពិភពលោក នៅប្រទេសអេស្ប៉ាញ នៅចុងខែមេសា ឆ្នាំ២០១៩នេះ។

កីឡាការិនីម្ចាស់មេដាយពិភពលោក ៣សម័យកាល គឺកីឡាការិនី កែ ឡេង កីឡាការិនីម្ចាស់មេដាយពិភពលោក ១សម័យកាល កីឡាការិនី អ៊ុក ស្រីមុំ ខណៈកីឡាករម្ចាស់មេដាយពិភពលោក ១សម័យកាល កីឡាករ សុខ ច័ន្ទមាន និងកីឡាករ សៅ សុភារ៉ាន់ ត្រៀមខ្លួនរួចហើយដើម្បីចូលរួមប្រកួតក្នុងព្រឹត្តិការណ៍ដ៏ធំនេះ។

ការប្រកួតឆ្នាំនេះមាន៥វិញ្ញាសា គឺវិញ្ញាសាវាយ២ទល់២បុរស, វិញ្ញាសាវាយ២ទល់២នារី, វិញ្ញាសាវាយ១ទល់១បុរស, វិញ្ញាសាវាយ១ទល់១នារី និងវិញ្ញាសាវាយចម្រុះ២ទល់២បុរសនារី។ ការប្រកួតនឹងប្រព្រឹត្តទៅចាប់ថ្ងៃទី៣០ ខែមេសារហូតដល់ថ្ងៃទី៦ ខែឧសភា ឆ្នាំ២០១៩៕

 

អត្ថបទ៖ វ៉ាន្នី

មតិយោបល់