វគ្គ «រដ្ឋបាលកីឡា» នៅខេត្តស្វាយរៀង មានតែ២រូបប៉ុណ្ណោះទទួលបាននិទ្ទេសល្អ

មាស សុផាណារ៉ុង April 26, 2019


 

ភ្នំពេញ៖ វគ្គ «រដ្ឋបាលកីឡា» សម្រាប់មន្ត្រី និងគ្រូអប់រំកាយ និងកីឡា នៅខេត្តស្វាយរៀង ដែលបើកឡើងនៅខេត្តស្វាយរៀង ពីថ្ងៃទី២២ មកនោះបានបញ្ចប់ហើយនៅល្ងាច ថ្ងៃទី២៥ ខែមេសា។

ឯកឧត្តម វ៉ាត់ ចំរើន អគ្គលេខាធិការគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា បានអញ្ជើញចូលរួមក្នុងពិធីបិទវគ្គនេះ។ វគ្គនេះឧបត្ថម្ភពីអង្គការសាមគ្គីអូឡាំពិកអន្តរជាតិ។ សិក្ខាកាមដែលចូលរួមចំនួន២៥រូប នោះមាន៣រូបជាស្រ្តី ដែលមកពីការិយាល័យអប់រំកាយ និងកីឡា មន្ត្រី និងគ្រូអប់រំកាយ និងកីឡាវិទ្យាល័យខេត្តស្វាយរៀង មន្ត្រីការិយាល័យអប់រំកាយ និងកីឡាក្រុងស្វាយរៀង ស្រុកស្វាយទាប ស្រុកស្វាយជ្រំ ស្រុករំដួល និងស្រុករមាសហែក។

អ្វីដែលគួរឲ្យកត់សំគាល់នោះគឺក្នុងចំណោមសិក្ខាកាម ចំនួន២៥រូប មានតែ២រូបប៉ុណ្ណោះដែលស្មើនឹង ៨ភាគរយ បានទទួលនិទ្ទេសល្អ ៩រូប ស្មើនឹង៩ភាគរយ ទទួលបាននិទ្ទេសល្អបង្គួរ និង១៤រូបស្មើនឹង៥៦ភាគរយ បានទទួលនិទ្ទេសមធ្យម។

វាគ្មិនសម្រាប់វគ្គនេះមានលោកវេជ្ជបណ្ឌិត ស្ដើង ជា ប្រធានអនុគណៈកម្មការវេជ្ជសាស្រ្តអមគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា ដោយលោកធ្វើបទបង្ហាញពីការប្រឆាំងដូប៉ា ឬដូពីង (សារធាតុលើកកម្លាំងដែលត្រូវហាមមិនឲ្យ ប្រើនៅក្នុងកីឡា )។ ភេសជ្ជៈសម្រាប់កីឡាករ-កីឡាការិនី ការបញ្ជាក់ភេទនៅក្នុងកីឡា វិធីការពាររបួសនៅក្នុងកីឡា និងការសង្គ្រោះបន្ទាន់។

លោក បឹង គឹមតោ អនុប្រធាននាយកដ្ឋានអប់រំកាយ និងកីឡា ធ្វើបទបង្ហាញពីរបៀបធ្វើការងារជាមួយអ្នកស្ម័គ្រចិត្ត វិធីក្នុងការរៀបចំអង្គប្រជុំ ការទំនាក់ទំនង និងបង្ហាពីការងារស្ត្រី និងកីឡា។ ឯកឧត្តម វ៉ាត់ ចំរើន អគ្គលេខាធិការគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា ធ្វើបទបង្ហាញពីប្រវត្តិចលនាអូឡាំពិក និងរចនាសម្ព័ន្ធ។

អង្គការសាមគ្គីអូឡាំពិក ការលេងដោយយុត្តិធម៌ ផែនការកម្មវិធីហ្វឹកហាត់កីឡា ផែនការចេញដំណើររបស់ប្រតិភូក្នុងការចេញទៅប្រកួតនៅក្រៅប្រទេស និង ភាពជាអ្នកដឹកនាំ៕

 

រូបភាព៖ National Olympic Committee Of Cambodia

អត្ថបទ៖ វ៉ាន្នី

មតិយោបល់