ឧត្តមសេនីយ៍ប្រទេសកាតា បន្តកាន់តំណែងជាប្រធានសហព័ន្ធអត្តពលកម្មទ្វីបអាស៊ី

មាស សុផាណារ៉ុង April 23, 2019


 

ភ្នំពេញ៖ ប្រមុខសហព័ន្ធខ្មែរកីឡាអត្តពលកម្មកម្ពុជាស្ម័គ្រចិត្ត ឯកឧត្តម អ៊ុក សិទ្ធិជាតិ ដែលជាអគ្គនាយកកីឡា ផងនោះបានត្រឡប់មកពីទីក្រុងដូហា ប្រទេសកាតា ដែលជាកន្លែងរៀបចំមហាសន្និបាតជ្រើសរើសប្រមុខសហព័ន្ធអត្តពលកម្មទ្វីបអាស៊ី។

ជាមួយនឹងការត្រឡប់មកវិញនេះលោកបានឲ្យដឹងថាមហាសន្និបាតនេះមានតំណាងសហព័ន្ធចំនួន៤៥ មកពីទ្វីបអាស៊ី ចូលរួមដែលក្នុងនោះមានទាំងកម្ពុជាផង។ លោកឧត្តមសេនីយ៍ Dahlan Al-Hamad នៃប្រទេសកាតា បានជាប់ឆ្នោតជាប្រធានសមាគមអត្តពលកម្មទ្វីបអាស៊ី ( ASIAN Athletics Association ) នៅក្នុងមហាសន្និបាតលើកទី២៣ នេះសម្រាប់អាណត្តិ ពីឆ្នាំ២០១៩ ដល់ឆ្នាំ២០២៣ ជាបន្តទៀត។

បណ្ដាប្រទេសជាសមាជិកទាំង៤៥ ដែលចូលរួមបានគាំទ្រជាឯកច្ឆន្ទក្នុងការគាំទ្រដល់លោកឧត្តមសេនីយ៍ Dahlan Al-Hamad ជាប្រធានបន្តសម្រាប់អាណត្តិថ្មី។

ក្រោយទទួលបានការបោះឆ្នោតជាប់ជាប្រធានជាថ្មី លោក Dahlan Al-Hamad បាននិយាយថា៖ «ជ័យជំនះមិនមែនជារបស់ខ្ញុំតែម្នាក់ទេ នេះជារបស់ទ្វីបអាស៊ីទាំងមូល ក្នុងការជ្រើសរើសអ្វីដែលល្អបំផុតសម្រាប់អត្តពលិកអាស៊ីនាពេលអនាគត។»

លោកបានបន្ថែមថា ថ្នាក់ដឹកនាំរបស់កាតាតែងតែបង្រៀនមនុស្សឱ្យចេះអត់ធ្មត់។ នៅក្នុងស្មារតីនេះលោកបាននិយាយថា ចង់អោយមនុស្សគ្រប់គ្នាចូលរួមក្នុងការអភិវឌ្ឍកីឡាដោយមិនគិតពីអ្វីដែលបានកើតឡើងមុនការបោះឆ្នោតនោះទេ៕

 

រូបភាព៖ ផ្ដល់ឲ្យ

អត្ថបទ៖ វ៉ាន្នី

មតិយោបល់